ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រៀបចំ​ក្រុមការងារ​ពង្រឹង​ការ​គ្រប់គ្រង​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រកាស​សមាសភាព​ក្រុមការងារ​ចំនួន​៥ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍​ក្រុងព្រះសីហនុ កោះ​រ៉ុ​ង និង​កោះ​រ៉ុ​ង​សន្លឹម ឲ្យ​កាន់តែ​ទាក់ទាញ​ថែម​ទៀត ។ ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ស្ដី​ពី…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រកាស​សមាសភាព​ក្រុមការងារ​ចំនួន​៥ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍​ក្រុងព្រះសីហនុ កោះ​រ៉ុ​ង និង​កោះ​រ៉ុ​ង​សន្លឹម ឲ្យ​កាន់តែ​ទាក់ទាញ​ថែម​ទៀត ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ស្ដី​ពី «​ការ​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​ជួយ​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ » នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​មក លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍ បាន​ខិតខំ​ធ្វើ​ឱ្យ​គោលដៅ ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ​ឲ្យ​មាន​សេវាកម្ម​ប្រកបដោយ​គុណភាព អនាម័យ និង​ភាព​ទាក់ទាញ ពោល​គឺ​ក្រសួង​នៅ​តែ​ខិតខំ​សហការ​គ្នា​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ជា​ដៃគូ ដើម្បី​កែ​លម្អ​ការ​ខ្វះខាត និង​ខិតខំ​ប្រឹង​អភិវឌ្ឍន៍​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ត្រូវ​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋបាល​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ជា​ចាំបាច់ ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​បាន​ល្អ ក្រសួង​បាន​បង្កើត​ក្រុមការងារ​ចំនួន​៥​រួម​មាន​៖១-​ក្រុមការងារ​ជំរុញ​ចលនា​ទីក្រុង​ស្អាត ។ ២-​ក្រុមការងារ​ពង្រឹង​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ (​រួម​ទាំង​ការ​ពង្រឹងគុណភាព​សេវាកម្ម ដើម្បី​ទទួល​ទេសចរ​ចិន China Ready Accreditation System ។ ៣-​ក្រុមការងារ​ពង្រឹង​ការ​គ្រប់គ្រង​ឆ្នេរ ។ ៤-​ក្រុមការងារ​ជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ។ ៥-​ក្រុមការងារ​ពិនិត្យ និង​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​អំពី​តួនាទី​ភារកិច្ច​របស់​ក្រុមការងារ​នីមួយ​ៗ រួម​ទាំង​កា​ងារ​ជាក់ស្តែង​មួយ​ចំនួន​បន្ថែម​ទៀត ដូច​ជា ការ​តុបតែង​លម្អ​សំណង់​អគារ​កន្លែង​ទទួលភ្ញៀវ​ដែល​គប្បី​ត្រូវ​រំលេច​នូវ​រចនាបថ​ខ្មែរ​ឱ្យ​បាន​ច្រើន និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​លើក​ស្លាក​យីហោ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ពោល​រាល់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ត្រូវ​ដាក់​អក្សរ​ខ្មែរ​(​ភាសាជាតិ​)​ឱ្យ​បាន​ធំ​ៗ​នៅ​ផ្នែក​ខាងលើ​។ ចំណែក​ផ្នែក​ខាងក្រោម​អក្សរ​ខ្មែរ ត្រូវ​ដាក់​អក្សរ​អង់គ្លេស​(​ភាសា​សកល​) ហើយ​នៅ​ផ្នែក​ខាងក្រោម​អក្សរ​អង់គ្លេស ត្រូវ​ដាក់​អក្សរ​ណា ក៏​បាន ទៅ​តាម​បំណង​របស់​ម្ចាស់​អាជីវកម្ម ។ លោក​បញ្ជាក់​ថា ៖« ចំពោះ​ទំហំ​អក្សរ​នៅ​ជួរ​ទី​២ និង​ជួរ​ទី​៣​នេះ ត្រូវ​មាន​ទំហំ​តូច​ជាង​អក្សរ​ខ្មែរ​ពាក់កណ្ដាល ។ ចំណែក​អត្ថន័យ​នៃ​ឈ្មោះ​ហាង មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​កម្ពុជា ឬ​មិន​សមរម្យ​ណាមួយ​ឡើយ »​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ជំរុញ​ផង​ដែរ ឱ្យ​បន្ត​ខិតខំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឱ្យ​បាន​ច្រើន ពីព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស ដែល​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ តែ​ជា​ប្រទេស​ដែល​ខ្វះ​បុគ្គលិក​ជំនាញ​ធ្វើការ ពិសេស​គឺ​ក្នុង​វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​នេះ​តែ​ម្ដង ដែល​កំពុង​មាន​ភាព​រីក​ចម្រើន និង​ត្រូវការ​បុគ្គលិក​ជំនាញ​ជា​ច្រើន​សម្រាប់​ធ្វើការ​នៅ​តាម​មូលដ្ឋាន អាជីវកម្ម​ទេសចរណ៍​នានា ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​ត្រូវ​បង្កើត​សាលា​បណ្តុះបណ្តាល​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​បន្ថែម​មុខ​វិជ្ជា​ជំនាញ និង​កៀរគរ​យុវជន​ឱ្យ​ចូល​សិក្សា​ជំនាញ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ច្រើន ។ ទន្ទឹម​នោះ ក៏​ខិតខំ​បណ្តុះបណ្តាល​កម្ម​វី​ធី​សិក្សា​នៅ នឹង​កន្លែង​ផង​ធ្វើការ​ផង​ដែរ » ។

ទាក់ទង​សកម្មភាព​ការងារ​របស់​ក្រុម​ជំនាញ​លោក​រដ្ឋមន្ត្រី​បាន​កំណត់​ឲ្យ​ក្រុមការងារ​ទាំង​៥ ត្រូវ​ជួប​ប្រជុំ​រៀង​រាល់​ខែ​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​ទេសចរណ៍ ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ដើម្បី​បូក​សរុប​វាយតម្លៃ​ការងារ របស់​ខ្លួន និង​លើក​ទិស​ដៅ​អភិវឌ្ឍន៍​បន្ត ហើយ​រៀង​រាល់​៣​ខែ​ម្តង លោក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​ប្រជុំ​ស្តាប់​របាយការណ៍​លទ្ធផល​របស់​ក្រុមការងារ​ទាំង​៥ ។ ទន្ទឹម​នោះ រាល់​អង្គប្រជុំ​ទាំងអស់ គប្បី​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នានា ចូលរួម​ឱ្យ​បាន​ច្រើន និង​មានកា​រៀបចំ​បកប្រែ​ជា​ភាសា​ជូន​ពួក​គេ ដើម្បី​ឱ្យ​ពួក​គាត់​យល់​បាន និង​ទទួល​បាន​នូវ​ការ​ផ្សព្វផ្សាយ ពី​គោលនយោបាយ​អភិវឌ្ឍន៍ និ​តី​វិធី​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា និង​ការងារ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

លោក​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បង្កើត​សាខាសមាគម​សណ្ឋាគារ សាខា សមាគម​ភោជនីយដ្ឋាន សាខាសមាគម​ឧស្សាហកម្ម​ទេសចរណ៍​នានា ដើម្បី​ងាយស្រួល​ក្នុង​ការ គ្រប់គ្រង ការ​ណែនាំ​នូវ​ការងារ​ពាក់ព័ន្ធ​នានា ពិសេស​ការងារ​ពង្រឹងគុណភាព​សេវាកម្ម ព្រមទាំង​ការ​អុ​វត្ត​ច្បាប់​នានា​ឱ្យ​មាន​ប្រសិទ្ធភាព ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន ក៏​បាន​បង្ហាញ​នូវ​ការ​ឯកភាព និង​ទទួលយក​នូវ​អនុសាសន៍ និង​ការ​ចង្អុលបង្ហាញ​របស់​លោក​រដ្ឋមន្ត្រី​ថោ​ង ខុន ទៅ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បម្រើ​ដល់​ការងារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ទទូច​ឱ្យ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​រួម​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​នានា សូម​ចូលរួម​សហការ​អនុវត្ត​នីតិវិធី លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ក៏​ដូច​ជា​បទបញ្ជា​នានា ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