បើរំលឹកឡើងវិញពីអតីតកាល ការហក់ទឹកលេងតាមដងផ្លូវ ហែលលេងតាមត្រពាំងបឹងបួ ជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាន ។ ទោះជាអ្នកមានវ័យចាស់ជាងមុន ហើយរវល់យ៉ាងណាក្តី ការចងចាំមួយនេះ ពិតជាជំរុញឱ្យអ្នកផ្ទុះសំណើចទាំងមិនដឹងខ្លួន ប្រសិនអ្នកឃើញកូនក្មេងហក់ទឹកលេងនៅកន្លែងណាមួយ ដូចជាការសម្លឹងឃើញគេលេងទឹកនៅមណ្ឌលកំសាន្តវ៉តធើរផាកជាដើម ។
មាស ច័ន្ទដារា ជានិស្សិតឆ្នាំទី៣នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា ពេលទំនេរ ខ្ញុំ និងមិត្តភក្តិនាំគ្នាទៅហក់ទឹកលេងនៅវ៉តធើរផាក ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ។ កន្លែងលេងទឹកនៅទីនោះអាចជួយឱ្យពួកយើងភ្លេចអស់រឿងខ្វល់ខ្វាយ នឿយហត់ទាំងឡាយ ហើយមានកម្លាំងចិត្ត អារម្មណ៍ស្រស់ស្រាយ រីករាយ ។ ច័ន្ទដារា បានបន្ថែមថា លោតទឹកលេងបែបនេះហាក់ធ្វើឱ្យគេនឹកឃើញដល់អនុស្សាវរីយ៍ពីកុមារភាព… នៅមណ្ឌលកំសាន្តវ៉តធើរផាកមានគេលក់អាហារក្នុងតម្លៃសមរម្យជាច្រើនមុខ តែអ្វីដែលពិសេសគឺបរិយាកាស ទិដ្ឋភាពស្រស់ស្អាតរបស់ទឹក ពណ៌ខៀវថ្លា ដែលកំពុងវិលកួចបាញ់ចេញចំហាយត្រជាក់ មើលទៅស្រស់ស្រាយគួរឱ្យចង់អង្គុយ និងហក់លេងកំសាន្ត ។
ច័ន្ទដារា និយាយទៀតថា ការមកកំសាន្តលំហែកាយ ហែលទឹកលេង មិនត្រឹមតែភ្លេចភាពខ្វល់ខ្វាយ នឿយហត់ប៉ុណ្ណោះទេ វាថែមទាំងនាំឱ្យមានកម្លាំង អារម្មណ៍ស្រស់ស្រាយ សុខភាពល្អទៀតផង ពីព្រោះការហក់ទឹក ការហែលទឹក ជាលំហាត់ប្រាណបែបកីឡាផងដែរ ៕
ចែករំលែកព័តមាននេះ