បច្ចុប្បន្នគូស្រករជាច្រើនហាក់ពុំទាន់ចង់បានកូនភ្លាមៗ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍២ ឬ៣ឆ្នាំ ព្រោះពួកគេយកពេលវេលានេះរកសីុដើម្បីសន្សំប្រាក់សិន ប៉ុន្តែដល់ពេលពួកគាត់ចង់បានកូន បែរជាមិនមានកូនដូចអ្វីដែលគិតទុកទៅវិញ… តើសុភមង្គលរបស់គ្រួសារមួយទៅជាយ៉ាងណាបើគ្មានកូនបន្តពូជពង្សខ្លួននោះ?
លោកតាសែស អាយុ៧៨ឆ្នាំ ជាអនុប្រធានក្នុងការរៀបចំពិធីបែបន់ ឬសុំកូននៅក្នុងព្រះវិហារវត្តភ្នំខ្លែងស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានប្រាប់មហាគ្រួសារថា នៅវត្តភ្នំខ្លែងមានបារមីស័ក្តិសិទ្ធិ អ្នកដែលគ្មានកូន ហើយចង់បានកូនអាចមកវត្តភ្នំខ្លែងបានដើម្បីសុំកូន ។ លោកតាបន្តថា នៅពេលសុំបានកូនហើយនៅក្នុងរយៈពេល៣ខែត្រូវយកផ្លែឈើ៧មុខមកថ្វាយព្រះដើម្បីលាមាត់លាពាក្យ និងសុំសេចក្តីសុខ លុះដល់ប្រសូតកូនបាន៣ខែរឹងដៃរឹងជើងយើងត្រូវយកបច្ច័យមកថ្វាយព្រះម្តងទៀតដើម្បីសុំសេចក្តីសុខ ហើយក្នុងការរៀបចំនោះមិនមានការដាក់បង្គាប់អ្វីឡើយ គឺធ្វើឡើងទៅតាមទឹកចិត្ត ទឹកព្រះទ័យរបស់អ្នកទាំងឡាយ។
អ្នកស្រីខាត់ ហ៊ង់ រស់នៅភូមិពោធិ៍ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានប្រាប់មហាគ្រួសារថា កាលពីមុនគាត់ធ្លាប់បានទៅសុំកូនទៅវត្តភ្នំខ្លែងម្តង ព្រោះគាត់រៀបការច្រើនឆ្នាំហើយ តែគ្មានកូនមានអារម្មណ៍ថា ខ្លាចគ្មានអ្នកស្នងត្រកូល ឬក្រុមគ្រួសារ។ នៅពេលទៅសុំកូននៅវត្តភ្នំខ្លែងបានរយៈពេល៣ខែនាយប់មួយក៏បានយល់សប្តិថា ទៅស្ទូងស្រូវនៅជិតមាត់បឹងស្រាប់តែឃើញសត្វក្រពើមួយក្បាលហែលមកជិត រួចនិយាយថា អ្នកឯងចង់បានកូន? គាត់លាន់មាត់ថាចុម!… ក្រពើចេះនិយាយ គាត់និយាយតបថា គាត់មិនយកទេកូនក្រពើ ពេលនោះសត្វក្រពើនិយាយថា យកទៅៗ លុះចាប់ពីពេលនោះមកគាត់ដឹងខ្លួនឯងថា គាត់មានកូនហើយ។
តែអកុសលកូនកើតមកមិនបានប៉ុន្មានខែផងក៏ស្លាប់ទៅវិញដោយសារជំងឺស្កន់ ។ តែបច្ចុប្បន្នគាត់បានសុំកូនគេនៅភូមិឆ្ងាយមួយមកចិញ្ចឹមតាំងពីតូចមួយ តែមិនហ៊ាននិយាយនៅមុខវាថា កូននេះជាកូនដែលម៉ែសុំពីគេមកចិញ្ចឹមទេ ខ្លាចកូនខូចចិត្ត៕
ចែករំលែកព័តមាននេះ