ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ជុំ ម៉ី ​ប្រកាស​​ធ្វើ​​មហា​បាតុ​​កម្ម​​ប្រឆាំង​​លោក ​កឹម ​​សុខា

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ជន​រង​គ្រោះ​​​​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​​​ខ្មែរក្រហម​​​ បាន​ប្រកាស​​​​ធ្វើ​​​មហាបាតុកម្ម​​មួយនៅ​ថ្ងៃទី​៩ ​​មិថុនា ​​ខាង​​មុខ​នេះ​​ដើម្បី​ទាម​ទារ​​​ឱ្យ​លោក​កឹម សុខា ​​ប្រធាន​ស្ដី​ទី​គណ​បក្ស​សង្គ្រោះជាតិ ​​សុំ​ទោស​ចំពោះ​​​​​ពល​រដ្ឋ​​​ដែល​​​បាន​បាត់​បង់​​​​ជីវិត​​​នៅ​គុក​ទួល​ស្លែង(​​​មន្ទីរ​ឃុំ​ឃាំង​​ស-២១)ជាសាធារណៈ​​​ដោយ​សា​រ​តែ​​​លោក​កឹម សុខា ​និយាយ​ថា គុក​ទួល​​​ស្លែង​​​​​​ជា​កន្លែង​​​​សិប្បនិម្មិត​ ។

រាជធានី​ភ្នំពេញ​ ៖ ជន​រង​គ្រោះ​​​​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​​​ខ្មែរក្រហម​​​ បាន​ប្រកាស​​​​ធ្វើ​​​មហាបាតុកម្ម​​មួយនៅ​ថ្ងៃទី​៩ ​​មិថុនា ​​ខាង​​មុខ​នេះ​​ដើម្បី​ទាម​ទារ​​​ឱ្យ​លោក​កឹម សុខា ​​ប្រធាន​ស្ដី​ទី​គណ​បក្ស​សង្គ្រោះជាតិ ​​សុំ​ទោស​ចំពោះ​​​​​ពល​រដ្ឋ​​​ដែល​​​បាន​បាត់​បង់​​​​ជីវិត​​​នៅ​គុក​ទួល​ស្លែង(​​​មន្ទីរ​ឃុំ​ឃាំង​​ស-២១)ជាសាធារណៈ​​​ដោយ​សា​រ​តែ​​​លោក​កឹម សុខា ​និយាយ​ថា គុក​ទួល​​​ស្លែង​​​​​​ជា​កន្លែង​​​​សិប្បនិម្មិត​ ។

​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​​​សារ​ព័ត៌​មាន​​​​កាល​ពី​ព្រឹក​ថ្ងៃទី​​​៤ ​​មិថុនា នៅ​​ក្នុង​បរិវេណ​​​​​​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​​​​ទួល​ស្លែង ​​​​លោក ជុំ​ ម៉ី ​​​អ្នក​​ដែល​​នៅ​​រស់​រាន​មានជីវិត​​​ពី​មន្ទីរ​​ឃុំ​ឃាំង​នេះ​​​​​​បាន​លើក​ឡើង​ថា ​​​នេះ​ជា​សន្និសីទ​​​លើក​ទី​២​ និង​ជា​​​ថ្ងៃ​ចុងក្រោយ​​​ដែល​រូប​លោក​​​ក៏​ដូច​​​ជា​បង​ប្អូន​​​ដែល​រង​គ្រោះ​​​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​​​ឱ្យ​​​​លោក​កឹម​ សុខា ​​មក​សុំ​ទោស​​នៅ​​​ក្នុង​អតីត​​​គុក​​​​ទួល​ស្លែង​​​នៅ​ចំពោះ​មុខ​អ្នក​រង​គ្រោះ​​​ និងអុជ​​ធូប​បី​សរសៃ​​ចំពោះ​ផ្នូរ​​​​អ្នក​ដែល​ស្លាប់​​​នៅ​ក្នុង​​របប​​​​​ប្រល័យ​ពូជ​សាសន៍​ ។

