ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​រង់​ចាំ​រដ្ឋា​ភិ​បាល​ថ្មី​ សម្តេច​តេជោ​ ៖ គម្រោង​នានា​មិន​ត្រូវ​បង្អាក់​មុន​ការ​បោះ​ឆ្នោត​នោះ​ឡើយ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​​និរោធ​​ជំហាន​ទី​១​​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​​និរោធ​​​​ ខណ្ឌមាន​ជ័យ​ ​កសាង​ឡើង​​ក្រោម​ហិរញ្ញ​ប្ប​ទាន​​​ពី​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD) និង​​ហិរញ្ញ​​ប្ប​ទាន​ពីទី​​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​នៃប្រទេស​ជប៉ុន​(JICA) និង​ថវិកា​បដិ​ភាគ​របស់​​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​សរុប​​ថវិ​កា​​ទាំង​អស់ចំនួន​៩០,៤​លាន​ដុល្លារ​អាមេរិក ត្រូវ​​បាន​​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ

រាជ​ធានីភ្នំពេញ ​៖ ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​​និរោធ​​ជំហាន​ទី​១​​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​​និរោធ​​​​ ខណ្ឌមាន​ជ័យ​ ​កសាង​ឡើង​​ក្រោម​ហិរញ្ញ​ប្ប​ទាន​​​ពី​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​(AFD) និង​​ហិរញ្ញ​​ប្ប​ទាន​ពីទី​​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​នៃប្រទេស​ជប៉ុន​(JICA) និង​ថវិកា​បដិ​ភាគ​របស់​​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​សរុប​​ថវិ​កា​​ទាំង​អស់ចំនួន​៩០,៤​លាន​ដុល្លារ​អាមេរិក ត្រូវ​​បាន​​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ​​​ក្រោម​​អធិបតី​​ភាព​ដ៏​​ខ្ពង់​ខ្ពស់សម្តេច អគ្គ​​​មហា​​​សេនា​បតី​តេជោ ​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​នៅ ព្រឹក​ថ្ងៃទី​៤ មិថុនា ​​។

ក្នុង​ឱកាស​នោះ​មាន​ការ​និមន្ត​ និង​​អញ្ជើញ​​​ចូ​លរួម​​ពី​​សម្តេច​ព្រះ​ពោធិ​វ័ង្ស​កិត្តិ​បណ្ឌិត អំ លឹម​ហេង ព្រះសង្ឃ​​នាយក​​​រង​​ទី​២​នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ព្រះ​ថេ​រានុត្ថ​​រៈ លោក​ គូម៉ា​ម៉ា​រូ យូ ជិ​ ឯក​អគ្គ​រា​ជ​ទូត​​ជប៉ុន​ប្រចាំ​ព្រះរាជា​ណា​​​​ចក្រ​កម្ពុជា ​លោក​​Serge Mostura ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​​​ព្រះ​រាជាណាចក្រ​កម្ពុជា ​​ព្រម​ទាំង​សមា​ជិក​ សមា​ជិការដ្ឋ​សភា ​ព្រឹទ្ធ​សភា ​​​រាជ​​រដ្ឋា​ភិបាល​ ភ្ញៀវ​ជាតិ​-អន្តរជាតិ​ ប្រជាពលរដ្ឋ​ លោក​គ្រូ​​អ្នក​គ្រូ ​​និង​​សិស្សា​នុសិស្ស​​យ៉ាង​​ច្រើន​កុះ​​ករ​​ ។

សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​​​បាន​មាន​​ប្រសាសន៍​សម្តែង​នូវការ​​អរគុណ​ចំពោះ​រដ្ឋា​​ភិបាល​​បារាំង ​និង​រដ្ឋាភិបាល​​ជប៉ុន​ ដែល​​មាន​ជំនឿ​​ជឿ​​ជាក់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ​រដ្ឋា​ភិបាល​​ប្រទេស​​ទាំង​ពីរ​នេះ បា​ន​ចុះ​ហត្ថ​លេខា​ផ្តល់​ហិរញ្ញ​​ប្បទាន​​​មុន​ពេល​​បោះ​ឆ្នោត​​​មក​ដល់​ ​នេះគឺ​ជា​​ការ​បង្ហាញ​ពី​ជំនឿ​​ទុកចិត្ត​​ ​ចំពោះ​​ស្ថិរ​ភាព​​នយោ​បាយ​​របស​់​កម្ពុជា ដែល​​គម្រោង​នានា​មិន​ត្រូវ​បាន​ប​ង្អាក់​នៅ​ក្នុង​រយៈ​​កាល​​នៃការ​បោះ​ឆ្នោត​​នោះ​​​ទេ ​។ ​​មាន​ភាព​ខុស​គ្នា​​កាលពី​ឆ្នាំ​២០០៣ ដែល​ប្រទេស​មួយ​ចំនួន​យល់​ថា ​ត្រូវ​រង់​​​ចាំ​ក្រោយ​ការ​បោះ​ឆ្នោត ឬ​រហូត​​ដល់​​ប្រទេស​មួយ​ចំនួន​ក៏​ដូច​ជា​ដៃគូ​មួយ​ចំនួន​​រង​់​ចាំបង្កើត​រដ្ឋា​ភិបាល​ថ្មី​ក្នុងរយៈ​​ពេល​​នៃ​​ការ​ជាប់​​គាំង​​ខាង​​នយោ​​​បាយ ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា ​នេះមិន​មែន​​ជាសារ​​​​នយោ​បាយ​មួយ​ទេ ​ប៉ុន្តែ​វា​ជា​រឿង​ពិត​មួយ​ដែល​បាន​និង​កំពុង​កើត​នៅ​ក្នុង​ទឹកដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។​ ទន្ទឹម​នឹងនេះ​ សម្តេច​បាន​​ថ្លែង​នូវ​អំណរ​គុណ​​លោក​ឯក​អគ្គ​រដ្ឋ​​ទូត​​ប្រទេស​បារាំង និង​​ប្រទេស​ជប៉ុន​​ដែល​​បាន​​ចូលរួម​នៅ​ថ្ងៃ​នេះ​ជាមួយ​នឹង​ការ​បំពេញ​នូវកិច្ច​ការ​ទាំង​ឡាយ​ដែល​ជំរុញ​ក្នុង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​។ ជាមួយ​ប្រទេស​ជប៉ុន ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៦០ នៃទំនាក់​ទំនង​រវាង​កម្ពុជា-​ជប៉ុន​​ផងដែរ ​ជួន​​គ្នា​នឹង​ព្រះ​ករុណា​ព្រះ​មហា​​ក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ព្រះ​អង្គ​ព្រះ​ជ​ន្ម​៦០​ព្រះ​វស្សា ​។ ចំណុច​នេះ​ជាការ​គាប​់​ជួន​គ្នា​យ៉ាង​​ខ្លាំង​ណាស់នៅ​ក្នុងទំនាក់​ទំនង​ ពេល​ដែល​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​​ព្រះ​អង្គ ទ្រង់​ប្រ​សូត​​​គឺមាន​ទំនាក់​ទំនង​រវាងកម្ពុជា ​និង​ជប៉ុន​ដែល​ទើប​នឹង​ប្រារព្ធ​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​អង្គ​កាល​ពី​ខែក​ន្លង​ទៅ​ ។

