ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ ​នៅ​ប្រទេស​ចិន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​បក្ស​កុម្មុយនីស្ត​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

សមាសភាព​គណៈប្រតិភូ​អមដំណើរ សម្តេច​តេ​ជោ ក្នុង​ទស្សនកិច្ច​នេះ រួម​មាន ៖ សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​រាជរដ្ឋាភិបាល ។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ខាងលើ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជី​ន​ពឹង អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា ជាមួយ​ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន និង​ឯកឧត្តម ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន ។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ ក៏​នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ទស្សនកិច្ច​មិត្តភាព​ផ្លូវការ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​សាធារណរដ្ឋ ប្រជាមានិត​ចិន សបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេរ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​បន្ត​រឹតចំណង និង​លើកកម្ពស់​មិត្តភាព​ដែកថែប ព្រមទាំង​ជំរុញ​កិច្ច​សហ ប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ឱ្យ​កាន់តែ ជោគជ័យ​បន្ថែម​ទៀត ៕