​​លោកជុំ ម៉ី ​បាន​​​​បន្ត​​​​ថា​​ ​អ្នក​​ដែល​រង​គ្រោះ​​​ក្នុង​របប​ប្រល័យ​ពូជសាសន៍​​​ និង​អ្នកនៅ​​​រស់​រាន​មានជីវិត​​​​​ពី​គុក​ទួល​ស្លែង ​​​មិន​សុខ​ចិត្ត​ចំពោះ​​​ការ​និយាយ​​​របស់​លោក​កឹម សុខា ​​ដែល​ថា ​​គុក​ទួល​ស្លែង​​​ជា​កន្លែង​សិប្បនិមិ្មត ​​​​​ហើយ​​បើ​មិន​បាន​​មក​សុំ​ទោស​នោះ​​នឹង​នាំ​គ្នា​ធ្វើមហាបាតុ​កម្ម​​​ធំ​មួយ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​​​ដែល​នឹងមាន​អ្នក​ចូល​រួម​​រហូត​ដល់​​​​២ម៉ឺន​នាក់​​​ ហើយ​​២ពាន់​នាក់​​​នឹង​ដង្ហែ​ទៅ​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​​​ដើម្បី​ឱ្យ​​លោក​កឹម សុខា ​​សុំ​ទោស​​​ចំពោះ​ពាក្យ​​​សម្ដី​ដែល​​​​​គាត់​និយាយ​​​​​កន្លងមក​ ។

​​លោកជុំ ម៉ី ​បាន​បន្ថែម​ថា​​ គោល​បំណង​​​​​នៃ​​ការ​​ធ្វើ​​សន្និសីទ​​​សារព័ត៌​មាន​​​លើក​ទី​២នេះ​​គឺ​ដើម្បី​បង្ហាញ​​​ថា លោកកឹម សុខា ​​​មិន​បានមក​សុំ​ទោស​​​ចំពោះ​អ្នក​រង​គ្រោះ​​នៅ​ក្នុង​របប​ប្រល័យ​​ពូជ​សាសន៍​​​​តាម​ការ​ទាមទារ​ពី​សន្និសីទ​​​លើក​មុន​នោះ​​​ទេ ។​​​​ ការ​និយាយ​​​របស់​លោក​កឹម​ សុខា ​​​បាន​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​​ផ្លូវ​ចិត្ត​​​មនុស្ស​ជា​ច្រើន​​ ​សូម្បី​​​ប្រជាជន​​​​ខ្មែរ​​ដែល​រស់​នៅ​ឯបរទេស​ក៏​មិន​សុខ​ចិត្ត​នឹង​ពាក្យ​សម្ដី​​​​នេះ​​ដែរ ហើយ​ពួកគេ​​​សូម​ចូល​រួម​សោក​ស្ដាយ​ ​​​​និងចូល​​​រួម​​ការ​​ឈឺ​ចាប់​​​​ដែល​អ្នក​នយោ​បាយ​​​​មួយ​រូប​​ហ៊ាន​និយាយ​​បែប​នេះ​ ហើយ​ពួក​​​គេ​សូម​​គាំ​ទ្រ​​ទាំង​ស្រុង​​ក្នុងការ​ធ្វើមហាបាតុកម្ម​​​នា​ពេល​ខាង​មុខ​​​ ។

