ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងបង្កើតខឹងប្អូនប្រុសចូលផ្ទះយប់ជ្រៅ ទាស់ទែងវាយ​កាប់​ចាក់គ្នា ​រងរបួសធ្ងន់ទាំងសងខាង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស២នាក់​បងប្អូន និង​ជា​កូន​វីរ​កងទ័ព បាន​រង​របួសធ្ងន់​ទាំង​សងខាង បន្ទាប់​ពី​មាន​ទំនាស់​គ្នា រឿង​ដើរ​លេង​ចូល​ផ្ទះ​ពេល​យប់​ជ្រៅ ហើយ​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា​ យ៉ាង​ស៊ីសាច់ហុតឈាមបណ្តាល​ឱ្យ​ឈាម​ហូរ​ពេញ​ផ្ទះ​។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​ម៉ោង១១យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លុះ​នៅ​វេលា​ម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ បន្ទាប់​ពី​ឡោម​ព័ទ្ធ​អស់ ១យប់ សមត្ថកិច្ច​ក៏​បាន​សហការ​ជាមួយ​ឪពុក ដែល​ជា​វីរ​កងទ័ព បើកទ្វារ​ក្នុង​គោលបំណង​នាំ​ខ្លួន​ជនសង្ស័យ​ជា​បង ដែល​បាន​ចាក់សោ​នៅ​ក្នុងផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​ដេក​នៅ​ក្នុង​ថ្លុកឈាម រួច​ក៏​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ផង​ដែរ​។

ជន​ដៃដល់​ត្រូវជា​បង មានឈ្មោះ សោម ចាន់​តារា ហៅ អា​ធុ​យ ភេទ​ប្រុស អាយុ ៤២ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​បាន​រង​របួសធ្ងន់​។ ចំណែក​ជន​រង​គ្រោះ​ត្រូវជា​ប្អូន ឈ្មោះ សោម ចាន់​សីហា ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅផ្ទះ​កើតហេតុ ក៏​បាន​រង​របួសធ្ងន់​ដែរ​។

តាម​ស្ត្រី​ជា​ម្តាយ​បានឱ្យ​ដឹង​ថា គាត់​និង​កូនប្រុស ២នាក់ បាន​ស្នាក់​នៅ​ជាមួយ​គ្នា ដោយ​ឪពុក​ជា​វីរ​កងទ័ព ប្រចាំ​នៅ​ខេត្តកោះកុង​។ កូនប្រុស​ច្បង​ជា​មនុស្ស​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ទោះជា​ណែនាំ​ ក៏​លែង​ស្តាប់​ដែរ​។ ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ កូនប្រុស​ពៅ ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី បាន​ចូល​ផ្ទះ​យប់​ជ្រៅ ទាំង​មាន​ស្ថានភាព​ស្រវឹង ទើប​បង្ក​ឱ្យ​មាន​ទំនាស់​គ្នា​មួយ​បង ដោយសារ​តែ​បង​ខឹង​នឹង​ប្អូន​មក​ផ្ទះ​យប់​ជ្រៅ រំខាន​ដល់​ការ​សម្រាក​របស់ខ្លួន​ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ការ​ទាស់ទែង​គ្នា​នេះ ក៏​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា បណ្តាល​ឱ្យ​បុរស​ជា​ប្អូន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ម្តាយ​និង​អ្នក​ជិតខាង​ហៅ​ម៉ូតូ​កង់​បី បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ​។ ដោយឡែក​ជនសង្ស័យ​ជា​បង មុន​ដំបូង​ឡើយ​គេ​ពុំ​ដឹង​ថា ​មាន​របួស​នោះ​ទេ ដោយ​រូបគេ​បាន​ចូល​ក្នុងផ្ទះ​បិទទ្វារ​សម្ងំ​លាក់ខ្លួន ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឡោម​ព័ទ្ធ​អស់ ១យប់​។ បន្ទាប់​មក ម្តាយ​បាន​ទាក់ទង​ទៅ​ឪពុក ដែល​ជា​កងទ័ព​ឱ្យមក​ជួយ និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច ដោយ​មាន​ប្រដាប់​ដោយ​ដែក​ទាស់ និង​ដំបង​ឆក់ ដើម្បី​បើកទ្វារ​ចូល ក្នុង​គោលបំណង​ចាប់ខ្លួន ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​បង​ បាន​រង​របួសធ្ងន់ ដេក​ក្នុង​ថ្លុកឈាម​នៅ​ជាន់​ទី​១ ហើយ​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​ មក​ដឹក​យក​ទៅ​ព្យាបាល​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​បាន​ដកហូត​កាំបិត​ផ្គាក់ និង​ដំបង​ដែក ដែល​បងប្អូន​ទាំង ២ នាក់ ប្រើប្រាស់​សម្រាប់​វាយ​កាប់​ចាក់​គ្នា​ផង​ដែរ​៕