ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿងគ្រូបង្រៀនបឋមសិក្សាម្នាក់ដែលជាប់ចោទប្រទូស្តកេរិ៍្តសិស្សស្រី៤នាក់មកដល់ពេលនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយទេ ប៉ុន្តែលោកគ្រូបង្រៀនដែលរងការចោទប្រកាន់នោះត្រូវមន្ទីរឈប់ឱ្យបង្រៀន ដោយដកមកបញ្ឈរជើងនៅការិយាល័យអប់រំស្រុករលាប្អៀរជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី៣ មិថុនា ២០១៣ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
សូមរំឮកថា កាលពីចុងខែឧសភាកន្លងទៅនេះ លោកគ្រូបង្រៀនម្នាក់ឈ្មោះកែម ចាន់ឆេន បង្រៀននៅសាលាបឋមសិក្សាថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ត្រូវបានសិស្សស្រីរៀនថ្នាក់ទី៦(ក)ចំនួន៤នាក់ រួមទាំងអាណាព្យាបាលផងបានមកសុំឱ្យមន្ត្រីសិទ្ធិមនុស្សអាដហុកជួយធ្វើពាក្យប្តឹងទៅកងរាជអាវុធហត្ថខេត្តពីបទប្រទូស្តកេរ្តិ៍។ លុះក្រោយមកទៀតសិស្សថ្នាក់ទី៦(ក) រួមទាំងអាណាព្យាបាលផងបានមកសុំអន្តរាគមន៍ពីមន្ទីរអប់រំខេត្តដើម្បីសុំប្តូរគ្រូបង្រៀនឈ្មោះកែម ចាន់ឆេន នេះចេញ ព្រោះម្ខាងជាដើមចោទ ម្ខាងទៀតជាជនត្រូវចោទមិនអាចទុកបង្រៀន និងរៀនជាមួយគ្នាបានទេ ៕
ចែករំលែកព័តមាននេះ