​ ​លោកជុំ ម៉ី ​​បញ្ជាក់​ថា​​​ ហេតុអ្វី​​​បាន​ជា​លោក​កឹម​ សុខា ​​​ហ៊ាន​និយាយ​​​​ថា គុក​ទួល​ស្លែង​​​ជា​កន្លែង​​​​​សិប្បនិម្មិត​​ ? ឬក៏​លោក​កឹម សុខា ​គាត់​ធ្លាប់​រស់​​នៅ​កន្លែងហ្នឹង​​​​បាន​ជា​គាត់​​ដឹង ?​​« ខ្ញុំ​ចង់​ឱ្យ​កឹម សុខា ដែលនិយាយ​ថា សំឡេង​​គាត់​ត្រូវ​កាត់​ត​​មក​និយាយ​ទល់​មុខ​ខ្ញុំ​ ​ដោយ​មាន​អ្នក​ច្បាប់​​មក​​ជាមួយ​ផង​​ថា​តើ​​សំឡេង​​គាត់​ត្រូវ​​កាត់​ត​​​មែន​ឬ​មិន​មែន​​​​​ ? ​​ពាក្យ​ដែល​លោកកឹម សុខា​​ និយាយ​បែប​​​នេះ​ ពិ​តជា​​ឈឺ​ចាប់​​​​ខ្លាំង​ណាស់​​ ​វា​ប្រៀប​ដូច​​ជា​ដំបៅ​​​ដែល​ជិត​ជា​ហើយ​​​បាន​ក្លា​យរើ​​ឡើង​វិញ​ ។ ជន​រងគ្រោះ​​​នៅ​ក្នុង​​​របប​​​ប្រល័យ​ពូជ​សាសន៍​​​៣​ឆ្នាំ​​៨ខែ​​ ២០​ថ្ងៃ​​មានការ​ឈឺ​ចាប់​​​ណាស់ ​ចុះ​ហេតុ​​អ្វី​​​​លោក​​កឹម សុខា​​​​និយាយ​ដូចជា​មិន​ដឹង​អ្វីសោះ »​ ។​

លោក​ ជុំ​ មីុ​ បាន​​បន្ថែម​ថា​ ចំពោះ​ការ​ធ្វើ​មហា​​​បាតុ​កម្ម​នៅ​ពេល​ខាង​មុខ​នេះ​មិន​មាន​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​ទេ ​គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​កំហឹង​ចិត្ត​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ប្រល័យ​​ពូជ​សាសន៍​ ហើយ​ពួក​គាត់​បាន​រស់​រាន​​មាន​​ជីវិត​ឡើង​វិញ​ ។ លោក​បន្ត​ថា​ លោក​នឹង​ប្តឹង​លោក​ កឹម​ សុខា​ ទៅ​​សា​លា​ក្តី​ខ្មែរ​ក្រហម​ពី​បទ​និយាយ​មិន​ពិត​ និង​បង្កាច់​បង្ខូច ​ព្រោះ​គាត់​ចង់​បំបាត់​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ ។

លោក​ ម៉ន​ សុធា​ ​ដែល​ជា​​​​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហមដែរបាន​​មាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នេះ​ដែរ​ថា​ លោក​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់​ដែល​អ្នក​នយោ​បាយ​គឺ​លោក​ កឹម​ សុខា​ និយាយ​កា​ឡៃ​ប្រ​វត្តិ​សាស្ត្រ​ដ៏​សែន​ឈឺ​ចាប់​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធ​តែ​បាន​ឆ្លង​កាត់ ​បាន​ដឹង​ និង​​​មិន​ចង់​  ជួប ។​ លោក​ ម៉ន​ សុធា​ បន្ត​ថា​ រូប​លោក​​​​​​ត្រូវ​​បាន​របប​ខ្មែរ​ក្រហម​ធ្វើ​បាប​វេទ​នា​យ៉ាង​ខ្លាំង​ ហើយ​របប​ខ្មែរ​ក្រហម​បាន​សម្លាប់​ឪ​ពុក​ម្តាយ​ និង​​ប្អូន​ប្រុស​លោក​ថែម​ទៀត ។ «ដូច្នេះ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​ ខ្ញុំ​តស៊ូ​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​ កឹម​ សុខា​ មក​សុំ​ទោស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ និង​អ្នក​នៅ​​​រស់​រាន​មាន​​ជីវិត​​សព្វ​ថ្ងៃ​នេះ​» ។

