ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​នឹង​ទទួល​បាន​ប្រេង​30​ម៉ឺន​បារ៉ែល​ក្នុង​1​ថ្ងៃ​នៅ​ឆ្នាំ​2019​មែនឬ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផែនការ​ទាញ​យក​ដំណក់​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ជា​ព័ត៌មាន​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​តាមដាន និង​ទន្ទឹងរង់ចាំ​ជិត​១០​ឆ្នាំ​មក​ហើយ គ្រា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​កន្លង​មក​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ក្នុង​ឆ្នាំ​២០១២ ។ ប៉ុន្ដែ​ក្រោយ​ពី​ផែនការ​នេះ​បរាជ័យ​ម្ដង​ជា​ពីរ​ដង​មក ដំណឹង​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មហាជន​រហូត…

រាជធានី​ភ្នំពេញ ៖ ផែនការ​ទាញ​យក​ដំណក់​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ជា​ព័ត៌មាន​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​បាន​តាមដាន និង​ទន្ទឹងរង់ចាំ​ជិត​១០​ឆ្នាំ​មក​ហើយ គ្រា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​កន្លង​មក​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ក្នុង​ឆ្នាំ​២០១២ ។

ប៉ុន្ដែ​ក្រោយ​ពី​ផែនការ​នេះ​បរាជ័យ​ម្ដង​ជា​ពីរ​ដង​មក ដំណឹង​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មហាជន​រហូត ។ ទោះបីជា​យ៉ាងនេះ​ក្ដី កម្ពុជា​មិន​បាន​បោះបង់​នូវ​ផែនការ​ទាញ​យក​ធនធាន​រ៉ែ​ប្រេង​ពី​បាតសមុទ្រ​មួយ​នេះ​ទេ ហើយ​រហូត​មក​ពេល​នេះ មានការ​អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​៣០​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។ តើ​កម្ពុជា​អាច​សម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នូវ​ផែនការ​មួយ​នេះ​មែន​ឬទេ ?

យោង​តាម​អគ្គនាយក​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ កម្ពុជា​នឹង​បាន​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ចំនួន​ពីរ គឺ​គម្រោង​អភិវឌ្ឍន៍​ប្រេងកាត​ប្លុក​A និង​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​ផង​ដែរ ក្នុង​នោះ​ចំពោះ​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​ប្លុក​A គឺ​បាន​កំពុង​សម្រួល​លើ​កិច្ចការ​មួយ​ចំនួន​ជាមួយ​ក្រសួង ហើយ​គណៈកម្មការ​អន្តរក្រសួង បាន​ពិនិត្យ​ជា​ប្រចាំ​លើក​ការងារ​វាយតម្លៃ​បច្ចេកទេស និង​មានការ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ជា​រៀង​រាល់​ខែ​ផង​ដែរ ដើម្បី​ឈាន​ទៅ​អនុវត្ត​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន​KRISENGERGY បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រុមហ៊ុន SJ Production Barge Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន បាន​ផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​Keppel Shipyard Ltd ដើម្បី​ធ្វើការ​កែ​លម្អ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​នាវា​ផលិតកម្ម​របស់​ខ្លួន ដែល​មាន​តម្លៃ​២២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុមហ៊ុន KRISENERGY បាន​និង​កំពុង​រុករក​ប្រេង​ពី​តំបន់​ប្លុក​A ដែល​មាន​ទំហំ​៣​ពាន់​គីឡូ​ម៉ែត្រការ៉េ ដែល​ជា​តំបន់​មាន​ជម្រៅ​ទឹក​ចន្លោះ​ពី​៥០​ទៅ​៨០​ម៉ែត្រ ។​ ក្រុមហ៊ុន​បាន​ប្រកាស​ថា ៖« ខ្លួន​នឹង​អាច​ទាញ​យក​ដំណក់​ប្រេង​បាន​៣០​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ​នេះ​នៅ​ដែនសមុទ្រ​របស់​កម្ពុជា »​។
បើ​តាម​ការ​បញ្ជាក់​ពី​លោក ជៀប សួរ អគ្គនាយក​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចុះហត្ថលេខា​ជាមួយ​រាជរដ្ឋាភិបាល ក្រុមហ៊ុន KRISENERGY បាន​អនុវត្ត​ការងារ​ជា​ច្រើន​ដូច​ជា ការ​យក​គំរូ​ទឹកសមុទ្រ​នៅ​តំបន់​ប្លុក​A​យក​ទៅ​វិភាគ និង​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​បញ្ជូន​កប៉ាល​ទៅ​មួយទៀត ដើម្បី​សិក្សា​ពី​សណ្ឋាន​ដី នឹង​ចាប់ផ្តើម​សាងសង់​មូលដ្ឋាន​ប្រេងកាត ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​គូស​ប្លង់​គម្រោង​សាងសង់ ហើយ​សម្រាប់​ជំហាន​បន្ទាប់ គឺ​ការ​ដាក់​ដេញថ្លៃ​ការ​សាងសង់​មូលដ្ឋាន​នោះ ។ ក្រោយ​ពី​គម្រោង​អភិវឌ្ឍន៍​ខាងលើ ក្រុមហ៊ុន​បាន​សិក្សា​រួច​ហើយ ក្នុង​ការ​បញ្ជូន​ផលិតកម្ម​ញែក​ល្បាយ​ប្រេង និង​ការ​ដាក់​ឲ្យ​ដេញថ្លៃ​ក្នុង ពេល​ឆាប់​ៗ​ផង​ដែរ » ។ លោក​បញ្ជាក់​ថា ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​អណ្តូងប្រេង​ប្លុក​A​នេះ ក្រុមហ៊ុន​តែងតែ​ចូលរួម​ប្រជុំ​បច្ចេកទេស​ជាមួយ​ក្រសួង និង​ការ​ធ្វើ​ប្រជាមតិ​ជាមួយ​អ្នកនេសាទ នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង ព្រះ​សីហ​នុ និង​ខេត្តកំពត រួម​ជាមួយ​អាជ្ញារ​ខេត្ត ស្រុក ដើម្បី​ធ្វើការ​ពិគ្រោះ​ប​ល់ ដើម្បី​ឈាន​ដល់​ដំណើរការ​ខួងអណ្តូង​ប្រេងកាត នៅ​លើ​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

គួរ​រំឭក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន KRISENERGY កាលពី​ចុងឆ្នាំ​២០១៧​កន្លង​មក ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ទាញ​យក​ប្រេង​ពី​តំបន់​ប្លុក​A នៅ​ក្នុង​ដែនទឹក​កម្ពុជា ដែល​ស្ថិត​នៅ​ក្បែរ​ដែនសមុទ្រ​អន្តរជាតិ ។

យោង​តាម​ការ​ព្យាករ​ពី​រាជរដ្ឋាភិបាល​កន្លង​មក​បាន​រំពឹង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​ផល​ពី​ដំណក់​ប្រេង​របស់​ខ្លួន​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