រាជធានីភ្នំពេញ ៖ ផ្លូវក្រាលបេតុងចំនួន៦ខ្សែ ប្រវែង៨៨០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រឹកថ្ងៃទី១២ មិថុនា ក្រោមអធិបតីភាពលោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានឱ្យដឹងថា ផ្លូវដែលបើកការដ្ឋាននៅពេលនេះជាផ្លូវក្រាលបេតុង មានចំនួន៦ខ្សែប្រវែង៨៨០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៣ អស់ថវិកាចំនួន៩១.២៦៣.៦១៩រៀល ដែលដេញថ្លៃបានដោយក្រុមហ៊ុន សុខ ជួន ។
លោក ព្រាប មុនី បន្តថា ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សង្កាត់ព្រែកលៀបបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍមូលដ្ឋាន ។ នេះផ្តើមចេញពីកត្តាសន្តិភាពដែលជាគ្រឹះ ដោយគួបផ្សំមានការដឹកនាំដ៏ត្រឹមត្រូវពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវក្នុងការកសាងមាតុភូមិពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ។ សង្កាត់ព្រែកលៀបបានខិតខំកសាងបានផ្លូវចំនួន៤៩ខ្សែ ក្នុងនោះមានផ្លូវក្រាលកៅស៊ូចំនួន៤ខ្សែ ផ្លូវបេតុងចំនួន៣៩ខ្សែ និងផ្លូវការ៉ូឡាចំនួន៦ខ្សែ ហើយពេលនេះ យើងបានផ្លូវក្រាលបេតុងចំនួន៦ខ្សែទៀត ដែលបានបើកការដ្ឋាននៅពេលនេះ ។
លោក ឃ្លាំង ហួត ថ្លែងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ថវិកាវិភាជន៍សម្រាប់ការអភិវឌ្ឍមូលដ្ឋានរៀងរាល់ឆ្នាំ ។ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក ឃ្លាំង ហួត ក៏បានលើកពីប្រវត្តិដ៏កម្សត់ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវកាប់សម្លាប់គ្មានត្រាប្រណី ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា ព្រាត់ប្រាសប្តី ប្រពន្ធ កូន និងឪពុកម្តាយជាទីស្រឡាញ់ ។ នៅពេលនោះគ្មាននរណាគេមើលឃើញទេ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទាំងបីជាប្រមុខនោះទេ ដែលបានលះបង់សាច់ញាតិជាទីស្រឡាញ់ តស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យរស់រានមានជីវិត ។ ទោះបីប្រទេសជាតិត្រូវបានរំដោះ ប៉ុន្តែសង្គ្រាមផ្ទៃក្នុងបានបន្តរហូត ។ ពេលនោះគណបក្សប្រជាជនកម្ពុជា បានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ។ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសត្រូវបានបង្រួបបង្រួមមានសន្តិភាព ហើយមានឱកាសអភិវឌ្ឍយ៉ាងខ្លាំង ដែលរាជធានីភ្នំពេញមានអគារខ្ពស់ៗ និងមានស្ពានអាកាសដែលពុំធ្លាប់មានទេពីមុនមក ។ នេះជាមោទនភាពណាស់សម្រាប់ប្រទេសយើងដែលមានសម្តេចតេជោជាថ្នាក់ដឹកនាំ ។
លោក ឃ្លាំង ហួត ក៏បានណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវត្រូវយកចិត្តទុកដាក់ស្ថាបនាតាមបទដ្ឋានបច្ចេកទេស និងសូមប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជួយពិនិត្យមើលការស្ថាបនា នេះ បើក្រុមហ៊ុនធ្វើមិនបានត្រឹមត្រូវតាមកិច្ចសន្យា ត្រូវរាយការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងគម្រោង ។ ចាប់ពីពេលនេះទៅ តាមការណែនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្វើផ្លូវត្រូវមានគុណភាព ។
នៅក្នុងឱកាសនោះដែរ លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បាននាំយកសារុងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១.០០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ ៕
ចែករំលែកព័តមាននេះ