ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តមួយគ្រឿងបានបុកគ្នាជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យស្លាប់មនុស្ស២នាក់កាលពីវេលាម៉ោង១១និង៥នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩០-១៩១ ស្ថិតក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងខាងលើនេះបង្កដោយរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-២៥១៣ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។
លុះមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាជែងបុកនឹងម៉ូតូមួយគ្រឿងម៉ាក AREBLADE ពណ៌ ខ្មៅ គ្មានផ្លាកលេខ ជិះដោយបុរស២នាក់ មិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសាររបស់ជនរងគ្រោះ។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី ។ រីឯរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