ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត.ក សម្លាប់​ស្រ្តី​ម្នាក់​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​បន្ទាប់​ពី​គេ​បាន​ប្រទះឃើញ​សព​ស្ត្រី​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​រួច​ញាត់​ចូល​ក្នុង​ការុង​មួយ​ ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មនុស្សរាប់​រយ​នាក់​ផ្អើល​នាំ​គ្នាទៅ​ចោម​រោម​មើល​យ៉ាង​កក​កុញ​ ​កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា​

រាជ​ធានី​ភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​បន្ទាប់​ពី​គេ​បាន​ប្រទះឃើញ​សព​ស្ត្រី​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​រួច​ញាត់​ចូល​ក្នុង​ការុង​មួយ​ ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មនុស្សរាប់​រយ​នាក់​ផ្អើល​នាំ​គ្នាទៅ​ចោម​រោម​មើល​យ៉ាង​កក​កុញ​ ​កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា​ នៅ​គុម្ពោត​ព្រៃ​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ (ផ្លូវ​ទំនប់​ ៧​មករា)​ ក្នុង​ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។

នេះ​ជា​ករណី​លើក​ទី​១​ហើយ​នៅ​ឆ្នាំ​នេះ​ ដែលជាករណី​ឃាត​កម្ម​សម្លាប់​មនុស្ស​ច្រក​ការុង​ដឹក​យក​មក​ប្លុង​ចោល​នៅ​តំបន់​ជាយ​ក្រុង ។​ ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ និង​មិន​ទាន់ដឹង​ថា​មាន​ទីលំនៅ​នៅ​ឯ​ណា​នៅ​ឡើយ​ទេ ហើយ​សព​ដែល​ក្រុម​ឃាតករ​សម្លាប់​ញាត់​ចូល​ក្នុង​ការុង​មួយ​នោះ​គឺ​មាន​រុំ​កន្សែង​ពោះ​គោ​ទៀត​ផង ។​ ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នេះ​បាន​និយាយ​ថា​ កាល​ពីវេលា​ម៉ោង​១២​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃទី​៣ មិថុនា​ គេបាន​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ជាប្រភេទ​រថយន្ត​ទេស​ចរណ៍ធុន​តូច​បើ​ក​ទៅ​ឈប់​នៅ​ទី​នោះ​ ក៏​ប៉ុន្តែ​គេ​មិន​បាន​ចាប់​អារម្មណ៍​ថា​ រថយន្ត​នោះ​ឈប់​ធ្វើ​អ្វី​នោះ​ឡើយ​។

រហូត​មក​ដល់​វេលា​ព្រឹក​ក៏​មាន​ក្មេង​ៗ​២​ទៅ​៣​នាក់​ដែល​ដើរ​រើស​អេត​ចាយ​បាន​ប្រទះ​ឃើញ​មាន​ការុង​មួយ​រាង​ប៉ោង​ធំ​ ពួកគេ​បាន​នាំ​គ្នា​ស្រាយ​មាត់​ការុង​ដោយ​រំពឹង​ថា​ ប៉ះ​ចំ​លាភ​ធំ​ហើយ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ស្រាយ​មាត់​ការុង​នោះ​ហើយ​ ស្រាប់​តែ​មើល​ទៅ​ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើងតែ​ម្តង ។​ មន្ត្រី​ប៉ូលិស​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជាជំហាន​ដំបូង​ថា​ ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​សារ​អំពើ​ឃាត​កម្ម​ ហើយ​ត្រូវ​គេ​សម្លាប់​នៅ​កន្លែង​ផ្សេង​ រួច​ច្រក​ក្នុង​ការុង​ដឹក​តាម​រថយន្ត​យក​មក​ប្លុង​ចោល​នៅ​ទី​នោះ​ ។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ គេ​ពុំទាន់​ដឹង​ថា​ ឃាត​កម្ម​នេះ​ជា​រឿង​គំនុំ​ ឬ​ក៏​ជា​ការ​រំលោភ​សម្លាប់​ ឬ​ជាអំពើ​ប្លន់សម្លាប់​នោះ​ទេ ព្រោះ​ពេល​នេះ​កំពុងស្ថិត​ក្នុង​ការស្រាវ​ជ្រាវ​របស់​សមត្ថ​កិច្ច​នៅ​​ឡើយ​ ហើយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ប៉ូលិស​បាន​រក​ឃើញ​ស្រោម​អនាម័យ​មិន​ទាន់​ប្រើ​១​ប្រអប់ ។​ ក្រោយ​ពេល​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ មាន​មនុស្ស​ម្នា​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ទៅ​ចោម​រោម​មើលយ៉ាង​កក​កុញ​ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ស្គាល់​នោះ​ឡើយ​ ដោយ​សារ​សព​ស្ថិត​នៅ​ក្នុង​ការុង​មិន​អាច​មើល​មុខ​ឃើញ​ទេ គឺ​ចេញ​តែ​ម្រាម​ដៃ​មក​ក្រៅ​បន្តិច​​ប៉ុណ្ណោះ ។​

