ខេត្តកំពត ៖ ព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងអគារ៣ខ្នង មាន១៥បន្ទប់ នៅវិទ្យាល័យកន្សោមអក ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ។
លោក ចាន់ ជាលី អភិបាលស្រុកបន្ទាយមាសបានថ្លែងថា ទូទាំងស្រុកមានអគារសិក្សា១៤៤ខ្នង ស្មើនឹង៦២៧បន្ទប់ ក្នុងនោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំនួន៣៥ខ្នង ស្មើនឹង១៩៨បន្ទប់ ។ ដោយឡែក អគារ៣ខ្នង កម្ពស់២ជាន់ មាន៣០បន្ទប់ ជាអំណោយរបស់លោកបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ក៏បានផ្តល់ជូននៅគ្រប់វិទ្យាល័យក្នុងស្រុកផងដែរ ។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាទាំងបី ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យគ្រប់ផ្នែក គ្រប់វិស័យមានការរីកចម្រើនជាលំដាប់ ក្នុងនោះក៏មានវិស័យអប់រំផងដែរ ។ លោកបណ្ឌិតបន្តថា ពីមុនក្នុងចំណោម៤ស្រុក យើងមានវិទ្យាល័យតែ១កន្លែង តែពេលនេះមានវិទ្យាល័យ៣ទៅ៤កន្លែង ក្នុងស្រុក១ ។ លោកក៏បានលើកឡើងពីប្រវត្តិស្នាដៃ និងទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្សារភ្ជាប់ជាមួយស្មារតី៧ មករា អមតៈ និងការគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។
លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីវីរភាពលះបង់ទាំងកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងលើកឡើងពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាមរយៈការផ្តល់ជូនអគារសិក្សានៅទូទាំងប្រទេស ។ ជាក់ស្តែង អគារសិក្សាដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
នាឱកាសនោះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ និងគ្រូចូលនិវត្តន៍ សរុបចំនួន១៣៤នាក់ ក្នុងម្នាក់ៗប្រាក់៥ម៉ឺនរៀល ។ សិស្សវិទ្យាល័យកន្សោមអក ចំនួន១.២៦២នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិក១ដើម ប្រាក់៥.០០០រៀល ។ សិស្សបឋមសិក្សាកន្សោមអក៣២៧នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិក១ដើម ប្រាក់៣.០០០រៀល ។ សិស្សកាយឫទ្ធិ និងក្រុមកាកបាទក្រហមកម្ពុជាចំនួន៧០នាក់ ក្នុងម្នាក់ៗប្រាក់១ម៉ឺនរៀល ។ កងកម្លាំងការពារ៩០នាក់ ម្នាក់ៗប្រាក់២ម៉ឺនរៀល ព្រមទាំងប្រកាសប្រគល់ជូនវិទ្យាល័យកន្សោមអក ថវិកា១៣លានរៀល កុំព្យូទ័រ១០គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ។ ជូនអគារសិក្សាសាលាបឋមសិក្សាព្រៃទន្លេ១ខ្នង មាន៥បន្ទប់ ។
សាលាបឋមសិក្សាត្រពាំងព្រីង១ខ្នង មាន៥បន្ទប់ ។ សាលាបឋមសិក្សាសំរោងចិន១ខ្នង មាន៥បន្ទប់ ។ សាលាបឋមសិក្សាកន្សោមអក ថវិកា១៤.៤០០.០០០រៀល កុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង និងទទួលការជួសជុលអគារសិក្សា១ខ្នង មាន៥បន្ទប់ នៃសាលាបឋមសិក្សាអង្គជ្រៃ អស់ទឹកប្រាក់១៤លានរៀល ។ ប្រគេនបច្ច័យដល់វត្តព្រៃបន្ទាំ កសាងបណ្ណាល័យ ៥លានរៀល, វត្តស្រែកាន់ ២លានរៀល, វត្តទង់លាង ២លានរៀល, វត្តកន្សោមអក ៤៥.០០០ដុល្លារ, វត្តអង្គជ្រៃ ៥លានរៀល និងវត្តក្រាំងបន្ទាយ១១.២២០.០០០រៀល ៕
ចែករំលែកព័តមាននេះ