ក្នុងឱកាសបើកមហោស្រពបេតិកភណ្ឌពិភពភាពយន្តអន្តរជាតិកាលពីដើមខែមិថុនា ២០១៣ ជាការបើកទ្វារមើលពិភពលោក និងគិតថា យុវជនខ្មែរពិតជាទទួលបាននូវអត្ថប្រយោជន៍ច្រើនពីព្រឹត្តិការណ៍នេះ និងជាកត្តាបង្ហាញពីថាមពល និងគំនិតច្នៃប្រឌិតរបស់ខ្លួនពាក់ព័ន្ធនឹងការថែរក្សា-បង្កើតឧស្សាហកម្មភាពយន្ត បេតិកភណ្ឌ និងសិល្បៈ ពិសេសចូលរួមថែរក្សាយ៉ាងល្អនូវភាពយន្តរបស់ព្រះមហាវីរក្សត្រយើង ។
នេះជាការលើកឡើងរបស់អ្នកស្រី ឌី សាវ៉េត តារាភាពយន្តជើងចាស់តាំងពីជំនាន់សង្គមរាស្ត្រនិយមរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ហើយបន្ថែមលើនេះទៀត តារាជើងចាស់វ័យ៦៩ឆ្នាំរូបនេះ បានឱ្យដឹងថា ការចាក់បញ្ចាំងភាពយន្តល្បីៗរបស់ប្រទេសនីមួយៗ គឺជាការឆ្លុះបញ្ចាំងនូវវប្បធម៌ចែករំលែកគ្នា ដើម្បីផ្លាស់ប្តូរ រៀនពីគ្នាទៅវិញទៅមក ។ អ្នកស្រីមានប្រសាសន៍ទៀតថា សម្រាប់អ្នកស្រីផ្ទាល់យល់ថា យុវជនជំនាន់ថ្មីប្រកបដោយបច្ចេកវិទ្យាទំនើបនេះ គួរតែចំណាយពេលមកស្វែងយល់ភាពយន្តខ្មែរយើងក៏ដូចជា បរទេសឱ្យកាន់តែខ្លាំង ដើម្បីវាស់ស្ទង់មើលថា តើរវាងយើង និងបរទេសមានលក្ខណៈខុសគ្នាបែបណា ប្រហែលគ្នាបែបណា ។
បវរកញ្ញាជាប់លេខ១ ឆ្នាំ១៩៥៩ និងតួឯកលើកដំបូងក្នុងរឿង «ក្បូនជីវិត» និងដើរតួជាបន្តបន្ទាប់មាន «រលកជីវិត», «ត្រើយជីវិត», «ជីវិតខ្ញុំ», «កុំភ្លេចគុណម្តាយ កុំណាយប្រពន្ធស្មោះត្រង់», «ហួសហើយជាតិនេះ», «កុលាបប៉ៃលិន», «បុប្ផាទល់ដែន», «វាសនាផ្ការំដួល», «អូនជាទេវី»… អ្នកស្រី ឌី សាវ៉េត បានមានប្រសាសន៍ថា ចង់ឱ្យកូនខ្មែរយើងចូលរួមទស្សនាស្នាដៃរបស់សម្តេចតាដែលមាននៅក្នុងកម្មវិធី ដើម្បីឱ្យដឹងថា ជំនាន់មុនគេរស់នៅបែបណាក្នុងពេលដែលយើងឮថាជំនាន់សម្តេចតា គឺល្បីណាស់… ជឿនលឿន និងរស់នៅសុខសប្បាយ បើចង់ដឹងមានភាពទាក់ទាញ គួរតែមកមើលពិតជាដឹងថា សម័យមុនបែបម៉េច ព្រោះការដាក់បញ្ចាំងគេមិនគិតថ្លៃសំបុត្រទេ អាចទស្សនាបានដោយសេរី។