សមត្ថ​កិច្ច​មូលដ្ឋាន​រួម​ទាំង​សមត្ថ​កិច្ច​ជំនាញ​បច្ចេក​ទេស​ពេទ្យ​ និង​មន្ត្រី​តុលាការ​ដែល​បាន​ចុះទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ​នោះ​ក៏​មាន​វត្ត​មាន​លោក​ សៀង​ សុខ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​ ។ ទោះ​ជា​យ៉ាង​ណា​ សព​មិន​ត្រូ​វ​បាន​ធ្វើ​កោសល្យ​វិច័យ​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ​ទេ​ ហើយ​ត្រូវបាន​ដឹក​ចេញ​ទៅ​កាន់​វត្ត​ឫស្សី​សាញ់​ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​នៅ​ទី​នោះ​ ។​ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​ធ្វើ​កោសល្យ​វិច័យ​លើ​សព​ស្ត្រី​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា​ ការ​សម្លាប់​ស្ត្រី​រងគ្រោះ​នេះ​គឺ​ជា​រឿង​ឃាត​កម្ម ។​ សព​ស្ថិត​ក្នុង​សភាព​អាក្រាត​កាយ​ដែល​រុំ​ដោយ​ភួយ​ពណ៌​ក្រហម​ និង​អាច​ស្លាប់​ក្នុង​ចន្លោះ​ពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​ ព្រោះ​សព​បាន​ហើម​ មើល​មុខ​លែង​ស្គាល់​ទៅ​ហើយ ។​ សព​អាច​ស្លាប់​ដោយ​ការ​រឹត​.ក​ ព្រោះ​មាន​ស្នាម​នៅ​ក​ និង​មាន​ខ្សែ​នីឡុង​ផង​ដែរ ។​

បុរស​ម្នាក់ដែល​បាត់​ភរិយា​នៅ​ខេត្ត​តាកែវ​ ក៏​ត្រូវ​បាន​ហៅ​ឱ្យ​មក​ពិនិត្យ​សព​ដែរ​ តែ​មិន​អាច​ស្គាល់​បាន​ទេ​ ព្រោះសព​ហើម​មើល​មិន​យល់​ ឯ​ការ​ចំណាំ​ពី​សម្លៀក​បំពាក់​ក៏​មិន​អាច​ទៅ​រួច​ ព្រោះ​សព​មាន​ភាព​អាក្រាត​កាយ ។​ ទោះ​ជា​យ៉ាង​ណា​ គេ​ដាក់​មន្ទិល​សង្ស័យ​ថា​ ការសម្លាប់​នេះ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​ ឬ​បន្ទប់​ជួល​ណា​មួយ​ ហើយ​ឃាតករ​អាច​ជា​ដៃ​គូ​ស្នេហា​ផង​ដែរ​ ព្រោះ​តែ​សព​មិន​មាន​ស្លៀក​ពាក់​ទេ គឺ​កាយ​អាក្រាត ។​ នៅ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង​ស្រាវ​ជ្រាវ​ស្វែង​រក​ឃាតករ​ក្នុង​ករណី​ឃាតកម្ម​នេះ​ហើយ ៕​