ជា​ចុង​ក្រោយ ​លោក​ ជុំ​ មីុ​ បញ្ជាក់​ថា​ ដោយ​សារ​តែ​ថ្ងៃ​នេះ​​​រយៈ​ពេល​១០​ថ្ងៃ​ ដែល​​​​ទុក​ឱ្យ​លោក​ កឹម​ សុខា​ សុំ​ទោស​ វា​បាន​ហួស​​កំណត់​ទៅ​ហើយ​ ហើយ​លោក​ កឹម​ សុខា​ នៅ​​តែ​មិន​សុំ​ទោស​ទៀត​ ដូច្នេះ​លោក​សូម​ប្រកាន់​​​ជំហរ​ថា​ នឹង​បន្ត​ការ​ទាម​ទារ​ឱ្យ​អ្នក​នយោ​បាយ​រូប​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​​​ការ​និយាយ​​តែ​ផ្តេស​តែ​ផ្តាស​ថា​ គុក​ទួល​ស្លែង​ជា​គុក​សិប្ប​និម្មិត​ ​​ផ្ទុយ​ពី​ប្រវត្តិ​សាស្ត្រ​​ដែល​កើត​មាន​ឡើង​នៅ​ទី​នេះ​ ។ យើង​ឃើញ​ហើយ​ថា ​នៅ​ទី​នេះ​មាន​រូប​ខ្ញុំ​ផ្ទាល់ ​ក្មួយ​នង​ ក្មួយចាន់​ថុល​ ក្មួយ​ស្រី​ជិន​ ម៉េត​ សុទ្ធ​តែ​ជា​អ្នក​រស់​រាន​មាន​ជី​វិត​ពី​មន្ទីរ​ស-២១ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ ។ យើង​បាន​ចូល​រួម​ជា​មួយ​តុលា​ការ​ខ្មែរ​ក្រហម​ ដើម្បី​ស្វែង​រក​ការ​ពិត​ និង​យុត្តិ​ធម៌​រហូត​មេ​គុក​ទួល​ស្លែង​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​ យើង​ក៏​បាន​ទទួល​យុត្តិ​ធម៌​ និង​ទទួល​បាន​សំណង​ផ្លូវ​ចិត្ត​ផង​ដែរ​ ។

លោក​ ជុំ​ មីុ​ បន្ថែម​ថា​ ឌុច​ ធ្វើ​ខុស​បាន​សារ​ភាព​ទទួល​កំហុស​ និង​ទទួល​ខុស​ត្រូវ​ក្នុង​នាមជា​មេ​គុក​ រី​ឯ​លោក​ កឹម​ សុខា​ ដែល​ជា​មេ​បក្ស​ស្តី​ទី​១​រូប​ដែរ​ បែរ​ជា​កំសាក​មិន​ហា៊ន​ទទួល​ខុស​ត្រូវ​ ​។ ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ប្រកែក​យ៉ាង​ដាច់​អហង្ក​ារ​​មិន​ទទួល​​ស្គាល់​សម្តី​​របស់​ខ្លួន​ ហើយ​ខិត​ខំ​បង្វែរ​រឿង​បុគ្គល​ដែល​ធ្វើ​ខុស​ទៅ​ជា​រឿង​ផ្សេង​​​ដែល​ដុត​រោល​កម្ដៅ​ដល់​រូប​លោក​ និង​ជន​រង​គ្រោះ​ដទៃ​ទៀត​ឱ្យ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ។ លោក​ ជុំ​ មី​ុ ​​បញ្ជាក់​ថា​ ចំពោះ​ការ​សុំ​ធ្វើ​មហា​​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​៩​ មិថុនា​ ខាង​មុខ ​​​លោក​នឹង​ដាក់​ពាក្យ​សុំ​ទៅ​សា​លា​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួង​មហា​ផ្ទៃ​ ​នៅ​ពេល​ឆាប់​ៗ​នេះ ។
ជុំ​វិញ​ការ​មិន​មាន​វត្តមាន​របស់​លោក​​​​ប៊ូ ម៉េង​​ ដែល​ជា​អតីត​​​អ្នក​រង​គ្រោះ​​​​នៅមន្ទីរ​ស-២១ ​​ក្នុង​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ​​ និង​ជា​អនុ​ប្រធាន​​​​​​សមាគ​មជន​រង​គ្រោះ​​ក្នុង​របប​កម្ពុជា​ប្រជា​​ធិប​តេយ្យ​«ក្សេមក្សាន្ត»​​​ កាល​ពី​ថ្ងៃទី​៣ មិថុនា ​​​​​លោក​បាន​ប្រកាស​ថា​​ ​ក្នុង​ករណី​ដែល​​​លោកជុំ ម៉ី ​ប្រកា​ស​ធ្វើ​បាតុកម្ម​​​ប្រឆាំង​លោក​កឹម សុខា​ ​​​នោះ ​​គឺ​​លោក​​ធ្វើ​ក្នុងនាម​​ផ្ទាល់​របស់​គាត់​មិន​មែន​​តាងនាម​សមាគ​ម​​ក្សេម​ក្សាន្ត​​​​​ឡើយ​​​ ។

