កម្ពុជាលែងខ្វះអ្នកជំនាញជួសជុល វត្ថុបុរាណធ្វើពីលោហៈ
- សៀមរាប
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ធ្វើពីលោហៈ និងកុលាលភាជន៍ ។ តាមរយៈការបណ្ដុះបណ្ដាលនេះធ្វើឱ្យកម្ពុជាអាចបំពេញបានការខ្វះខាតអ្នកជំនាញ ផ្នែកនេះពីមុនមក ។
បើតាមអាជ្ញាធរជាតិអប្សរា លោកគាំ សុភារម្យ បុរាណវិទូ និងជាគ្រូបង្គោលបណ្តុះបណ្តាល ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញ ពង្រឹងសមត្ថភាព បានចែករំលែកបច្ចេកទេស និងផ្ដល់ចំណេះដឹងក្នុងការថែរក្សា ការពារ និងសង្គ្រោះវត្ថុបុរាណធ្វើពីលោហៈ(សំរឹទ្ធិ ដែក) និងកុលាលភាជន៍នេះ មានសិក្ខាកាមមកពីអាជ្ញាធរជាតិអប្សរា ៣នាក់ អាជ្ញាធរជាតិសំបូរព្រៃគុក ២នាក់ និងអាជ្ញាធរជាតិព្រះវិហារ ១នាក់ សរុប៦នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែសីហា និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
លោកគីម ដុងមីន ប្រធានគម្រោងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា វគ្គបណ្តុះបណ្តាលលើកនេះមានអត្ថន័យយ៉ាងធំធេងចំពោះកម្ពុជា ដែលបានប្រឹងប្រែងបណ្តុះបណ្តាលជំនាញការអភិរក្សនិងជួសជុលវត្ថុសិល្បៈបុរាណនេះ ។ ជាបន្តកម្ពុជា អាចនឹងមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវជំនាន់ក្រោយ បានដោយខ្លួនឯងផ្ទាល់ ដោយមានការជួយជ្រោមជ្រែងចែករំលែកបច្ចេកទេសពីកូរ៉េ នៅក្នុងមន្ទីរពិសោធន៍ដែលកសាងឡើងដោយមានការគាំទ្រពីកូរ៉េដែរនោះ ។
លោកគីម ដុងមីន យល់ឃើញថា កត្តាសំខាន់បំផុតក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ គឺពឹងផ្អែកលើធនធានមនុស្ស ។ បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ប្រសិនបើគ្មានអ្នកជំនាញដែលចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយអាចផ្ទេរបច្ចេកទេសពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយទេ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ដែលប្រកបដោយចីរភាព គឺជាការពិបាកណាស់ ។
ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវ និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ថ្លែងថា ថ្វីដ្បិតតែរយៈពេល ៣០ឆ្នាំមកនេះ កម្ពុជាបានរៀនជំនាញជួសជុល និងថែទាំប្រាសាទបុរាណពីបណ្ដាប្រទេសជាច្រើន ហើយបច្ចុប្បន្នក្លាយជាអ្នកជំនាញអាចជួសជុលបានដោយខ្លួនឯង ថែមទាំងបានចូលរួមសហការការងារជួសជុលអន្តរជាតិតាមការដ្ឋានក្នុងតំបន់អង្គរក៏ដោយ ក៏ប៉ុន្តែកម្ពុជាក៏នៅតែខ្វះខាតជំនាញអភិរក្ស និងជួសជុលវត្ថុបុរាណធ្វើពីលោហៈធាតុ ដូចនៅក្នុងមន្ទីរពិសោធន៍ដែលកសាងឡើងដោយកូរ៉េនេះនៅឡើយ ។
កម្ពុជាចាប់ផ្ដើមមានជំនាញស្ដីពីការអភិរក្ស និងជួសជុលវត្ថុសិល្បៈ ដែលធ្វើពីលោហៈ និងកុលាលភាជន៍ គឺបន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយបានបង្កើតជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ អភិរក្សវប្បធម៌មួយឡើង ៕






ចែករំលែកព័តមាននេះ