ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​កសិករ​ផលិត​ស្រូវ​បាន​ទិន្នផល​កើន​ជាង​ឆ្នាំ​មុន​គួរ​ឲ្យ​សម្គាល់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ ឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ​ជា​អ្នក​ផលិត​ដំណាំ​ស្រូវ នៅ​ក្នុង​ខេត្តព្រះវិហារ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​រដូវ​ចាប់ផ្តើម​ប្រមូល​ផល​នេះ​តម្លៃ​ទីផ្សារ​គុណភាព និង​បរិមាណ​ទិន្នផល​ស្រូវ​មានការ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន ។…

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ ឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ​ជា​អ្នក​ផលិត​ដំណាំ​ស្រូវ នៅ​ក្នុង​ខេត្តព្រះវិហារ បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​រដូវ​ចាប់ផ្តើម​ប្រមូល​ផល​នេះ​តម្លៃ​ទីផ្សារ​គុណភាព និង​បរិមាណ​ទិន្នផល​ស្រូវ​មានការ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន ។

គិត​មក​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ កសិករ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​ជិត​៣០% ហើយ ។

លោក ប៉ិល ថា​ន ជា​កសិករ​រស់នៅ​ភូមិ​ក្របៅ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​របស់​គាត់​ឃើញ​ថា ទិន្នផល​ស្រូវ​មានការ​កើនឡើង រីឯ​តម្លៃ​ស្រូវ​វិញ​ក៏​អាច​លក់​បាន​ថ្លៃ ដោយ​ស្រូវ​សើម​ប្រភេទ​រំដួល​ក្នុង​មួយ​គីឡូក្រាម ចន្លោះ​ពី​១១០០​រៀល​ទៅ​១១៣០​រៀល ហើយ​ឈ្មួញ​បាន​ដើរ​ប្រមូល​ទិញ​ដល់​កន្លែង​ផ្ទាល់​តែ​ម្តង បើ​ធៀប​នឹង​ឆ្នាំ​មុន​តម្លៃ​ស្រូវ​បាន​ត្រឹមតែ​៩០០​រៀល​ប៉ុន​នោះ ។ លោក​បន្ត​ថា ក្រោយ​ពេល​ប្រមូល​ផល​រួច​លោក​នឹង​លក់​កសិផល​ស្រូវ​នេះ​ទៅ​ឲ្យ​ឈ្មួញកណ្តាល​ដែល​ដើរ​ប្រមូល​ទិញ​តាម​ភូមិ​ឃុំ​របស់​គាត់ តែ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ទិញ​ស្រូវ​ពី​ពលរដ្ឋ​តាម​រយៈ​សហគមន៍​នោះ គឺ​លោក​ពុំ​បាន​លក់​ជូន​ក្រុមហ៊ុន​នោះ​ទេ ព្រោះ​លោក​មិន​មានឈ្មោះ​ជា​សមាជិក​នៅ​ក្នុង​សហគមន៍​កសិកម្ម ក្នុង​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ។

ដោយសារ​តែ​លោក​មិន​មាន​ដី​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើស្រែ​នោះ​ទេ ព្រោះ​ដីស្រែ​២​ហិ​កតា​ដែល​លោក​ធ្វើ​នេះគឺ​លោក​បាន​ជួល​ដីស្រែ​គេ ដើម្បី​ធ្វើ​បង្វាស់​ស្រូវ​តែ​ប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ថា ប្រសិនបើ​លោក​ មាន​ដី​កសិកម្ម​ផ្ទាល់ខ្លួន​លោក​នឹង​ចូលរួម​ជា​សមាជិក​របស់​សហគមន៍​កសិកម្ម នៅ​ក្នុងភូមិ​របស់​គាត់ ដើម្បី​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែរ ព្រោះ​មិន​មានការ​ព្រួយបារម្ភ​នឹង​តម្លៃ​ទីផ្សារ​ទេ ។

ដោយឡែក​អ្នកស្រី ជា ស្រី​យ័ន្ត ជា​កសិករ​រស់នៅ​ទីរួមស្រុក​គូលែន​ក៏​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ពួក​គាត់​អាច​ដាំ​ដុះ​ស្រូវ​ទទួល​បាន​ទិន្នផល​ជាង​ឆ្នាំ​មុន​កាត់​សម្រាប់​ទុក​ហូប​ក្នុង​មួយ​ឆ្នាំ​នឹង​សល់​បាន​មួយ​ចំនួន​ទៀត​សម្រាប់​លក់​ទៅ​ឲ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ទៀត​ផង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន អ្នកស្រី​នឹង​ក្រុម​គ្រួ​សារបាន​ខំ​ធ្វើស្រែ​ដែរ ប៉ុន្តែ​មិន​បាន​អំណោយផល​ដល់​ទិន្នផល​ស្រូវ​របស់​ពួក​គាត់​ដូច​ឆ្នាំ​នេះ​ឡើយ ។ ជាមួយ​គ្នា​នេះ​ដែរ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​សរីរាង្គ​ឆ្នាំ​នេះ​សម្រាប់​ខេត្តព្រះវិហារ មានការ​លូតលាស់​ល្អ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​កម្រិត​ទឹកភ្លៀង​បាន​ធ្លាក់​មក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​លូតលាស់​ដំណាំ​នេះ ជា​ពិសេស​ទៀត​នោះ​ឆ្នាំ​នេះ​មិន​មាន​ទឹកជំនន់​ជន​លិច​ស្រែ​ចម្ការ​របស់​កសិករ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ដូច្នេះ​ហើយ​ការ​ខូចខាត​ស្រែ​ស្រូវ​របស់​ពួក​គាត់​មិន​មាន​ឡើយ គិត​មក​ដល់​បច្ចុប្បន្ន​នេះ​កសិករ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​កំពុង​តែ​មមាញឹក​ក្នុង​ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជា​បន្តបន្ទាប់ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ កសិករ​ទូ​ទាំង​ខេត្តព្រះវិហារ​បាន​ផលិត​ដំណាំ​ស្រូវ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជិត​៩​ម៉ឺន​ហិ​កតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន កើនឡើង​ជាង​១​ពាន់​ហិ​កតា ដែល​សុទ្ធសឹងតែ​ជា​ស្រូវ​ធម្មជាតិ​សុទ្ធសាធ មាន​ដូច​ជា ស្រូវ​ស ស្រូវ​ផ្ការំដួល ស្រូវ​នាង​អុក​-​នាង​អំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