ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានដេកស្លាប់នៅលើខឿនព្រះវិហារវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ដោយសារខ្យល់គរ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់បានមកចោមរោមមើល និងមន្ត្រីប៉ូលិសក៏បានព័ទ្ធខ្សែជុំវិញសពបុរសរូបនោះផងដែរ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ មិថុនា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា បុរសខាងលើមានឈ្មោះ ថោង គឹមអៀត អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ប៉ុន្តែបានមកស្នាក់នៅធ្វើជាកម្មករលើកឈើនៅផ្សារឆ្នាំងជាកន្លែងកើតហេតុ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុមួយថ្ងៃ បុរសរូបនេះបានទៅចូលរួមក្នុងពិធីបុណ្យមួយដែលនៅក្នុងភូមិជិតនេះ និងបានផឹកស្រាជាមួយគេមួយយប់ទល់ភ្លឺ។ លុះព្រឹកឡើងបានមករោងឈើវិញ ហើយក៏បានបន្តផឹករហូតដល់ថ្ងៃត្រង់ថ្ងៃទី១៣ ខែមិថុនា ។ ក្រោយមកបុរសរូបនោះបានដើរចូលមកក្នុងវត្តយាយទេព ហើយក៏គ្មាននរណាចាប់អារម្មណ៍អ្វីដែរ ។ រហូតដល់ម៉ោងជាង២រសៀលស្រាប់តែគេប្រទះឃើញជនរងគ្រោះដេកស្លាប់លើខឿនព្រះវិហារក្បែរកាំជណ្តើរឡើងទៅក្នុងព្រះវិហារតែម្តង ។
មន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ប៉ូលិសជំនាញបានចុះទៅធ្វើកោសល្យវិច័យ ដោយលទ្ធផលបានបង្ហាញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គរ ហើយការស្លាប់នេះមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មណាមួយនោះទេ ។ ជនរងគ្រោះអាចស្លាប់ក្នុងចន្លោះម៉ោង១ទៅម៉ោង២រសៀល ព្រោះស្បែកជនរងគ្រោះបានពងរបកដូចរលាកភ្លើង ដោយសារតែហាលថ្ងៃយូរ ។ ក្រោយពីពិនិត្យសពហើយ ប៉ូលិសបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តយាយទេពនេះតែម្តង ៕
ចែករំលែកព័តមាននេះ