រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតឡាំងស្នោដ៏ធំមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងក្បែរវត្តអង្គពោធិញ្ញាណ ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ បានត្រូវភ្លើងឆេះយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៣០ ខែតុលា ។ ឃ្លាំងសិប្បកម្មផលិតឡាំងស្នោខាងលើមានយីហោ «សាន់
នី» និងមានផ្ទៃដីទំហំប្រមាណ៦០ម៉ែត្រ គុណនឹងជាង២០០ម៉ែត្រ ជាប្រភេទឃ្លាំងដែលសង់ឡើងពីឆ្អឹងដែកប្រក់ស័ង្កសី ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជាងផ្សារដែកមួយក្រុម ឡើងទៅផ្សារដំបូលឃ្លាំងស្តុកឡាំងស្នោ ដែលជាផលិតផលសម្រេច ដើម្បីផ្សារដំបូលឲ្យស្អាតជិតល្អ កំុឲ្យពន្លឺថ្ងៃជះចូលក្នុងឃ្លាំង ។ ពេលផ្សារដែកនោះ ស្រាប់តែខ្ទាតផ្កាភ្លើងធ្លាក់ទៅលើឡាំងស្នោជាច្រើននៅក្បែរនោះ ក៏បង្កឲ្យឆេះជាអណ្តាតភ្លើងខ្លាំងឡើងៗតែម្តង ធ្វើឲ្យក្រុមជាងផ្សារដែកនាំគ្នាលោតចុះទៅក្រោមវិញ រួមជាមួយក្រុមកម្មករនៅទីនេាះ រួចនាំគ្នារត់ចេញទៅខាងក្រៅស្រែកឆោឡោឲ្យគេឯងជួយ ។
ភ្លាមៗនោះ កម្លាំងអាជ្ញាធរមូលដ្ឋានមាននគរបាល កងរាជអាវុធហត្ថ រួមជាមួយក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅជួយអន្តរាគមន៍ដល់ទីកន្លែងភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុតនោះ អណ្តាតភ្លើងក៏បានរលត់សូន្យសុងទៅវិញនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃដដែល ពោលគឺឆេះអស់រយៈពេលប្រមាណ១ម៉ោង ។
ទោះជាយ៉ាងណា ការឆេះនេះពំុបណ្តាលឲ្យមានការរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ គឺឆេះតែឃ្លាំងស្តុកឡាំងស្នោដែលបានផលិតរួច និងរោងម៉ាស៊ីនធំនៃសិប្បកម្មខាងលើប៉ុណ្ណោះ ។ ឃ្លាំងទាំង២នេះមានទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប១៦គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០គាគរយ ។
សូមបញ្ជាក់ថា នៅពេលកើតហេតុគេសង្កេតឃើញមានផ្សែងខ្មៅហុយខ្មួលឡើងទៅលើអាកាស រួមជាមួយការចោមរោមមើលយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនេាះ ។ ប៉ុន្តែទោះបីជាមានការចោលរោមមើលច្រើនយ៉ាងណាក៏ដោយ ក៏មិនបានបង្កផលលំបាកដល់ក្រុមរថយន្តពន្លត់អគ្គិភ័យចេញចូលជួយអន្តរាគមន៍ដែរ ព្រេាះស្ថានភាពផ្លូវនៅទីនេាះធំទូលាយល្អ ម្យ៉ាងវិញទៀតទីតាំងសិប្បកម្មដែលឆេះក៏មានទីធ្លាទូលាយ ងាយស្រួលសម្រាប់ការចល័តរថយន្តពន្លត់អគ្គិភ័យចេញចូលអន្តរាគមន៍បានរលូន ។ ចំពោះមូលហេតុនៃការឆេះនេះ មន្ត្រីជំនាញបញ្ជាក់ថា គឺបណ្តាលមកពីការផ្សារដែកខ្ទាតផ្កាភ្លើងធ្លាក់ត្រូវចំឡាំងស្នោដែលជាផលិតផលសម្រេច ៕

ចែករំលែកព័តមាននេះ