តួឯកល្ខោនបាសាក់ និងយីកេល្បីឈ្មោះក្នុងខ្សែចម្រៀងរឿង «ម៉ាកថឺង» លោកបេ វណ្ណារ៉ា បានថ្លែងថា បើធៀបនឹងជំនាន់មុន ក្មេងៗឥឡូវគេមានស្ទីលសម្តែងម្យ៉ាងម្នាក់ តែបើឱ្យដល់កម្រិតធ្វើឱ្យមហាជនដក់ក្នុងចិត្តថា ជាតួកម្សត់ តួក្រមិចក្រមើម ឆ្នាសកាចអីនោះ មិនទាន់ដល់កម្រិតដូចជំនាន់មុន និងមិនសំបូរដូចជំនាន់លោកសោះ គឺប្អូនៗលេងដូចជាមិនសូវជាទាក់ចិត្តអ្នកមើលបាញ់ចំបេះដូងឡើយ ។
ពិធីការិនីដែលល្បីឈ្មោះមិនចេះស្រកស្រុញពិបាកធ្វើឱ្យគេដណ្តើមតំណែងបានអ្នកនាងយុគ ចិន្តា ដ៏ស្រស់ស្អាតនៅតែក្មេងជាងវ័យបានមានប្រសាសន៍ថា គួរតែយុវជនខ្មែរងាកមកចាប់អារម្មណ៍ពីស្នាដៃភាពយន្តខ្មែរ និងបរទេស ដើម្បីបានយល់ដឹងពីគ្នាទៅវិញទៅមក ។ លើសពីនេះក្នុងនាមជាកូនខ្មែរគួរតែនាំគ្នាមកទស្សនាខ្សែរឿងរបស់សម្តេចតា (ព្រះបរមរតនកោដ្ឋ) ដែលបន្សល់ទុក ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជំនាន់នោះតាំងពីការស្លៀកពាក់ ទេសភាពតាមតំបន់ អ្នកនាងពិតជាធានាថា ជំនាន់នោះមិនខុសពីសម័យនេះឡើយ មើលទៅរស់នៅសុខស្រួលណាស់ ប្រជាជនសប្បាយរហូត ។
តួឯកប្រុសល្បីឈ្មោះក្នុងខ្សែភាពយន្តរឿង «សំឡេងទ្រខ្មែរ» កាលពីទសវត្សឆ្នាំ១៩៩០ លោកហម ឈរ៉ា ក៏បានបង្ហាញទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា ការមកទស្សនាបណ្តាខ្សែរឿងរបស់ប្រទេសនីមួយៗ គឺធ្វើឱ្យយើងយល់ពីរបៀបសម្តែងរបស់តួបរទេស ការផលិត និងដឹកនាំតាមសម័យកាលមុនៗបែបណា និងសម័យបច្ចុប្បន្នបែបណា ។
តារាចម្រៀងលំដាប់ជួរមុខសុខ ពិសី នៅផលិតកម្មសាន់ដេ បានថ្លែងផងដែរថា កន្លងមកនាងធ្លាប់បានទស្សនាខ្សែភាពយន្តរបស់អង្គសម្តេចតាបានមួយចំនួនដែរ តែលើកនេះនាងបានទស្សនានូវរឿងមួយថ្មីទៀតដែលទ្រង់យកមកប្រទានដល់កូនចៅបានទស្សនាពិតជារំភើប ហើយមានភាពកំប្លុកកំប្លែងផងដែរ។ មេ៉្លាះហើយសូមប្អូនយុវជនទាំងអស់នាំគ្នាលើកកម្ពស់វិស័យភាពយន្តជំនាន់មុន និងជំនាន់បច្ចុប្បន្នរបស់ខ្មែរឱ្យខ្លាំងក្លា ក្នុងន័យចូលរួមថែរក្សាឱ្យគង់វង្ស និងលើកកម្ពស់វិស័យភាពយន្តខ្មែរលើឆាកអន្តរជាតិ ៕
ចែករំលែកព័តមាននេះ