​ក្នុង​រឿង​នេះ​​ទៀត​​​លោក​បាន​​ប្រកាស​ហើយ​​ប្រកាស​ទៀត​​ថា ​លោក​នៅ​អព្យា​ក្រឹត​ ហើយ​នឹង​មិន​ចូល​រួម​ក្នុង​បាតុ​​កម្ម​​​នោះ ទេ ។ សមាគម​​ក្សេមក្សាន្ត​​​មាន​គោល​ការ​ណ៍​​ផ្សះ​ផ្សា​​ជាតិ ​មិន​​មានគោល​ការណ៍​បំបែក​បំបាក​់​ជាតិ​​ទេ ។​​​​ លោក​ប៊ូ ម៉េង​បាន​ប្រកាស​ថា​ លោក​​​សូម​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍អក្សរ​​នេះ​ព្រោះ​​លោក​ធ្លាប់​បានប្រកាស​ជា​ញឹក​ញយ​ថា ​​លោក​នៅ​​​អព្យាក្រឹត​​ ​ប៉ុន្តែ​​នៅ​តែ​មាន​ពាក្យ​ចចាម​​អារា៉ម​​ថា ​លោក​​នឹង​ចូល​រួម​​​ធ្វើបាតុកម្ម​​​​ ។

​មុន​នេះ ​​​លោក​កឹម សុខា​​​​ បានប្រកាស​​ថា លោក​មិនសុំ​ទោស​​​ទេ ព្រោះមិន​បាន​និយាយ​អ្វី​​​ដែល​ខុស​ហើយ​​បាន​សង្ស័យ​ថា សំឡេង​របស់​​លោក​ដែល​​​និយាយ​នោះ​​​ត្រូវ​បាន​កាត់ត ។​​​ ទោះ​​បី​ជា​បែប​ណា​ បញ្ហា​នេះ​រីក​រាល​ដាល​​​កាន់​តែ​ធំ​ហើយ ​​​​មួយ​វិញ​ទៀត​​​​នោះ​​​រដ្ឋ​សភា​ក៏​បា​ន​ប្រកាស​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​​របស់​ខ្លួន​នៅ​ថ្ងៃទី​​៧​ មិថុនា ​ខាង​មុខ​នេះ​​ដែរ​​​ដើម្បី​ពិភាក្សា​​​អនុម័ត​​សេចក្ដី​ស្នើ​​​ច្បាប់​ស្ដី​ពី​ការ​​ប្រឆាំងការ​​​មិន​​ទទួល​ស្គាល់​​​​ឧក្រិដ្ឋ​កម្ម​​​​ក្នុង​​​រយៈ​កាល​​​នៃ​​​​​កម្ពុជា​​​ប្រជា​ធិប​តេយ្យ​​ ៕