ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កោះកុង​មួយ​រយៈ

5 ឆ្នាំ មុន
  • កោះកុង

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តកោះកុងបាន​ផ្អាក​មួយ​រយៈ​ហើយ ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​កន្លង​មកនេះ ។ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តកោះកុងបាន​ផ្អាក​មួយ​រយៈ​ហើយ ដោយសារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នា​រដូវវស្សា​កន្លង​មកនេះ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ម្សិលមិញ​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ​ហើយ ដោយ​ពួក​គេ​អះអាង​ថា ការ​ធ្វើ​ការដ្ឋាន​មានការ​លំបាក ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​។ លោក​បន្ត​ថា ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្តហោះ​នេះ មិន​បាន​ជូនដំណឹង​មក​យើង​ពី​ពេលវេលា នឹង​ចាប់ផ្តើម​សាងសង់​ព្រ​លាន​នេះ​ជា​ថ្មី​ទេ ។

លោក​បញ្ជាក់​ថា ៖« ព្រ​លាន​យន្តហោះ​នេះ​សាងសង់​លឿន​ឬ​យឺត​អាស្រ័យ​លើ​ល្បឿន នៃ​ការ​អភិវឌ្ឍន៍​រមណីយដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួក​គេ​នៅ​ក្នុងស្រុក​ថ្ម​បាំង និង​បុ​ទុម​សាគរ ក្នុង​ខេត្ត​កោះកុង »​។ លោក​បន្ថែម​ថា ៖« តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន គឺ​ក្រុមហ៊ុន​នេះ​សាងសង់​សម្រាប់​យន្តហោះ​ក្នុងស្រុក ដើម្បី​បង្កើន​ការ​លក់​គម្រោង​អចលនទ្រព្យ​របស់​ពួក​គេ​ប៉ុណ្ណោះ »​។

ក្រុមហ៊ុន Tianjin Union Development Group (TUDG)បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជាង​៥​ម៉ឺន​ហិ​កតា ដែល​គ្របដណ្តប់​ស្រុក​ពីរ​របស់​ខេត្តកោះកុង និង​ជា​អ្នក​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​។ ក្រុមហ៊ុន​នេះ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​រំលឹក​ថា សកម្មភាព​ឈូស​ឆាយ​ទីតាំង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ បាន​ចាប់ផ្តើម​តាំងពី​ដើមឆ្នាំ​នេះ ប៉ុន្តែ​សកម្មភាព​ហាក់​មាន​ភាពយឺត​ៗ ដោយសារ​រដូវភ្លៀង ប៉ុន្តែ​នៅ​ពេល​បញ្ចប់​រដូវភ្លៀង​សកម្មភាព​នៃ​ការ​សាងសង់ នឹង​ត្រូវ​ព​ន្លឿ​ន​ហើយ ។

ទោះជា​យ៉ាងណា​តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នូវ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​Tianjin Union Development Group ជា​ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​ខេត្តកោះកុង ។

តំណាង​ក្រុមហ៊ុនលោកស្រី ប៊ែ​ល​ឡា ហ្សា​ង​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ធ្វើ​ផែ​មការ​សាងសង់​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​នេះ បាន​បញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់ ។ ព្រ​លាន​យន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​ក្នុង​១​ឆ្នាំ និង​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ​Boing៣៨០ ហើយ​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រ​លាន​យន្តហោះ​នេះ​រួច​ហើយ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​មាន​ព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត នឹង​ហុច​សក្តានុពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា ហើយ​ប្រសិនជា​ព្រ​លាន​ថ្មី​នេះ​មាន​ស្តង់ដា​អន្តរជាតិ វា​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ថៃ និង​ខេត្ត​របស់​ថៃ​ដែល​ជាប់​នឹង​កម្ពុជា អាច​ភ្ជាប់​បណ្តាញ​ហោះហើរ​ទៅ​វិញ​ទៅ​មក ។

លោក​បន្ត​ថា ៖« ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ ដែល​វា​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា កាន់តែ​ច្រើន​ថែម​ទៀត »​។

ការ​វិនិយោគ​នេះ​ជា​ផ្នែក​មួយ​នៃ​វិ​ថី​សូត្រ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ របស់​ប្រទេស​ចិន មក​កម្ពុជា ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