រាជធានីភ្នំពេញ ៖ នៅទីបំផុតអតីតតារាចម្រៀងក្នុងផលិតកម្ម Spark Music លោក សាន រ័ត្នបញ្ញាស័ក បានរកផលិតកម្មថ្មីរបស់ខ្លួនបានហើយ ដោយលោកចុះកិច្ចសន្យាច្រៀងឱ្យផលិតកម្ម Reload Music ។ ការឈានជើងចូលក្នុងផលិតកម្មថ្មីរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីផលិតកម្មចាស់របស់លោកផ្អាកដំណើរការ ហើយតារាចម្រៀងក្នុងផលិតកម្មចាស់នោះក៏ចែកជើងគ្នាចូលផលិតកម្មថ្មីរៀងៗខ្លួន ។
គេសង្កេតឃើញថា បន្ទាប់ពីផលិតកម្ម Spark Music ផ្អាកចេញបទចម្រៀងរួចមក តារាចម្រៀងមួួយចំនួននៅក្នុងផលិតកម្មនេះបានរកឃើញទ្រនំថ្មីរួចហើយដែរ តួយ៉ាងដូចជា អ្នកនាង យក់ ឋិតរដ្ឋា ជ្រកនៅផលិតកម្មរស្មីហង្សមាស សុគន្ធ នីសា ទៅផលិតកម្មថោន លោកសូណូ ទៅហង្សមាស និងលោក ហេង ពិទូ ទៅនៅផលិតកម្មសាន់ដេ ។ ចំណែកតារាចម្រៀងលោក សាន រ័ត្នបញ្ញាស័ក ជាតារាចម្រៀងចុងក្រោយគេដែលរកឃើញផលិតកម្មថ្មីគឺ Reload Music បន្ទាប់ពីលោកបានតែលតោលអស់មួយរយៈ ដោយមិនមានផលិតកម្មច្បាស់លាស់ ។ ក្នុងពេលលោករកឃើញផលិតកម្មថ្មីនេះ គឺអាចនិយាយបានថា អាជីពសិល្បៈចម្រៀងរបស់តារារូបនេះនឹងបន្តជីវិតរស់ទៅមុខទៀត ក្នុងទីផ្សារបទចម្រៀងដែលកំពុងតែមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ន បើទោះបីជាផលិតកម្មថ្មីរបស់លោកហាក់មានភាពក្មេងខ្ចីបន្តិចក៏ដោយ ។
ពិធីចុះហត្ថលេខាទទួលតារាចម្រៀង សាន រ័ត្នបញ្ញាស័ក ធ្វើឡើងនៅទីស្នាក់ការ Reload Music ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣ ។ ក្នុងឱកាសនោះ ស្ថាបនិក Reload Music លោក អុិន វិសាល ឱ្យដឹងថា ផលិតកម្ម Reload Music មានគោលបំណងចូលរួមអភិវឌ្ឍវិស័យសិល្បៈ ។ ឆ្លើយតបទៅតាមតម្រូវការរបស់យុវវ័យសម័យថ្មី និងដោយមើលឃើញអំពីចក្ខុវិស័យល្អនៃផលិតកម្ម Reload Music ទើបជំរុញឱ្យលោក សាន រ័ត្នបញ្ញាស័ក ដែលជាតារាចម្រៀងមួយដួងដែលធ្លាប់មានការគាំទ្រពីទស្សនិកជនច្រើន ជាពិសេសយុវវ័យបានសម្រេចចិត្តយកចំណេះដឹង និងទេពកោសល្យដែលលោកមានមកចែករំលែកដល់តារាថ្មីៗនៅក្នុងផលិតកម្ម Reload Music ។
លោក អុិន វិសាល បញ្ជាក់ថា ចំពោះការចូលរួមរបស់លោក សាន រ័ត្នបញ្ញាស័ក គឺចុះហត្ថលេខាដោយផ្តោតលើគោលការណ៍ចំនួន២ គឺការចេញបទចម្រៀងថ្មីៗរបស់លោកតាមរយៈផលិតកម្ម Reload Music និងការចូលរួមបង្រៀន និងដឹកនាំតារាថ្មីៗដែលនឹងចូលមកផលិតកម្មតាមរយៈការប្រកួតនៅក្នុងកម្មវិធី«តារាឯកកម្ពុជា» ។ ផលិតកម្មមានគម្រោងការក្នុងការបញ្ចូលតារាជើងចាស់ជាច្រើនដួងទៀតនៅក្នុងអំឡុងខែមិថុនានេះ ហើយនឹងចេញផ្សាយស្នាដៃរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ។
លោក អុិន វិសាល បន្ថែមថា ផលិតកម្ម Reload Music គឺជាផលិតកម្មចម្រៀង និងភាពយន្តដែលបង្កើតឡើងដោយក្រុមហ៊ុនធំៗចំនួន៣គឺ Manich Media ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជំនាញទីផ្សារលើប្រព័ន្ធអុីនធើរណេត Khmerload.com និងភោជនីយដ្ឋានអាហារសមុទ្រអន្តរជាតិ Fish & Co ៕
ចែករំលែកព័តមាននេះ