កម្ពុជាអាចចាប់យកកាលានុវត្តភាពចេញពីបដិវត្តន៍ឧស្សាហកម្មទី4
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជាអាចចាប់យកកាលានុវត្តភាពដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤ ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសិក្សារកឃើញថា បដិវត្តន៍នេះ នឹងបង្កើតតម្លៃសេដ្ឋកិច្ចដ៏ច្រើនសម្រាប់តំបន់អាស៊ាន ។

លោក វង្សី វិស្សុត បានបន្តថា តាមរយៈបដិវត្តន៍ឧស្សាហកម្មទី៤នេះ អាស៊ានមានសក្តានុពលធំធេងក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និងរក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់តំបន់របស់យើង តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្នុងបរិបទនៃការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរយ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យា ។ លោកបន្តថា បច្ចុប្បន្នពិភពលោក កំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តន៍ថ្មីមួយ ឬបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល, ដំណើការរបស់អាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ ។ ការវិវត្តយ៉ាងលឿនផ្នែកបច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ, ដ្រូន (Drone), ពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), រហូតដល់ការបោះពុម្ព 3D (3D Printing), និងបញ្ញានិមិត្ត (Artificial Intelligence) ជាដើម ។
លោករដ្ឋលេខាធិការបានបន្តថា បដិវត្តន៍ ឧស្សាហកម្មទី៤ នឹងធ្វើការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព និងពង្រីកវិមាត្រសេដ្ឋកិច្ចកាន់តែធំ តាមរយៈប្រព័ន្ធឌីជីថល ដូចជា ការទូទាត់ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ ក្នុងន័យនេះ ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេ នៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត ៕
ចែករំលែកព័តមាននេះ