ដោយ​​ឡែ​​ក​ ចំពោះ​បារាំងគឺមាន​ចំណង​ទាក​់​ទង​យូរ​អង្វែង​ណាស់ ​អ្វី​ៗ​គឺ​​បាន​ដំណើរ​ការ​ទៅ​មុខ​ ខ្ញុំ​សូម​បន​់ស្រន់​និង​ជួយ​​​ជ្រោមជ្រែង​ ដើម្បី​​ឱ្យ​ទំនាក់​ទំនង​កម្ពុជា-បារាំង​​កាន់​​តែ​ដំណើរ​ការ​ទៅ​មុខបន្ត​ទៀត ។ ពាក់​ព័ន្ធ​​នឹងកិច្ច​ពង្រឹង​ពង្រីកទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ថែម​ទៀត ​សម្តេច​តេជោ​ នាយក​​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​គូស​បញ្ជាក់ ថា ​ខ្ញុំ​ពិត​ជា​មិន​ឱ្យ​មិ​ត្ត​ភក្តិ​មានការខក​ចិត្ត​ទេ ​មិត្តភក្តិ​ជួយ​យើង​ យើងក៏​​ជួយ​មិត្ត​ភក្តិ​វិញ​​ដែរ ​។ នៅ​ត្រង់​ថា ​រដ្ឋាភិបាល​របស់​មិត្ត​ភក្តិ​​ ពិត​ជាមានការ​លំបាក ប្រសិន​​បើ​យើង​អភិវឌ្ឍន៍​​ទៅវា​​គ្មាន​តម្លា​ភាព ​​គ្មាន​ប្រសិទ្ធ​ភាព​ខាង​សេដ្ឋកិច្ច នោះ​រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​នោះ​នឹងមាន​ការ​ដេញដោល​សួរ​​​​រដ្ឋាភិបាល​របស់​គេ​ស្តី​អំពី​បញ្ហា​ទាក់​ទិន​នៅ​នឹង​​អភិបាល​​កិច្ច…។

ដូច្នេះហើយ ក្នុងចំណុច​នេះ សម្តេច​បាន​សង្កត់​ធ្ងន់​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​បន្ត​ការ​ខិត​ខំ​​​ទៅ​លើ​កំណែ​ទម្រង់​ទាំង​ឡាយ​ដែល​ខ្លួន​បាន​និង​កំពុង​ធ្វើ​ ហើយ​នឹង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​​ទាក់​ទ​ង​​នឹងការ​ជំរុញ​​ការ​អភិវឌ្ឍ ​ទាក់​ទង​នឹង​បញ្ហា​ទាំងឡាយ​ដែល​ជា​ស្នូល​នៃ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​​ ដើម្បី​កំណើន​ការងារ​សម​ធម៌​ និង​ប្រសិទ្ធ​ភាព​ ដែល​មាន​អភិបាល​កិច្ច​ជា​ស្នូល​សម្រាប់​ការ​​អភិវឌ្ឍ​ ​ហើយ​​កុំ​​ឱ្យ​អ្វី​​ដែល​ជា​​​សមិទ្ធ​ផល​ដែល​បាន​ប្រសូតនៅ​​ថ្ងៃ​នេះ​វា​​បាត់​បង់​ប្រសិទ្ធភាព ។

សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី​​បាន​ស្នើ​ឱ្យ​រដ្ឋាករ​ទឹក​ស្វយ័​ត​ក្រុង​ភ្នំពេញ​ត្រូវ​ប​ន្ត​​ជំហាន​​វិនិយោគ​​ត​ទៅ​ទៀត​ ។ ​បានសេចក្តី​ថា ​ការរីក​ចម្រើន​របស់​យើង​មិន​​ត្រឹម​តែ​រាជ​ធានីភ្នំពេញ​មួយ​ទេ គឺ​​ប្រទេស​កម្ពុជា​ក៏​រីក​ចម្រើន​​ដូច​គ្នា​ដែរ​។​ ទីក្រុង​និង​ជន​​បទ​ កំពុង​បោះ​ជំហាន​​ព្រម​ៗ​គ្នា​ជាមួយ​នឹង​ហេដ្ឋា​រចនា​សម្ព័​ន្ធ ជាមួយ​នឹង​ការ​ផ្តល់​​ទៅ​ទ​ី​ជន​​បទ ដើម្បី​កាត់​បន្ថយ​គម្លាត​​​រវាង​ទី​​ក្រុង​​នឹងជន​បទ​​តាម​រយៈ​​ការ​ផ្តល់​ជូន​​ដល់​ជន​បទ ​ជាមួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ការត​​ភ្ជាប់ ​ហើយ​ជំរុញ​វិស័យអប់រំ​​ វិស័យ​សុខា​ភិបាល​ និង​វិស័យ​ដទៃ​ទៀត​សម្រាប់​​​ឱ្យ​ជន​បទ​ទទួល​បាន ។

សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​រំលឹក​​ដាស់​តឿន​ដល់​រដ្ឋា​​ករ​ទឹក​ក៏​ដូច​ជា​ផ្នែក​រដ្ឋ​​និង​​ផ្នែក​ឯកជន​​​នៅ​​​រាជ​ធានី​​ភ្នំពេញ ថា ​គប្បី​ត្រូវ​តែ​រៀប​ចំ​​ឱ្យមាន​បំពង់​បង្ហូរ​​​​ទឹក​តម្រង់​​ឆ្ពោះ​ទៅ​រោង​​ចក្រ​​ សហ​គ្រាស សណ្ឋា​គារ និង​​ក្រសួង ​ស្ថាប័ន​របស់​ខ្លួន ​ដើម្បី​ចៀស​វាង​នូវ​ការ​​លំបាក​ក្នុងការ​​​អន្តរាគមន៍​ពន្លត់​អគ្គិ​ភ័យ​ដែល​តែង​តែ​​​​កើតមាន​ជា​រឿយៗ ។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា ​ម្ចាស់​ដែល​​មាន​បុរី រោង​ចក្រ សហគ្រាស​ ​សណ្ឋាគារ ក៏​ត្រូវ​​គិតគូរ​រៀប​ចំ​ ត្រូវ​តែ​​​ធ្វើ​​ ត្រូវមាន​ការ​ចែកចាយ​ទឹក​​​នៅ​​ក្នុងតំបន់​បម្រុង​ទុក ។ បើ​មិនដូច្នេះ​ទេ  ​ទោះ​បី​មាន​រថយន​្ត​ពន្លត់​​អគ្គិ​ភ័យ​ប៉ុន្មាន​​​​​​​​​​​ក៏​នៅ​​​តែ​មិន​ទាន់​​សភាព​ការណ៍​នៃការ​​អន្តរាគមន៍​ដែរ ។

ទន្ទឹម​នឹងការរៀប​ចំ​បណ្តាញ​ចែកចាយ​​ទៅ​ឱ្យ​​ប្រជា​ពលរដ្ឋ រដ្ឋា​ករ​ទឹក​ក៏​ត្រូវ​រៀប​ចំ​ឱ្យ​មាន​បណ្តាញ​​បំពង់​បង្ហូរ​​ទៅ​កាន់​តំបន់​ដែល​ត្រូវ​យក​ទឹក​សម្រាប់​អន្តរាគមន៍ នៅរោង​​ចក្រ សហ​គ្រាស​​ក្រុម​ហ៊ុន ស្ថាប័ន​រដ្ឋ ​សណ្ឋាគារ ​។ នៅ​ពេល​មាន​សភាព​ការណ៍​ គឺត្រូវ​ចាប់​បន្ត​​ភ្លាម​​ឱ្យ​​ទាន់​​សភាព​ការណ៍ ឬ​យ៉ាងហោច​ណាស់ រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​អាច​យក​​​ទឹក​​ពី​ទី​នោះ​បន្ត​ឆ្ពោះ​​​ទៅ​​ដោយ​មិន​ចាំ​​បាច់​​បើក​មក​បូម​​​នៅ​កន្លែង​ដែ​ល​​​នៅ​ឆ្ងាយ​​ខាត​ពេល​វេលា ។
​សម្តេច​តេជោ ​ហ៊ុន ​សែន​​ ​បាន​រំលឹក​ដាស់​តឿន​​ទាំង​ផ្នែក​​ឯក​ជន​ ទាំង​​ផ្នែក​​រដ្ឋ ​​ក៏​ដូចជា​​រដ្ឋា​​ក​​រ​ទឹក​ត្រូវ​មាន​បំពង់​ចែក​ចាយ ដើម្បី​ចៀសវាង​នូវ​ការ​លំបាក​ គួរ​បង្កើត​តំបន់​យក​ទឹក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ឱ្យ​បាន​ច្បាស់ ដើម្បី​បូម​យក​ទឹក​ឱ្យ​បាន​​រហ័ស ​ត្រូវ​សហ​ការ​ជាមួយ​នគរ​បាល​ជាតិ សាលា​ក្រុង ​​រដ្ឋា​ករ​ទឹក​ ជាមួយ​ខេត្ត​កណ្តាល​ផង​ដែរ ។

