ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង្វែក​ ទំនងជា​មនុស្ស​តាំងទីលំនៅ​តាំងពី​បុរេប្រវត្តិសាស្ត្រ

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ លង្វែក​មាន​ប្រវត្តិ​នៃ​ការ​តាំងទី​លំនៅ​របស់​មនុស្ស​ចំណាស់​ជាង​ការ​ស្មាន​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​បុរាណវិទ្យា ។

បន្ទាយលង្វែក បើ​តាម​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម កសាង​ឡើង​នៅ​ដើម​សតវត្ស​ទី​១៦ ក្នុង​រាជ្យ​ព្រះបាទ​ចន្ទ​រាជា​(​ព្រះបាទ​អង្គចន្ទ​ទី​១) និង​បាន​ក្លាយជា​រាជធានី​ដ៏​សំខាន់​មួយ​របស់​ខ្មែរ​នៅ​សម័យ​ក្រោយ​អង្គរ ។

ទោះជា​យ៉ាងណា​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវត្ថុវិទ្យា​បាន​បង្ហាញ​ថា តំបន់​លង្វែក​អាច​មាន​ប្រវត្តិ​នៃ​ការ​តាំងទី​លំនៅ​របស់​មនុស្ស​ចំណាស់​ជាង​សម័យ​កសាង​បន្ទាយ​នេះ​ទៅ​ទៀត ពោល​គឺ​អាច​មាន​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​។

តាម​រយៈ​ការ​ស្រាវជ្រាវ​របស់ Assoc. Prof. Martin Polkinghorne ភស្តុ​តាង​បុរាណវត្ថុវិទ្យា ដូច​ជា បំណែក​កុលាលភាជន៍​ពណ៌​ប្រផេះ​ក្រមៅ ដែល​មាន​លំនាំ​តុបតែង​នៅ​ផ្នែក​មាត់​ភាជន៍ និង​ឧបករណ៍​ថ្ម​ដែល​រក​ឃើញ​នៅ​តំបន់​លង្វែក គឺជា​ភស្ដុ​តាង​មួយ​ដ៏​សំខាន់​សម្រាប់​ការ​សិក្សា​អំពី​សកម្មភាព​របស់​មនុស្ស​នៅ​តំបន់​នេះ​ក្នុង​អតីតកាល ។

ភស្តុ​តាង​ទាំងនេះ​បង្ហាញ​ថា តំបន់​លង្វែក​អាច​ជា​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មួយ ដែល​មាន​មនុស្ស​រស់នៅ​តាំងពី​ជាង​២០០០​ឆ្នាំ​មុន មុន​ពេល​តំបន់​នេះ​ក្លាយជា​រាជធានី​ខ្មែរ​នៅ​សតវត្ស​ទី​១៦ ៕