ខេត្តព្រៃវែង ៖ ផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែប្រវែង៣៣.៧០០ម៉ែត្រតភ្ជាប់ពីសាលាស្រុកពោធិ៍រៀងទៅកាន់បណ្តាឃុំសំខាន់ៗនានា ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១១ មិថុនា ក្រោមអធិបតីភាពលោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្ត ។
អញ្ជើញចូលរួមនាឱកាសនោះដែរ រួមមាន លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងវិស្វកម្ម លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត និងប្រជាពលរដ្ឋនៅឃុំព្រែកអន្ទះ និងឃុំពោធិ៍រៀងយ៉ាងច្រើនកុះករ។ ផ្លូវដែលត្រូវបើកការដ្ឋានសាងសង់នេះ ខ្សែទី១ តភ្ជាប់ពីសាលាស្រុកពោធិ៍រៀងឆ្ពោះទៅភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ មានប្រវែង១២០០០ម៉ែត្រ ។ ខ្សែទី២ តភ្ជាប់ពីភូមិច្រាំងទទឹងឆ្ពោះទៅឃុំព្រែកជ្រៃក្រោម មានប្រវែង៩៧០០ម៉ែត្រ។ និងខ្សែទី៣ តភ្ជាប់ពីសាលាស្រុកឆ្ពោះទៅកាន់ឃុំបាក់ដោក មានប្រវែង១២០០០ម៉ែត្រ ។ ផ្លូវទាំង៣ខ្សែនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ លោក ហាស់ សារ៉េត អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិយើងនាពេលបច្ចុប្បន្ននេះមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានការរីកចម្រើនលើគ្រប់វិស័យនៅគ្រប់ទីកន្លែង ។ ផ្តើមចេញពីសមិទ្ធផលទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅសុខសាន្ត សម្បូរសប្បាយ ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យបញ្ជាការដ្ឋានកងវិស្វកម្មខិតខំប្រឹងប្រែងសាងសង់ផ្លូវទាំង៣ខ្សែនេះឱ្យបានឆាប់ និងតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាព ព្រមទាំងណែនាំប្រជាពលរដ្ឋឱ្យចូលរួមសហការក្នុងការស្ថាបនាផ្លូវនេះផងដែរ ៕
ចែករំលែកព័តមាននេះ