​លោក​គូម៉ាម៉ា​រ៉ូ យូជិ ឯក​អគ្គ​​រាជ​ទូត​​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ថ្លែង​ថា ​គម្រោង​នេះ​នឹង​ជួយ​បង្កើន​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត ​នៅ ​​​​​រាជ​ធានី​​ភ្នំពេញ​ចំនួន​៣៨%​បន្ថែម​ទៀត ​។ នេះ​គឺជា​លទ្ធ​ផល​ដែល​កើត​​​ចេញ​​ពី​កិច្ច​សហ​ប្រតិ​បត្តិការ​​ និងកិច្ច​​សម្រប​​​សម្រួល​​​ដ៏​​​ជិត​ស្និទ្ធ​រវាង​ប្រទេស​ផ្តល់​ជំនួយ​​ដ៏ធំ​​ពីរ​ជូន​​ចំពោះ​ប្រទេស​កម្ពុជា​​គឺ​ប្រទេស​​ជប៉ុន​ និង​ប្រទេស​បារាំង ។ លោក​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​​បន្ត​ថា​រដ្ឋា​ភិបាល​​​ជប៉ុន​​​បានយក​ចិត្ត​ទុក​ដាក់​​ផ្តល់​​ជំនួយ​​ជា​យូរ​​មក​ហើយ ដើម្បី​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​វិស័យ​​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​​នៅ​​​កម្ពុជា គឺ​ចាប់​តាំង​ពី​​ទស​វត្សរ៍​​ឆ្នាំ​​១៩៩០​មក​ម៉្លេះ ។ នៅ​ប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗ​នេះ​​ ប្រទេស​ជប៉ុន​​បាន​និង​​កំពុង​​​​​​​​​​​អនុវត្ត​​ផ្តល់​ជំនួយ​​​ដើម្បី​​ពង្រឹង​​​ និង​ពង្រីក​​សមត្ថភាព​​ផលិត​ទឹក​ស្អាត​នៅ​ទីក្រុង​ពី​រ​បន្ថែម​ទៀត ​គឺ​​ស្ថានីយ​ផលិត​ទឹក​ស្អាត​ និង​បណ្តាញ​​ចែក​ចាយ​ទឹក​ស្អាត​នៅ​​តំបន់​ប្រជុំ​​ជន​ខេត្ត ។ សារ​លិខិត​ប្តូរ​នៃ​ជំនួយ​ឥត​សំណង​​​សម្រាប់​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​​​​នៅ​​ខេត្ត​កំពង់​ចាម និង​ខេត្ត​បាត់​ដំបង ​មាន​ទឹក​ប្រាក់​​៣.៣៥៥​​លាន​​យ៉េន​គឺ​ប្រហែល​ស្មើ​នឹង​៣៣​លាន​ដុល្លារ​អាមេរិក​ ​​​​ត្រូវ​​ចុះ​​ហត្ថលេខា​​​នៅ​ថ្ងៃ​ទី​៥ មិថុនា រវាង​រដ្ឋា​ភិបាល​​ជប៉ុន និង​​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។

