រាជធានីភ្នំពេញ ៖ ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ (សមាគមពុទ្ធសាសនាកម្ពុជា) បានអំពាវនាវដល់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរ ចូលរួមពិធីបោះបាយបិណ្ឌឱ្យបានច្រើនកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលមានប្រវត្តិតាំងពីបុរាណកាលមក ។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook ព្រះអង្គបានលើកឡើងថា ទោះបីជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ប្រទេសជាច្រើននៅតែបន្តរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ ព្រះអង្គបានលើកឧទាហរណ៍ពីបុណ្យ Halloween នៅបណ្តាប្រទេសលោកខាងលិច និងទំនៀមទម្លាប់សែនរបស់ជនជាតិចិន ដែលមានការដុតក្រដាសសែនតាមជំនឿប្រពៃណីរបស់ពួកគេ ។
ព្រះអង្គ សុំ សុខា បានចោទជាសំណួរថា ហេតុអ្វីបានជាបព្វជិត និងគ្រហស្ថមួយចំនួនតូច បញ្ចេញទស្សនៈបែបប្រាជ្ញនិយម ដែលមើលទៅហាក់ដូចជាទើសទាល់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍ខ្លួនឯង ខណៈដែលជាតិសាសន៍ដទៃនៅតែបន្តរក្សាប្រពៃណីរបស់ពួកគេ ?
ព្រះអង្គបានបន្តលើកជាសំណួរថា ប្រសិនបើថ្ងៃណាមួយ ជនបរទេសដែលមានបំណងចង់អះអាងប្រពៃណីនេះ ជាប្រពៃណីរបស់ដូនតាពួកគេ ហើយរៀបចំស្នើទៅអង្គការយូណេស្កូ (UNESCO) ដើម្បីចុះបញ្ជី និងអភិរក្សពិធីបោះបាយបិណ្ឌ ក្នុងនាមជាបេតិកភណ្ឌវប្បធម៌របស់ពួកគេ តើខ្មែរគួរបកស្រាយ និងយល់យ៉ាងដូចម្តេច ?
ព្រះអង្គបានបញ្ជាក់ថា ប្រទេសនីមួយៗសុទ្ធតែមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ហើយប្រពៃណីទាំងនោះអាចបន្តគង់វង្សបាន តាមរយៈការចូលរួម និងការបន្តពីយុវជន និងប្រជាជនជំនាន់ក្រោយ ។
ព្រះអង្គបានអំពាវនាវដល់ពុទ្ធសាសនិកទាំងអស់ ឱ្យរួមគ្នាបន្តថែរក្សាប្រពៃណីបោះបាយបិណ្ឌឱ្យបានគង់វង្ស ដោយចាត់ទុកថា ការចូលរួមនេះជាការបង្ហាញពីសេចក្តីស្រឡាញ់ចំពោះអត្តសញ្ញាណជាតិ និងមរតកវប្បធម៌របស់ដូនតា ។
ព្រះអង្គក៏បានអំពាវនាវឱ្យអ្នកដែលមានជំនឿ និងសទ្ធាចូលរួមធ្វើពិធីតាមប្រពៃណី ខណៈអ្នកដែលមិនមានសទ្ធា គួរគោរពការយល់ឃើញរបស់គ្នាទៅវិញទៅមក និងចៀសវាងការបង្កជម្លោះផ្នែកទស្សនៈ ព្រោះការវិវាទគ្នាមិនបានចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិឡើយ ។
ព្រះអង្គ សុំ សុខា បានបញ្ជាក់ថា ការរក្សាប្រពៃណី និងទំនៀមទម្លាប់ គឺជាការចូលរួមរបស់មនុស្សគ្រប់ជំនាន់ ដើម្បីឱ្យអត្តសញ្ញាណវប្បធម៌ខ្មែរអាចបន្តទៅកាន់កូនចៅជំនាន់ក្រោយ ។
សូមជម្រាបថា អ្នកនាំធ្វើពិធីបោះបាយបិណ្ឌ គឺស្តេចខ្មែរតាំងពីសតវត្សរទី៩ ក្នុងរាជព្រះស្រីយសោវម៌្មទេវ ទី១ (ព្រះបាទយសោវរ្ម័ន ទី១) ។ តាមសិលាចារិកថ្នល់បារាយណ៍ លេខសំគាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្ក្រឹតហៅថា «ស្រាទ្ធ» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ ។
ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចំអែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន ។
តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់គឺ៖ ទី១នាម(ព្រលឹង) ទី២គឺរូប(រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថាដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង ។
ស្តេចខ្មែរ ១អង្គទៀត គឺ ព្រះស្រីជ័យវម៌្មទេវទី៧ (ព្រះបាទជ័យវរ្ម័នទី៧) ក៏បានធ្វើដែរ។ ក្នុងពិធីបោះបាយបិណ្ឌ ទ្រង់ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន Kāraṇḍavyūha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣នៃគ្រិស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គរជាច្រើនបានពលីជីវិត ។
ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្ត្រី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និងស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Kāraṇḍavyūha មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន ។
រឿងរ៉ាវ និងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយគឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន ៕


ចែករំលែកព័តមាននេះ