ខេត្តឧត្តរមានជ័យ ៖ ខេត្តឧត្តរមានជ័យមានផ្ទៃដី៦.៨៤០,៩២គីឡូមែត្រក្រឡា បានលាតសន្ធឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃជួរភ្នំដងរ៉ែកប្រវែង២២៤គីឡូម៉ែត្រ ។ ទឹកដីខេត្តខាងកើតជាប់ព្រំប្រទល់ខេត្តព្រះវិហារ ខាងលិចជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ។
ខាងត្បូងជាប់ព្រំប្រទល់ខេត្តសៀមរាប ខាងជើងជាប់នឹងខេត្ត៣របស់ព្រះរាជាអាណាចក្រថៃ គឺខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ។ ខេត្តឧត្តរមានជ័យបានចែកចេញជា៤ស្រុក ក្រុង១មានប្រជាពលរដ្ឋរស់នៅ៥៨.២៧៤គ្រួសាស្មើមនុស្ស២៤៣.១៩៧នាក់ ស្រី១២០.០៦០នាក់ ។
ខេត្តឧត្តរមានជ័យ ជាខេត្តជាយដែនសម្បូរទៅដោយសម្បត្តិធម្មជាតិព្រៃភ្នំក្រំថ្ម និងសត្វព្រៃគ្រប់ប្រភេទរស់នៅ ហើយគេបានសង្កេតឃើញគម្របព្រៃឈើស្រោងស្ទើរតែក្រឡេកមើលមេឃមិនឃើញ ដែលជាខេត្តមួយពិតមែនតូច ប៉ុន្តែពោរពេញទៅដោយភ្នំដែលតាមការស្រាវជ្រាវមានភ្នំចំនួន២៤ផងដែរ ។
លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអម្ពឹលបានឱ្យដឹងថា ស្រុកនេះមានភ្នំចំនួន៧ដូចជា ភ្នំចង្ក្រានយក្យ ភ្នំកូនសេកខាងជើង ភ្នំកូនសេកខាងត្បូង ភ្នំវែង ភ្នំដី និងភ្នំកំបោរ ។ សម្រាប់ភ្នំកំបោរនៅរដូវបុណ្យទានម្តងៗតែងតែមានអ្នកស្រុកនាំគ្នាទៅគោរពបូជាបន់ស្រន់ដោយសារជំនឿតគ្នាថាជាភ្នំមានបារមី ហើយស្ថិតនៅជាប់ភ្នំដងរ៉ែកផងដែរ ។
លោក រិទ្ធ តាប៉ាក់ អភិបាលស្រុកចុងកាល់បានឱ្យដឹងថា ស្រុកចុងកាល់មានភ្នំ៩ ដូចជាភ្នំអាតោ ភ្នំសេកសរ ភ្នំកំបោរ ។ ភ្នំកំបោរនេះក៏មានឈ្មោះជាន់នឹងភ្នំក្នុងស្រុកបន្ទាយអម្ពឹលហើយក្រុមហ៊ុនចិនកំពុងបំផ្ទុះថ្ម នៅភ្នំមួយនេះយកធ្វើអាជីវកម្ម ។ ភ្នំរយ ភ្នំក្រោល ភ្នំល្អក់ ភ្នំអាម៉ី ភ្នំដី ភ្នំតូច ។
មន្ត្រីសាលាស្រុកអន្លង់វែងបានអះអាងថា នៅក្នុងស្រុកអន្លង់វែងរបស់លោកមានភ្នំចំនួន៨ដូចជាភ្នំមាសស្រួយ ភ្នំគោកសំព័រ ភ្នំអូរសូភី ភ្នំប្រជៀវខាងលិច ភ្នំប្រជៀវខាងកើត ។ ភ្នំមួយនេះត្រូវបានក្រុមហ៊ុនធ្វើអាជីវកម្មបំផ្ទុះថ្មរាបស្មើទៅនឹងដី បាត់បង់កេរ្តិ៍ឈ្មោះបាត់ទៅហើយ ស្រករក្រោយសង្ស័យលែងស្គាល់ ។ ភ្នំអណ្តូង ភ្នំរូងដែក នឹងភ្នំដងរ៉ែក ។ ស្រុកនេះស្ថិតនៅជាប់ជើងភ្នំដងរ៉ែកព្រំប្រទល់កម្ពុជាថៃ ។
លោក នៅ សំដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ស្រុករបស់លោកមានភ្នំ២ គឺភ្នំពល និងភ្នំដងរ៉ែកដែលជាជួរភ្នំដ៏វែងអន្លាយជាប់ព្រំប្រទល់កម្ពុជា-ថៃ ។
គួររំលឹកផងដែរថា សម្បត្តិធម្មជាតិដូចជាគម្របព្រៃឈើវាបានប្រែក្លាយទៅជាព្រៃរហោឋានទៅហើយ រួមទាំងសត្វព្រៃរងការបរបាញ់សម្លាប់យកសាច់ធ្វើជាម្ហូបអាហារធ្វើអាជីវកម្មស្ទើរតែដាច់ពូជ ។ ដោយឡែកភ្នំថ្មខ្លះ ជាសម្បត្តិធម្មជាតិត្រូវបានរលាយ បាត់បង់ដោយស្នាដៃក្រុមហ៊ុនទាំងនោះផងដែរ ។
ទោះជាយ៉ាងណាក្តី ការបំផ្ទុះយកថ្មភ្នំ ក៏ព្រោះតែតម្រូវការអភិវឌ្ឍន៍ មិនអាចចៀសផុតពីធ្វើអាជីវកម្ម ដើម្បីសង្គមបានឡើយ ៕
ចែករំលែកព័តមាននេះ