សិស្ស-និស្សិតនាពេលបច្ចុប្បន្ន ហាក់សម្តែងក្តីកង្វល់មួយចំនួនទាក់ទងទីផ្សារការងារ បន្ទាប់ពីកម្ពុជានឹងធ្វើសមាហរណកម្មអាស៊ាន (សហគមន៍អាស៊ាន) នៅឆ្នាំ២០១៥ ដ៏ខ្លីខាងមុខ ដែលវានឹងនាំឱ្យយុវជនអាស៊ាន (បណ្តាប្រទេសផ្សេងៗ) ព្រមទាំងអ្នកជំនាញទាំងឡាយនៃអាស៊ាននឹងចូលមកស្វែងរកការងារធ្វើក្នុងប្រទេសកម្ពុជា ហាក់បីដូចជាពលរដ្ឋកម្ពុជាជួបនឹងដៃគូប្រជែងជាច្រើនក្នុងទីផ្សារការងារ អ្នកណាខ្សោយនឹងបាត់បង់តំណែង។
ដូច្នេះហើយទើបគេសង្កេតឃើញថា ពេលខ្លះក្រៅពីការសិក្សានៅសាលា សិស្ស និស្សិតរបស់យើងបាននាំមិត្តភក្តិមកពិភាក្សាមេរៀននៅតាមទីកន្លែងមួយចំនួនដែលមានបរិយាកាសល្អ ដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅលើខ្លឹមសារមេរៀន ដើម្បីបំបាត់ការព្រួយបារម្ភចំពោះមុខជំនាញ សមត្ថភាពអំឡុងពេលសិក្សា និងក្រោយរៀនចប់ថា តើអាចមានឱកាសចាប់យកការងារល្អមួយបានទេ នៅពេលប្រទេសកម្ពុជា ធ្វើសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ?
យុវជនណែម សំអូន ជានិស្សិតឆ្នាំ៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ) ដែលបានជួបជុំក្រុមនិស្សិតជាច្រើនបានសំណូមពរដល់និស្សិតខ្មែរទាំងអស់គ្រប់សាកលវិទ្យាល័យនៅកម្ពុជាដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាហើយ សូមមេត្តាខិតខំពង្រឹងសមត្ថភាពចំណេះ ជំនាញទាំងភាសាបរទេសឱ្យបានល្អ និងត្រូវចេះស្រាវជ្រាវបន្ថែម ឬចូលសិក្ខាសាលាផ្សេងៗ ដើម្បីស្វែងរកការងារនៅក្នុងស្រុក និងក្រៅស្រុក។
ជាពិសេសនៅពេលប្រទេសយើងធ្វើសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ជាពេលវេលាមួយឆ្លុះបញ្ចាំងពីសមត្ថភាព និងធនធានមនុស្សរបស់កម្ពុជាផងដែរ តើអាចដណ្តើមទីផ្សារការងារជាមួយប្រទេសជិតខាងបានកម្រិតណា។ ជាចុងក្រោយពួកនិស្សិតសូមសំណូមពរដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយរៀបចំយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាអាចចាប់យកទីផ្សារការងារកាន់តែទូលំទូលាយនៅក្រោយឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