រាជធានីភ្នំពេញ ៖ ស្របពេលនឹងកំណើននៃការវិនិយោគរបស់ចិនបានកើនឡើង បានធ្វើឲ្យតម្លៃជួលអចលនទ្រព្យ ពិសេសលំនៅឋាន និងការិយាល័យ កើនឡើងយ៉ាងគំហុកនៅទីក្រុងប៉ោយប៉ែត ។
អ្នកវិនិយោគគម្រោងបុរីលំនៅឋាននៅក្រុងនេះ លោក សុខ ហ៊ាង បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣១ តុលា កន្លងមកថា នៅឆ្នាំនេះ តម្លៃជួលលំនៅឋាន និងអគារការិយាល័យបានកើនឡើងខ្ពស់ខុសពីឆ្នាំមុនៗ ដោយផ្ទះល្វែងកាលពីមុនអាចជួលបាន១៥០ដុល្លារ ប៉ុន្ដែបច្ចុប្បន្នតម្លៃជួលបានកើនឡើងដល់ចន្លោះពី៧០០ទៅ៨០០ដុល្លារក្នុង១ខែ សម្រាប់តំបន់សក្ដានុពល ។
លោកបន្តថា ចំណែកអគារការិយាល័យសម្រាប់ជួល ក៏កំពុងខ្វះខាតយ៉ាងច្រើនផងដែរ ដោយសារកំណើននៃការវិនិយោគរបស់អ្នកវិនិយោគចិន ជប៉ុន កូរ៉េ និងម៉ាឡេស៊ី ជាដើម ។
លោកបញ្ជាក់ថា ៖« បច្ចុប្បន្ន អគារការិយាល័យដែលវិនិយោគដោយក្រុមហ៊ុនវឌ្ឍនៈ មានកម្ពស់១២ជាន់ បាននិងកំពុងសាងសង់ ប៉ុន្តែទោះជាបញ្ចប់ការសាងសង់ក្តី ក៏ការផ្គត់ផ្គង់មិនទាន់ឆ្លើយតបនឹងតម្រូវការដែរ ហើយបន្ទប់សណ្ឋាគារ និងផ្ទះសម្រាប់ជួល ក៏កំពុងខ្វះខាតជាប្រចាំផងដែរ »។
លើសពីនេះ ក្រុងដែលមានការរីកចម្រើនយ៉ាងលឿននេះ ក៏បាននិងកំពុងខ្វះខាតធនធានមនុស្សយ៉ាងខ្លាំង និងខ្វះគ្រប់ផ្នែក រាប់ទាំងបុគ្គលិកធម្មតា ទាំងគណនេយ្យ អ្នកគ្រប់គ្រង និងកម្មករធ្វើការងារក្នុងវិស័យសំណង់ជាដើម ។
លោក សុខ ហ៊ាង បានបន្តថា ដោយសារមានការរីកចម្រើន និងកំណើននៃការវិនិយោគ បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងមានអគារខ្ពស់ថ្មីៗជាច្រើន ដោយអគារចាប់ពីកម្ពស់៥ដល់ជាង២០ជាន់មានប្រមាណ៦០អគារហើយ ក្នុងនោះអគារកម្ពស់១០ជាន់មាន៦អគារ និងអគារកម្ពស់២០ជាន់មានចំនួន៦ ព្រមទាំងមានបុរីលំនៅឋានកំពុងសាងសង់ចំនួន១០គម្រោង ។
លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែតពិតជាមានការរីកចម្រើនលឿន ដោយសារកំណើននៃការវិនិយោគចិន ដែលធ្វើឲ្យមានការខ្វះខាតអគារសម្រាប់ជួល និងស្នាក់នៅជាប្រចាំ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ខាងមុខទៅ ក្រុងប៉ោយប៉ែតនឹងមានអគារកម្ពស់ចាប់ពី២០ទៅ៣០ជាន់ហើយ ។
លោកបន្តថា ៖« ជាមួយនឹងកំណើននៃការវិនិយោគ បានធ្វើឲ្យទីក្រុងនេះមានភាពរីកចម្រើន និងធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងយ៉ាងខ្លាំងផងដែរ »។
ក្រុងប៉ោយប៉ែតជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស ។ ក្រៅពីមានច្រកទ្វារអន្តរជាតិដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនោះ ក្រុងដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃមួយនេះ ក៏នៅមានសក្ដានុពលជាច្រើនទៀតដូចជា តំបន់សេដ្ឋកិច្ចពិសេសដែលប្រមូលផ្ដុំដោយរោងចក្រ និងគម្រោងសាងសង់ព្រលានយន្ដហោះឡើងវិញជាដើម ដែលរឹងរឹតតែធ្វើឲ្យក្រុងមួយនេះកាន់តែទាក់ទាញការវិនិយោគថែមទៀត ៕
ចែករំលែកព័តមាននេះ