ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួលពពោះ៖ ម្តាយ​​​​បាន​ប្រាក់​ចាប់ពី​៨​ពាន់​​​ដល់​១​ម៉ឺន​ដុល្លារ ឯ​​កូន​កើតមក​ភ្លាម​​ត្រូវ​ប្រគល់​ម្ចាស់​​ប្រាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កន្លង​ទៅ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​មឡុ​ង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កន្លង​ទៅ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​មឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​នាំឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ ។

ការ​បង្ក្រាប​នេះ​ សមត្ថកិច្ចបាន​ធ្វើ​ឡើង​ចំនួន​៣​កន្លែង​ក្នុង​ខណ្ឌ​សែន​សុខ ហើយ​ជា​លទ្ធផល​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ ​មាន​ស្ត្រី​អ្នក​មើល​ការ​ខុស​ត្រូវ​(​មេការ​)២​នាក់ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​(​ស្ត្រី​ពពោះ​)ចំនួន​១១​នាក់ ។ ចំពោះ​វត្ថុ​តាង​ដកហូត​មាន​លិខិតឆ្លងដែន​១​ក្បាល ឧបករណ៍​ពេទ្យ​មួយ​ចំនួន (​សឺ​រុ​ាំ​ង ថ្នាំពេទ្យ​ប្រើ​រួច​និង​មិន​ទាន់​ប្រើ​) និង​រ៉ឺ​ម៉ក​ចំនួន​២​គ្រឿង ។

ទាក់ទិន​នឹង​ករណី​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​១១​នាក់ ​សុទ្ធ​សឹង​ជា​ស្ត្រី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ ដែល​មេខ្យល់​បាន​ដើរ​អូស​ទាញ​ឱ្យមក​ប្រកប​មុខរបរ​នេះ ។ ស្ត្រី​ស៊ីឈ្នួល​ពពោះ​ត្រូវ​បាន​គេ​យក​ទៅ​ចាក់​មេជី​វិត ដោយ​ផ្តល់​ប្រាក់​ឱ្យ​ម្នាក់​២០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ប្រើ​ប្រាស់ ​និង​ទិញម្ហូបអាហារ​បំប៉ន​សុខភាព ។ បន្ទាប់​មក មេខ្យល់ឱ្យ​ពួក​គេ​ស្នាក់​នៅ​ជួបជុំ​គ្នា ងាយស្រួល​ថែ​ទាំគ្រប់គ្រង និង​បាន​ផ្តល់​ប្រាក់​លើ​ការ​ហូប​ចុក​ក្នុង​ម្នាក់​១​ថ្ងៃ​១០​ដុល្លារ​អា​មេ​រិ​ក ។

លុះដល់​ពេល​សម្រាល​បាន​ទារក ម្តាយ​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ម្នាក់​ ចាប់ពី​៨​ពាន់​ ដល់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​កូន​ដែល​កើតមក​ភ្លាម​នោះ ​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ម្ចាស់​ប្រាក់ ។ ពេល​នេះ​ជនសង្ស័យ​ជា​មេខ្លោង ដែល​បាន​រៀបចំ​ប្រមែ​ប្រមូល​ស្ត្រី​ធ្វើការ​តាម​រោងចក្រ​ឱ្យ​ពពោះ​ជំនួ​ស​នោះ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឡើយ​ទេ ចាប់​បាន​តែ​មេការ​និង​អ្នក​ចាត់ចែង​ទូទៅ​ប៉ុណ្ណោះ ។

បើ​តាម​ចម្លើយ​មេការ​និង​ស្ត្រី​ពពោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទារក​ដែល​គេ​បង្កើត​បាន ឬ​ក៏​ម្តាយ​ដែល​មាន​ទារក​នៅ​ក្នុង​ផ្ទៃ ភាគច្រើន​ត្រូវ​មេខ្លោង​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។ សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​៤​នាក់ គឺ​មេការ​២​នាក់​និង​អ្នក​រត់​រ៉ឺ​ម៉ក​មូ​៉​តូ​(​ឡំ​ប្រឺ​តា​ឥណ្ឌា​)២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។

បន្ទាប់​ពី​សាកសួរ​និង​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ហើយ សមត្ថកិច្ច​នឹង​បន្ត​បញ្ជូន​ស្ត្រី​ពពោះ​ចំនួន​១១​នាក់​ទៅ​សាលាដំបូង​ដែរ ដើម្បី​សុំ​ការ​សម្រេច ។ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង អនុប្រធាន​អចិន្ត្រៃ​យ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​បញ្ជាក់​ថា ការ​ពពោះ​ជំនួស​ដោយ​លាក់លៀម ត្រូវ​បាន​ចាត់​ចូល​ជា​បទល្មើស​ព្រហ្មទណ្ឌ ចាប់តាំងពី​ក្រោយ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧​មក ។ ការ​បញ្ជាក់​របស់​លោក​ជំទាវ​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ដែល​រង​ការ​ចោទ​ថា​ស៊ីឈ្នួល​ពពោះ​ជំនួស ។

លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​(RFI) កាលពី​ថ្ងៃអាទិត្យ​ទី​១១ខែវិច្ឆិកា​ថា កាលពី​មុន​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​មានការ​យោគយល់ ដោយ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ដែល​ពពោះ​ជំនួស មក​ធ្វើ​កិច្ចសន្យា​និង​សហការ​ជាមួយ​តុលាការ​។ ប៉ុន្តែ​លោក​ជំទាវ​កត់​សម្គាល់ថា មិន​មាន​ស្ត្រី​ពពោះ​ជំនួស​មក​បង្ហាញខ្លួន​ដូចដែល​អាជ្ញាធរ​ចង់បាន​ទេ ហើយ​ករណី​ពពោះ​ជំនួស​នេះ​នៅតែ​កើត​មាន ទើប​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​តុលាការ ។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ជួលស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​នោះ គឺ​សុទ្ធតែ​ជា​ជនបរទេស​ដែល​ត្រូវ​យក​ទារក​ឆ្លង​ដែន ហើយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​ចិន​ផង​ដែរ ។ លោក​ជំទាវ​ចាត់​ទុក​ករណី​នេះ​ថា មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​ពី​បទ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ ហើយ​ការ​ចាប់​ឃាត់ខ្លួន​នេះ​គឺជា​ការ​បង្ក្រាប​​ការ​ជួញដូរ​មនុស្ស ៕​

អត្ថបទសរសេរ ដោយ