ខ្ញុំ​សង្ឃឹម​ដោយ​ស្មោះ​​ស​រ​ថា គម្រោង​​សហ​ប្រតិ​បត្តិ​ការ​​ដែល​អនុវត្ត​​​ប្រកប​ដោយ​ជោគ​ជ័យ​ រួម​ទាំង​​រោង​ចក្រ​​ផលិត​ទឹក​ស្អាត​ដែល​បា​ន​​​ដាក់​ឱ្យ​ដំណើរ​ការ​​​សម្ពោធ​នៅ​ថ្ងៃ​នេះ នឹង​ជួយ​ពង្រឹង​​​ជាបន្ត​​ទៀត​នូវ​ទំនាក់​ទំនង​មិត្ត​​ភាព​​ដែល​មាន​ជា​យូរ​អង្វែង​មកហើយ​​​​រវាង​ប្រជា​ជន​ជប៉ុន​និង​ប្រជា​ជន​កម្ពុជា ។
លោក​ Serge Mostura ឯក​​​អគ្គ​រដ្ឋ​​ទូត​​បារាំង​ប្រចាំ​​នៅ​​កម្ពុជា​ថ្លែង​ថា ​ភាព​ជា​ដៃ​គូ​រវាង​​រដ្ឋា​ករ​ទឹក​ស្វយ័តក្រុង​ភ្នំពេញ​និងទី​ភ្នាក់​​ងារ​​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ បាន​​ចារឹក​នៅ​ក្នុង​ប្រវត្តិ​​សាស្ត្រ​ដ៏​យូរ​អ​ង្វែង​មួយ ដែល​បាន​ចាប់​ផ្តើម​​ឡើង​តាំងពី​​ដើម​ទសវត្ស​​ឆ្នាំ​១៩៩០​មក​ម្ល៉េះ។ គ្រាន់​តែ​រោងចក្រ​ផលិ​ត​ទឹក​ស្អាត​និរោធ​ជំហាន​ទី​១​នេះ​​​បាន​ដាក់​ឱ្យ​ដំណើរ​កា​រភ្លាម​ រដ្ឋា​ករ​​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​កំពុង​រៀបចំ ​សាងសង់​រោង​ចក្រ​​ផលិត​ទឹក​ស្អាត​និរោធ​ជំហាន​ទី​២​ទៀត ។ ​

កាល​ដើម​ខែ​មីនា ​​​ឆ្នាំ​នេះ​ ​មាន​​ពិធី​ចុះ​ហត្ថ​លេខា​​​លើ​កម្ចី​សម្ប​ទាន​ ដោយ​ផ្ទាល់​លើក​ទី​៣​នូវ​ទឹក​ប្រាក់​៣០​លាន​អឺរ៉ូ សម្រាប់​​សាងសង់​​រោង​ចក្រ​​​ផលិត​​ទឹក​ស្អាត​និរោធ​ជំហាន​ទី​២​ដែល​​អាច​​មាន​សមត្ថ​ភាព​​​​​ផលិត​​ទឹកស្អាត​ចំនួន​២៦០.០០០​ម៉ែ​ត្រ​គូប​ក្នុង​មួយ​​ថ្ងៃ សម្រាប់​លទ្ធ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទឹក​ស្អាត​នៅ​ក្នុង​​​ទីក្រុង​​ភ្នំពេញ​និង​តំបន់​​ជាយ​​ក្រុង​រហូត​ដល់​ឆ្នាំ​២០២០ ។ ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​ ប្រទេស​​បារាំង​​បាន​យល់​ព្រម​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៧០​លាន​អឺរ៉ូ​សម្រាប់​ប្រទេស​កម្ពុជា​ ​ជា​គម្រោង​​យ៉ាង​​​ច្រើន​ដែល​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​នឹង​ត្រូវ​អនុវត្ដ​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​ ។​

