រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿងម៉ាកកាមរីស៊េរីឆ្នាំ៩១បានបើកថយក្រោយបំបុកផ្ទះស្ត្រីម្នាក់បណ្តាលឱ្យរងការខូចខាតទ្វារខាងមុខទាំងស្រុង រួចបើកគេចបាត់ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៤ មិថុនា ២០១៣ នៅបុរីព្រីនថោន ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលស្ត្រីម្ចាស់ផ្ទះកំពុងស្ថិតនៅក្នុងផ្ទះស្រាប់តែមានរថយន្តម៉ាកកាមរីស៊េរី៩១ពណស១គ្រឿងបើកទៅឈប់នៅខាងមុខផ្ទះបានបន្តិច ក៏បើកបត់តម្រង់គូទចំទ្វារផ្ទះខាងលើរួចបើកថយក្រោយក្នុងល្បឿនយ៉ាងលឿនបំបុកទ្វារផ្ទះនោះបាក់ខូចខ្ទេចខ្ទី ហើយបើកចេញទៅបាត់ស្រមោល។
ក្រោយកើតហេតុគេឃើញម្ចាស់ផ្ទះចាកចេញទៅបាត់ដែរ ទំនងជាមានការភ័យខ្លាច ព្រោះនេះមិនមែនជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទេ វាអាចជាចេតនាបើកបំបុកដើម្បីជាការព្រមានម្ចាស់ផ្ទះ ដែលគេសង្ស័យថា មានពាក់ព័ន្ធរឿងស្នេហាត្រីកោណ៕
ចែករំលែកព័តមាននេះ