ខេត្តព្រៃវែង ៖ ចោរប្លន់មួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើងអាកាចំនួន៤ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះអាជីវករលក់គ្រឿងសំណង់មួយកន្លែង នៅស្រុកព្រះស្តេច យកបានខ្សែ.កមាស១ខ្សែ ទម្ងន់១ជី ចិញ្ចៀននិងក្រវិលប្លាទីន១វង់ ទម្ងន់៤ជី លុយខ្មែរចំនួន៥លានរៀល និងលុយវៀតណាមចំនួនជិត១០លានដុង ។
ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ មិថុនា នៅក្នុងភូមិពោធិ៍ជ្រែក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ដែលម្ចាស់ផ្ទះឈ្មោះ សុខ ឡេង ភេទប្រុស អាយុ២៥ឆ្នាំ ។ នៅក្នុងសកម្មភាពប្លន់នោះ ក្រុមចោរជិះម៉ូតូ២គ្រឿងសម្រុកចូលទៅក្នុងផ្ទះជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់ និងចាប់ចងកម្មករ៧នាក់ នៅក្នុងផ្ទះកើតហេតុ តែមិនបានវាយដំអ្វីទេ គឺគ្រាន់តែប្រមូលយកទ្រព្យសម្បត្តិបានហើយក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តង ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក សេង សុភក្តិ ស្នងការរងនគរបាលខេត្តឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកូរ៉េមួយគ្រឿងដឹកស៊ីម៉ងត៍៤០បាវមកលក់ឱ្យជនរងគ្រោះ ហើយពេលដែលម្ចាស់ផ្ទះបើករបងឱ្យរថយន្តកូរ៉េនោះថយគូទចូលក្នុងផ្ទះ ក្រុមចោរក៏ជិះម៉ូតូ២គ្រឿង សម្រុកចូលទៅប្លន់តែម្តង ។ ពេលធ្វើសកម្មភាពប្លន់ ក្រុមចោរបានចាប់ម្ចាស់ផ្ទះនិងកម្មករចងទាំងអស់ នៅសល់តែម្ចាស់ផ្ទះស្រីម្នាក់ដែលមិនត្រូវបានចង រីឯព្រូរថយន្តមកលក់ស៊ីម៉ងត៍ក៏ត្រូវចង តែចងធូរៗ ធ្វើដូចជាចងលេងៗ ចំណែកអ្នកបើកបររថយន្តមិនបានចងទេគ្រាន់តែយកសម្បកបាវគ្របពីលើប៉ុណ្ណោះ លុះពេលដែលក្រុមចោរជិះម៉ូតូចេញទៅ អ្នកបើកបររថយន្តនិងព្រូក៏បើករថយន្តចេញទៅអស់ដែរ ។
សកម្មភាពនេះធ្វើឱ្យម្ចាស់ផ្ទះសង្ស័យថា ជាបក្ខពួកចោរ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយស្ទាក់តាមផ្លូវ ។ លោក សាក់ សុផានី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះស្តេចបានឱ្យដឹងថា ពេលរថយន្តកូរ៉េនេះ បើកមកដល់មុខបញ្ជាការដ្ឋានប៉េអឹមស្រុក ដែលមានបារាស់ដាក់ស្ទាក់កណ្តាលផ្លូវ រថយន្តមិនព្រមឈប់ទេ បែរជាបើកបំបុកទម្លុះបារាស់ ទើបកម្លាំងប៉េអឹម បាញ់ឡើងលើ១គ្រាប់ ដើម្បីគំរាមឱ្យឈប់ ។ ប៉ុន្តែរថយន្តនោះនៅតែមិនព្រមឈប់ ហើយបើករត់តទៅទៀត ទើបប៉េអឹមស្រុកព្រះស្តេចទាក់ទងឱ្យប៉េអឹមស្រុកពាមរក៍ ចេញមកជួយស្ទាក់និងចាប់បាននៅចំណុចក្បាលសាឡាងអ្នកលឿងត្រើយខាងកើត ។
ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានព្យាយាមដាក់កម្លាំងស្ទាក់ចាប់ក្រុមចោរគ្រប់ច្រក និងដេញតាមតម្រុយរហូតប្រទះឃើញម៉ូតូរបស់ចោរមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី២០១០អត់ស្លាកលេខ ដែលក្រុមចោរទុកចោលនៅកណ្តាលផ្លូវក៏យកទៅរក្សាទុកនៅអធិការដ្ឋាន ។ បច្ចុប្បន្នបុរស២នាក់ ដែលត្រូវចាប់ខ្លួនត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប៉ុន្តែគេនៅមិនទាន់អាចសន្និដ្ឋានបានថា បុរសទាំង២នាក់នេះ គឺជាបក្ខពួករបស់ក្រុមចោរ ឬក៏យ៉ាងណានោះទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ។ រីឯកម្លាំងស្នងការដ្ឋានខេត្ត និងអធិការដ្ឋានស្រុក កំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ និងដាក់កម្លាំងស្ទាក់នៅគ្រប់គោលដៅ ឃ្លាំចាំចាប់ក្រុមចោរទាំង៤នាក់ ដែលធ្វើសកម្មភាពប្លន់ហើយកំពុងគេចខ្លួន ៕
ចែករំលែកព័តមាននេះ