នៅ​ឆ្នាំ​២០១៣​នេះ​ ជា​មួយ​នឹង​កម្ចី​សម្បទាន​ទី១​ដល់​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ទឹក​ប្រាក់​២០​លាន​អឺរ៉ូ​ គឺសម្រាប់​វិស័យ​​ធារា​សាស្រ្ដ​ដែល​ជា​វិស័យ​​នៃ​សហ​ប្រតិ​បត្ដិ​ការ​​ជា​ប្រវត្ដិ​សាស្រ្ដ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​បារាំង​​ ហើយ​ក៏​ជា​​ភាព​ជោគ​ជ​័​យ​​មួយ​ផង​​ដែរ​ ។​ លោក​ស៊ុយ​ សែម​ រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ ន​ិង​ថាមពល​ ថ្លែង​​​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៣​នេះ​ សេវា​ផ្គត់​ផ្គង់ទឹក​ស្អាត​ត្រូវ​បាន​ពង្រីក​ពី​២០​%​រហូត​ដល់​៨៥​%​​​​ នៅ​​​រាជ​ធានីភ្នំពេញ​ ​​ក្នុង​នោះ​បាន​ពង្រីក​សមត្ថភាព​ផលិត​ពី​៦៥.០០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ដល់​៣៣៦.០០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ និង​ផ្គត់​ផ្គង់​ទឹក​ប្រកប​ដោយ​គុណភាព​ស្រប​តាម​ស្ដង់​ដា​ទឹក​ផឹក​ថ្នាក់​ជាតិ​ និង​ស្របតាម​ស្ដង់​ដា​គុណភាព​ទឹក​ស្អាត​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ជូន​ប្រជា​ពលរដ្ឋ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ។​

លោក​រដ្ឋ​មន្ដ្រី​បន្ដ​ថា​ តម្រូវ​ការ​ទឹក​ស្អាត​ទូទាំង​ប្រទេស​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ជា​ពិសេស​នៅ​រាជធានីភ្នំពេញ​ដែល​ជា​​​មធ្យម​មាន​អតិថិជន​ថ្មី​ប្រមាណ​១៤.០០០​គ្រួសារ​ត្រូវ​បាន​ផ្គត់​ផ្គង់​ទឹក​ស្អាត​បន្ថែម​ក្នុង​មួយ​ឆ្នាំ​ៗ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​រហូត​មក​ ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ប្រើ​ប្រាស់​ទឹក​នៅ​រាជធានីភ្នំពេញ​​ដែល​​ចេះ​តែ​កើន​ឡើង​​​យ៉ាង​​​គំហុក​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​រដ្ឋា​ករ​​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ទទួល​ហិរញ្ញប្បទាន​ផ្ទាល់​លើក​ទី​២​ពីទី​ភ្នាក់​ងារ​សម្រាប់ការ​អភិវឌ្ឍ​បារាំង​ (AFD) និង​ហិរញ្ញប្បទាន​ពី​ទីភ្នាក់​ងារ​សហប្រតិបត្ដិ​ការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ព្រមទាំង​ថវិកា​បដិភាគ​ផ្ទាល់​​របស់​​អង្គ​ភាព​ ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​ទឹក​ស្អាត​​និរោធ​ជំហាន​ទី​១ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​១៣០.០០០​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​ និង​បាន​គិត​គូរ​សម្រាប់​ពង្រីក​បន្ថែម​សមត្ថភាព​ផលិត​ទឹក​​ស្អាត​​១៣០.០០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ទៀត​នៅ​​ពេល​អនាគត​ គឺ​សាងសង់​រោង​ចក្រ​ផលិត​ទឹក​ស្អាត​និរោធ​ជំហាន​ទី​២​ ៕​
 
 
 



 ​