រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាអ្នកដើរទាក់ឆ្កែពេលយប់បានត្រូវរថយន្តបុកបណ្តាលឱ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះជាចោរទាក់ឆ្កែក៏នាំគ្នារត់គេចខ្លួនចោលម៉ូតូ និងឆ្កែមួយបាវ រួមទាំងឧបករណ៍ទាក់ឆ្កែនៅកន្លែងកើតហេតុ ព្រោះខ្លាចប៉ូលិសមកទាន់ ។ គ្រោះថា្នក់នេះកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី១១ មិថុនា នៅកែងផ្លូវលេខ៣៦០ និងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ជាប់ព្រំប្រទល់សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការ មន ។
សាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកដេវូពណ៌ស អត់ចាំស្លាកលេខ ដឹកម៉ាស៊ីនត្រជាក់ បើកតាមផ្លូវលេខ១៦៣ ពីត្បូងទៅជើង គឺបើកស្របគ្នាជាមួយម៉ូតូយ៉ាម៉ាហាស៊ីរុស ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយ ជិះគ្នា២នាក់ ដឹកឆ្កែមួយបាវពេញដាក់ពីខាងមុខ ។ ខណៈមកដល់ចំណុចខាងលើរថយន្តបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យដួលត្រឡប់ត្រឡិនរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ហើយរថយន្តក៏បានរត់គេចបាត់ស្រមោល ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសស្រាលបានចាប់ទាញអ្នករបួសធ្ងន់រត់គេចខ្លួនបាត់ដោយសារខ្លាចសមត្ថកិច្ចមកទាន់ ព្រោះពួកគេជាចោរលួចទាក់ឆ្កែ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ឆ្កែមួយបាវេពញងាប់អស់ទៅហើយ និងឧបករណ៍ទាក់ឆ្កែ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា ជនទាំងពីរនាក់នោះ ជាជនសង្ស័យដើរទាក់ឆ្កែពេលយប់ ហើយជិះម៉ូតូដឹកឆ្កែបំណងយកទៅលក់ តែពេលមកដល់ចំណុចខាងលើ ក៏ត្រូវរថយន្តមួយគ្រឿងបុកពីក្រោយ បណ្តាលឱ្យរងរបួស ហើយដោយសារខ្លាចសមត្ថកិច្ចមកទាន់ក៏នាំគ្នារត់គេចខ្លួនទៅបន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតេហតុប៉ុណ្ណោះ ។
មានអ្នកខ្លះនិយាយថា ចោរដែលមានមុខរបរលួចទាក់ឆ្កែពេលយប់ មានកម្មក្រាស់ណាស់។ ពេលខ្លះត្រូវម្ចាស់ ចោល គប់នឹងដុំថ្ម ពេលខ្លះបើកម៉ូតូរត់លឿនពេកដួលប្រកាច់កណ្តាលផ្លូវក៏មានដែរ ។ ឯអ្នកឃើញហេតុការណ៍ខ្លះសង្ស័យថា ករណីរថយន្តបុកពីក្រោយនេះសង្ស័យខឹងជនសង្ស័យទាក់ឆ្កែរបស់គាត់ ដែលសំណាងណាស់បុកត្រូវមិនធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណា រថយន្តបង្កនិងជនរងគ្រោះបានរត់គេចខ្លួនបាត់អស់ហើយ នៅសល់តែម៉ូតូ និងវត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ៕
ចែករំលែកព័តមាននេះ