តើថ្មភក់សម្រាប់សង់ប្រាសាទមានប្រភពនៅទីណា ?
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ថ្មភក់ ឬថ្មខ្សាច់សម័យបុរាណ មានប្រើសម្រាប់ឆ្លាក់រូបនៅអំឡុងសតវត្សទី៦-១៤ ។ ថ្មភក់ជាប្រភេទសិលាកម្ទេចកំណដែលផ្សំពីសមាសធាតុរ៉ែមានក្វាត្សហ្វែលដ៍ស្ប៉ាស៍ និងបំណែកសិលា ។ សណ្ឋានដីនៅស្រុកខ្មែរ ថ្មភក់ច្រើនប្រទះឃើញនៅតាមជួរភ្នំដងរែកភាគខាងជើង និងជួរភ្នំក្រវាញភាគខាងលិច ហើយលាតសន្ធឹងជាស្រទាប់ថ្មភក់ក្រោមផ្ទែដីនៅតាមដងទន្លេមេគង្គខាងជើងខេត្តក្រចេះ ។
បើតាមសារមន្ទីរជាតិ ដូនតាខ្មែរ ប្រើប្រាស់ថ្មភក់បីប្រភេទ សំខាន់ៗ ៖
ថ្មភក់ទ្រីយ៉ាសិក៍(២៥២-២០១លានឆ្នាំមុន) មានពណ៌ បៃតងប្រផេះ និងខៀវ ប្រឿងៗ សាច់តាន់ និងរឹងល្អ ចាស់បុរាណនិយមប្រើសម្រាប់ឆ្លាក់រូបទេពនៅសម័យមុនអង្គរ(ស.វ.ទី ៦-៨) និងបន្តដល់ស.វ.ទី១៤ ។
ថ្មភក់អារ៍កូសិក៍ ពណ៌ប្រផេះ ជាថ្មភក់ស្រទាប់កណ្តាលដែលសម្បូរសារធាតុហ្វែលដ៍ស្ប៉ារ៍ខ្ពស់ (នាអំឡុងពាក់កណ្តាល-ចុងយុគសម័យជើរ៉ាសិក អំឡុង១៧៤-១៤៥លានឆ្នាំមុន) មនុស្សបុរាណនិយមយកទៅសាងសង់ប្រាសាទ ជាពិសេសសម្រាប់សាងបដិមា ធំៗនៅរាជធានីកោះកេរក្នុងសម័យអង្គរ ។
ថ្មភក់ពណ៌ផ្កាឈូកក្រហមជាថ្មភក់ស្រទាប់លើដែលសម្បូរសារធាតុក្វាត្សខ្ពស់ (ដើមយុគសម័យក្រេថេសើស៍ អំឡុង១៤៥-១០០លានឆ្នាំមុន) ថ្មប្រភេទនេះមិនសូវសម្បូរទេ ភាគច្រើនការប្រើប្រាស់ឃើញនៅលើចម្លាក់ និងសំណង់ប្រាសាទបន្ទាយស្រីចុងស.វ.ទី១០ ។
បើតាមឯកសារមួយប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍ ។
ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និងឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ។
ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា «ឥសូរបុរៈ» ប្រែថា«បុរីនៃឥសូរ» ប៉ុនែ្តសម័យ ក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក ៕








ចែករំលែកព័តមាននេះ