ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ ត្រៀម​របាំ​ប្រពៃណី​សម្រាប់​កិច្ចប្រជុំ​កំពូល ​ហ្វ្រ​ង់​កូ​ហ្វូ​នី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សិល្បករ សិល្ប​ការិនី នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​សម្រាំង​ទស្សនីយភាព​របាំ​ប្រពៃណី​មួយ​ចំនួន​សម្រាប់​សម្ដែង​ក្នុង​ពិធី​លៀង​សាយភោជន៍ នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ នា​ពេល​ខាង​មុខ ។

បើ​តាម​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព មុន​ពេល​សម្ដែង​ជា​ផ្លូវការ សិល្បករ សិល្ប​ការិនី នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព បាន​សម្ដែង​សាកល្បង​ទស្សនីយភាព​របាំ​ប្រពៃណី​ជា​ច្រើន​ទម្រង់ ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​ផ្តល់​មតិយោបល់ ដើម្បី​កែ​លម្អ​គុណភាព​សិល្បៈ កាលពី​ថ្ងៃ​ទី​១៩ តុលា ។

ការ​សម្ដែង​សាកល្បង​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន និង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិនិត្យ និង​ផ្តល់​មតិយោបល់ ដើម្បី​ឲ្យ​ការ​សម្ដែង​នា​ពេល​ខាង​មុខ​ប្រកបដោយ​គុណភាព សោភ័ណ​ភាព និង​ភាពល្អ​ប្រសើរ ព្រមទាំង​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​សិល្បៈ​របាំ​ប្រពៃណី​ខ្មែរ ជូន​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ។

នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ និង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី នឹង​មាន​ថ្នាក់ដឹកនាំ កំពូល​ៗ​ប្រមាណ​៩០​ប្រទេស​ចូលរួម និង​ឥស្សរជន សំខាន់​ៗ​របស់​កម្ពុជា​ដែល​គ្រោង​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ រួម​មាន ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​, សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ កំពូល​ៗ ។ ក្រៅពី​នេះ​មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រាប់​ពាន់​នាក់ ៕