រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធដុតរថយន្តនៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ឋនាគារព្រៃសបណ្តោះអាសន្ន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ មិថុនា ២០១៣ ក្រោមបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ។
ជនសង្ស័យឈ្មោះគួយ ប៉េងស្រ៊ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ជននេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ មិថុនា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយាឈ្មោះលឹម សុខហៀង អាយុ ៤០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ។
គួរបញ្ជាក់ថា រថយន្តម៉ាកកាមរីបាឡែន ស៊េរី២០០២ ពណ៌ស្ករ មួយគ្រឿងត្រូវបានបុរសជាប្តីផ្ទុះកំហឹងដុតចោលទាំងកណ្តាលយប់កាលពី ថ្ងៃទី៤ មិថុនា នៅតាមបណ្តោយផ្លូវ៥៩៨ ក្បែរប៉ុស្តិ៍យាមមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។ ការដុតរថយន្តខ្លួនឯងនេះ គឺបន្ទាប់ពីមានទំនាស់គ្នា ហើយបុរសជាប្តីវាយប្រពន្ធបែកក្បាលទំនងជាដើមហេតុនៃការប្រចណ្ឌ ។
ចែករំលែកព័តមាននេះ