រាជធានីភ្នំពេញ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី៤ មិថុនា ស្ថិតនៅផ្ទះលេខ១៥១E0 ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បណ្តាលឱ្យស្ត្រីជាប្រពន្ធបែកក្បាលហូរឈាមដោយសារប្តី និងក្មួយស្រីចាប់បោកក្បាលនឹងគ្រែ ។ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ក្រុមគ្រួសារខាងលើនេះតែងឈ្លោះប្រកែកគ្នាស្ទើរតែរាល់ថ្ងៃ ជួនកាលឈានដល់ការប្រើអំពើហិង្សាដាក់គ្នាក៏មានដែរ ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធឈ្មោះ ជិន សុធីណា អាយុ៣៨ឆ្នាំ បានឱ្យដឹងថា រូបគាត់ត្រូវបុរសជាប្តី និងក្មួយស្រីម្នាក់ទៀតបានចាប់គាត់បោកក្បាលនឹងគ្រែធ្វើឱ្យបែកក្បាលហូរឈាម ទើបគាត់មកប្តឹងឱ្យនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ចុះទៅជួយអន្តរាគមន៍ ។ លុះពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរពីដំណើររឿង បែរជាស្ត្រីរងគ្រោះលាក់លៀមឈ្មោះរបស់ប្តីទៅវិញ ដោយលើកឡើងថា មិនចង់ប្រាប់ខ្លាចខូចកិត្តិយសរបស់គាត់ ។
ដោយឡែក បុរសជាប្តីមិនបានចុះពីលើផ្ទះទេ មានតែស្ត្រីជាប្រពន្ធដែលមកឈរយំនិយាយរៀបរាប់ប្រាប់សមត្ថកិច្ចទាំងក្តៅ និងដើរចុះដើរឡើងហើយស្រាតសារុងខាងក្រៅចេញ ប៉ុន្តែត្រូវនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ប្រាប់ឱ្យស្លៀកសារុងវិញ ព្រោះវាជារឿងគួរឱ្យអាក្រក់មើលណាស់ ៕
ចែករំលែកព័តមាននេះ