រាជធានីភ្នំពេញ៖ មាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូង ត្រូវបានជនជាតិខ្មែរសម័យបុរាណយកមកកែច្នៃជាគ្រឿងអលង្ការសំរាប់ពាក់លំអលើរាងកាយដើម្បីបង្កើនសោភ័ណភាពមួយកំរិតទៀត។ ជាពិសេស នៅសម័យអង្គរដ៏រុងរឿងខ្មែរបានរចនាគ្រឿងអលង្ការជាច្រើនសំបូរបែប ។បើតាមឯកសារ និងគ្រឿងអលង្ការមួយចំនួនដែលដាក់តាំងនៅក្នុងសារមន្ទីរជាតិកម្ពុជាឱ្យដឹងថា សម័យអង្គរដែលជាសម័យមួយមានអារ្យធម៌ មានកេរ្តិ៍ឈ្មោះល្បីល្បាញរុងរឿងនៅអាស៊ីអាគ្នេយ៍នោះ ខ្មែរមានគ្រឿងអលង្ការប្រើប្រាស់លំអលើបដិមាដែលជាទីគោរពបូជា។គ្រឿងអលង្ការទាំងនោះភាគច្រើនធ្វើអំពីមាស ប្រាក់ សំរឹទ្ធិ និងត្បូង។ មាសជានិមិត្តរូបនៃអំណាច ឋានៈយសស័ក្តិ ទ្រព្យធន និងភាពស្មោះត្រង់។ ជាតឹកតាងសង្គមខ្មែរ បុព្វបុរសខ្មែរបានបន្សល់ទុកសិលាចារឹកជាច្រើនកត់ត្រាពីការបរិច្ចាគគ្រឿងអលង្ការសំរាប់យកទៅបំពាក់ថ្វាយបដិមាជាទេពនៅតាមប្រាសាទ ។ តឹកតាងទាំងនេះហើយបង្ហាញថា ខ្មែរបុរាណបានគោរពបូជាយ៉ាងជ្រាលជ្រៅចំពោះបដិមា ។
បើតាមឯកសារនៅសារមន្ទីរជាតិកម្ពុជាបានឱ្យដឹងទៀតថា ដិមាព្រះនារាយណ៍ផ្ទំសិតឡើងនៅអំឡុងឆ្នាំ១០៦០ ក្នុងរាជរបស់ព្រះបាទឧទ័យទិត្យវរ្ម័នទី២។ បដិមានេះមានបំពាក់គ្រឿងអលង្ការមួយឈុតធ្វើអំពីមាស ហើយប្រហែលជាមានដាំត្បូងមានតំលៃជាច្រើនរួមមាន មកុដ ក្បាំង ក្រវិល ខ្សែ.ក កងកន់ (ស្នាប់ដើមដៃ)កងដៃ និងទំនងជាមានពាក់ខ្សែក្រវាត់និងកងជើងបន្ថែមទៀត។ ទោះបីជាបដិមានេះបាក់បែកច្រើនបំណែកក៏គេនៅមើលឃើញស្លាកស្នាមនៃការប្រើប្រាស់គ្រឿងអលង្ការសំរាប់លំអជាច្រើនកន្លែងបន្ថែមទៀត ជាពិសេសនៅលើចិញ្ចើមនិងថ្ងាស ។
តាមរយៈគ្រឿងអលង្ការលំអបដិមាជាទេពរបស់ព្រះរាជានាសតវត្ស១២-១៣ សម័យអង្គរបានបង្ហាញគំរូក្នុងការប្រើប្រាស់សំលៀកបំពាក់និងគ្រឿងអលង្ការលំអកាយពិតរបស់ព្រះរាជា។ភស្តុតាងនេះបញ្ជាក់ពីការគោរពបូជាយ៉ាងជ្រាលជ្រៅរបស់ខ្មែរចំពោះបដិមាជាទេពនាសម័យនោះដូចដែលបង្ហាញតាមរយៈបដិមាព្រះនារាយណ៍មកពីបារាយណ៍ទឹកថ្លាជាដើម។ គ្រឿងអលង្ការដែលដាក់តាំងទាំងអស់ ហើយដែលយើងអាចស្រមៃមើលថាតើបដិមាខ្មែរនៅសម័យនោះល្អវិចិត្រដល់កម្រិតណា? បើរូបនីមួយៗមានលំអដោយគ្រឿងអលង្ការស្អេកស្កះលំនាំជាក្បាច់ផ្កាឈូកដាំរំលេចដោយត្បូងទទឹម ត្បូងកណ្តៀង និងត្បូងពេជ្រទៀតផង ។ គ្រឿងអលង្ការរបស់បុរសមានមកុដ មុក្តាហារ កណ្ឌល (ទំហូឬកាវ)១គូ សង្វារ កងកន់ (ពាហុរត្ន) កងដៃជាដើម។ចំណែកគ្រឿងអលង្ការស្រីមានគម្របព្រះកេសា មុក្តាហារ កងកន់ មាសដាំត្បូង (ពាហុរត្ន) និងសង្វារ ។គ្រឿងអលង្ការសម័យអង្គរ សតវត្សទី១២-១៣ ធ្វើអំពីមាស និងត្បូងនេះបញ្ជាក់ឱ្យឃើញថា នៅសម័យបុរាណ ខ្មែរពិតជាមានអរិយធម៌ជឿនលឿន និងរុងរឿងល្បីល្បាញគ្មានគូប្រៀបនៅអាស៊ីអាគ្នេយ៍យើងនេះ ៕
ចែករំលែកព័តមាននេះ