បើទោះជាយុវវ័យមួយចំនួនរំលឹកទៅដល់ទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់តារាភាពយន្តល្បីឈ្មោះនាង អម្ពរ ទេវី និងសុខ ស្រីមុំ ដោយចង់ឱ្យពួកនាងចូលស្រុកទេសវិញ លើកស្ទួយវិស័យភាពយន្តក៏ដោយ ក៏អ្នកតាមដានលើវិស័យសិល្បៈនិយាយថា ពួកនាងមិនអាចយកជីវិតមកប្រើប្រាស់លើអាជីពសិល្បៈនេះនៅក្នុងប្រទេសកម្ពុជាបានទៀតទេ ដោយសារកត្តាជាច្រើន…។
ថ្មីៗនេះយុវវ័យដែលប្រើប្រាស់បណ្តាញ Facebook ជាច្រើន បាននាំគ្នានិយាយពីអតីតតារាសម្តែងល្បីឈ្មោះនាង អម្ពរ ទេវី និងនាងសុខ ស្រីមុំ អំពីភាពក្រមិចក្រមើម, ការប្រើទឹកមុខ, ទឹកភ្នែក, ភាពឆ្នាសឆ្នើម និងមនោសញ្ចេតនាថា ពួកនាងប៉ិនប្រសប់ ។ ដោយសារតែតារាសម្តែងទាំង២នាក់នេះ ល្បីឈ្មោះខ្លាំងក្នុងប្រទេសកំណើតរបស់ខ្លួន កាលពីចុងទសវត្សឆ្នាំ៨០ និងដើមទសវត្សឆ្នាំ៩០កន្លងមកនោះ ទើបពួកយុវវ័យនឹកប្រដូចមកសម័យបច្ចុប្បន្នថា យ៉ាងណាក៏អតីតតារា២ដួងនេះប៉ិនប្រសប់គួរបំភ្លេចមិនបាន។ ខណៈនេះយុវវ័យមួយចំនួននៅតែចង់ឱ្យតារាទាំង២ដួងវិលមកមាតុភូមិវិញ ដើម្បីចូលរួមសម្តែងជាមួយតារារួមជំនាន់របស់ពួកគាត់ និងអាចប្រើប្រាស់លទ្ធភាពលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ។
ទស្សនិកជនមួយចំនួននិយាយថា កត្តាដែលនាំឱ្យតារាល្បីល្បាញ កាលពីចុងទសវត្សឆ្នាំ៨០ ទាំង២នាក់ គឺនាង អម្ពរ ទេវី និងសុខ ស្រីមុំ មិនអាចមកសម្តែង ឬប្រើប្រាស់អាជីពសិល្បៈនៅកម្ពុជាវិញបាននោះ គឺពឹងផ្អែកទៅលើស្ថានភាពជីវភាពនៅសហរដ្ឋអាមេរិក ពួកគាត់ធូរធារជាងនៅទីនេះ (កម្ពុជា), ការរស់នៅសុខស្រួល, ច្បាប់ទម្លាប់, ការគោរព, បរិស្ថាន, ការផ្តល់តម្លៃ, កម្រិតនៃការផលិតភាពយន្ត, សន្តិសុខ… ទាំងនេះសុទ្ធសឹងតែធ្វើឱ្យពួកនាងពិបាកសម្រេច។
សូមបញ្ជាក់ថា បច្ចុប្បន្ននាង អម្ពរ ទេវី កំពុងរស់នៅប្រកបដោយសុភមង្គលក្នុងទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិកជាមួយកូនប្រុសច្បងអាយុ១៥ឆ្នាំ រីឯកូនស្រីប្អូនអាយុ៧ឆ្នាំ និងលោកពេជ្រ ភារុណ ដែលជាស្វាមីរបស់នាងក៏រស់នៅយ៉ាងសុខសាន្តផងដែរ ក្នុងប្រទេសកម្ពុជា ហើយជាញឹកញាប់តែងនិយាយទូរស័ព្ទទាក់ទងគ្នា។
ចំណែកនាង សុខ ស្រីមុំ បានទៅកាន់សហរដ្ឋអាមេរិកអំឡុងឆ្នាំ១៩៩៥ ពេលនេះមានស្វាមីជាជនបរទេសអាជីពជាផលិតករភាពយន្ត បន្ទាប់ពីអ្នកនាងបានលែងលះជាមួយស្វាមីមុនឈ្មោះខៃ ចាន់តារា ជាតារាសម្តែងសម័យនោះផងដែរ ដោយបន្សល់ទុកកូនប្រុសម្នាក់វ័យប្រមាណ២០ឆ្នាំ ៕
ចែករំលែកព័តមាននេះ