ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​គោលនយោបាយ​គាំពារ​វិនិយោគិន​ល្អ​ជាងគេ​ក្នុង​តំបន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល​(​ធុន​ស្រាល​) បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល​(​ធុន​ស្រាល​) បច្ចេកវិទ្យា និង​សេវាកម្ម ដែល​វិនិយោគិន​បរទេស អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន និង​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​នៅ​ទីស្តីការក្រសួង កាលពី​ពេល​ថ្មី​ៗ​នេះ ។
លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« គោលនយោបាយ​គាំពារ​វិនិយោគ​សំខាន់​ៗ​របស់​កម្ពុជា​រួម​មាន មិន​រើសអើង​ជាតិ​សាសន៍​, មិន​រឹបអូស​ទ្រព្យ​, មិន​ត្រូវការ​ដៃគូ​ក្នុងស្រុក​, មិន​កំណត់​តម្លៃ​ទំនិញ​និង​សេវាកម្ម​, មិន​កំហិត​រូបិយប័ណ្ណ​បរទេស និង​មិន​ត្រួតត្រា​ទុន​វិនិយោគ ព្រមទាំង​សក្តានុពល​នៃ​វិស័យ​កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និង​ឧស្សាហកម្ម​កម្មន្តសាល »​។ លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« កម្ពុជា​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​កសិផល​មិន​ទាន់​កែ​ច្នៃ​ច្រើន យើង​ចង់បាន​វិនិយោគិន​នូ​វែ​ល​ហ្សេ​ឡង់ មក​វិនិយោគ​លើ​វិស័យ​កម្មន្តសាល ដើម្បី​ផ្ទេរ​ជំនាញ និង​បច្ចេកវិទ្យា​ថ្មី​ៗ ព្រមទាំង​អភិវឌ្ឍន៍​ខ្សែ​សង្វា​ក់​តម្លៃ​កសិផល ដើម្បី​ជំរុញ​ការ​នាំ​ចេញ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា »​។

លោក Tahamoana Aisea Cluny MacPherson បាន​សម្តែង​ការ​ចាប់អារម្មណ៍​ចំពោះ​គម្រោង​Plus One​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បាន​សន្យា​ផ្សព្វ​ផ្សាយដំណឹង​នេះ ដល់​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​ជួយ​កៀងគរ​វិនិយោគិន​នូ​វែ​ហ្សេ​ឡង់ ឱ្យមក​បណ្តាក់ទុន​កាន់តែ​ច្រើន នា​ពេល​អនាគត ។

ការ​អនុវត្ត​គោលនយោបាយ​គាំពារ​វិនិយោគិន​នេះ ក៏​ត្រូវ​បាន​វិស័យ​ឯកជន​យល់​ឃើញ​ថា កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​មាន​កំណើន​ជា​បន្ដបន្ទាប់​ផង​ដែរ ។
អគ្គនាយករង​ក្រុមហ៊ុន អេ​ម​រុ រា​យស៍​យល់​លោក កាន់ គ​ន្ធី យល់​ឃើញ​ថា គោលនយោបាយ​គាំពារ​ដែល​រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​នេះ គឺ​មាន​ប្រសិទ្ធ​ភាពល្អ​ទាំង​ក្នុង​វិស័យ​ឯកជន និង​ការ​វិនិយោគ ។

អគ្គនាយករង​ថ្លែង​ថា ៖« តាម​ពិត​គោលនយោបាយ​គាំពារ​វិនិយោគិន​របស់​រាជរដ្ឋាភិបាល​នេះ ចូលរួម​គាំពារ​ច្រើន ហើយ​តាំងពី​មាន​គោលនយោបាយ​នេះ យើង​ឃើញ​មាន​ក្រុមហ៊ុន​ធំ​ៗ​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើន សូ​ម្បី​តែ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ ក៏​ឃើញ​មាន​ក្រុមហ៊ុន​យក្ស​ធំ​ៗ​ចូល​មក​វិនិយោគ​ដែរ នៅ​ពេល​យើង​បង្កើត​គោលនយោបាយ​គាំពារ​ថា មិន​ចាំបាច់​ចូលរួម​ជាមួយ​វិនិយោគិន​កម្ពុជា គាត់​អាច​វិនិយោគិន​១០០%​បាន ហើយ​យើង​ឃើញ​ធនាគារ​ធំ​ៗ​មួយ​ចំនួន​ធំ​ក៏​ជា​ធនាគារ​បរទេស​ដែរ »​។

លោក​បញ្ជាក់​ថា ៖« គោលនយោបាយ​នេះ គឺ​មាន​ប្រសិទ្ធភាព​ច្រើន ហើយ​វា​បាន​ចូលរួម​ជួយ​សេដ្ឋកិច្ច​កម្ពុជា​បាន​ច្រើន នៅ​ពេល​ក្រុមហ៊ុន​ធំ​ៗ​ចូល​មក​កម្ពុជា ទី​មួយ​គាត់​មាន​ថវិកា ធនធាន និង​មាន​បច្ចេកទេស​ជាដើម ។ លើស​ពី​នេះ​ធ្វើ​ឱ្យ​វិស័យ​មួយ​ចំនួន​នៅ​ក្នុងស្រុក​មាន​ភាព​ប្រសើរ និង​មានការ​ប្រកួតប្រជែង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