សារព័ត៌មានបរទេសផ្សាយថា បុរសជនជាតិចិនឈ្មោះ លីវ លីងឆាវ បានចំណាយពេលធ្វើដំណើរជិត៥ឆ្នាំដើម្បីឆ្លងពីតំបន់ក្វាងទុងឆ្ពោះទៅគ័ងស៊ីជាស្រុកកំណើត ដោយបានរែកផ្ទះចល័តមួយ និងស្វែងរកចំណីអាហារនៅតាមដងផ្លូវ ។របាយការណ៍បញ្ជាក់ថា លីវ លីងឆាវ អាយុ៣៨ឆ្នាំ ជាអ្នកស្រុកគ័ងស៊ី បានធ្វើដំណើរចេញពីលំនៅឋានកាលពី២០ឆ្នាំមុន ដើម្បីស្វែងរកការងារនៅតំបន់សឺនចឺន ។
មានថ្ងៃមួយកាលពី៥ឆ្នាំមុន បុរសនោះចង់ត្រឡប់ទៅស្រុកកំណើតវិញ ដែលត្រូវឆ្លងកាត់ផ្លូវវែងឆ្ងាយ ក៏សម្រេចចិត្តសាងសង់ផ្ទះពីឫស្សី ទម្ងន់៦០គីឡូក្រាមទុកសម្រាប់ស្នាក់នៅតាមផ្លូវ ។ ក្នុងដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះ លីវ លីងឆាវ រែកផ្ទះចល័ត ហើយយប់ត្រង់ណា សម្រាកត្រង់នោះ ។
លីវ លីងឆាវ បានចេញដំណើរយ៉ាងលឿន និងមិនធ្លាប់សុំការឧបត្ថម្ភពីអ្នកដទៃ ទោះបីជាមានអ្នកខ្លះសុំផ្តល់ការជួយឧបត្ថម្ភឧបករណ៍ផ្សេងៗក៏ដោយ ។ លោក លីវ បញ្ជាក់ថា គេរែកផ្ទះធ្វើដោយផ្ទាល់ដៃមានលក្ខណៈដូចប៉ុស្តិ៍យាមតូចមួយ មានទទឹង១,៥ម៉ែត្រ និងកម្ពស់២,២ម៉ែត្រ ហើយចំណាយពេលដល់ទៅ៥ឆ្នាំ ទើបទៅដល់ស្រុកកំណើត ៕
ចែករំលែកព័តមាននេះ