ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​ការទូត​ចេញ​ផ្សាយ​សៀវភៅ​«​របបមច្ចុរាជ​»​បង្ហាញ​ប្រវត្ដិ​ផ្ទាល់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ក្នុង​ន័យ​ចែក​រំលែក​មេរៀន​ដ៏​សែន​ជូរ​ចត់​ក្នុង​របប​ខ្មែរ​ក្រហម​ជូន​ជន​រួម​ជាតិ​ និង​អន្ដរជាតិ​ទាំង​បច្ចុប្បន្ន​ និង​អនាគត​ មន្ដ្រី​ការទូត​មួយ​រូប​បាន​សហការ​ជា​មួយ​អ្នក​សារព័ត៌​មាន​កម្ពុជា​ចង​ក្រង​សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ «របប​មច្ចុរាជ​»​ ដែល​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​មាន​កម្រាស់​ជាង​១០០​ទំព័រ​ ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ កាល​ពីថ្ងៃ​ទី​៣​ មិថុនា​ ឆ្នាំ​២០១៣

រាជធានីភ្នំពេញ​ ៖​ ក្នុង​ន័យ​ចែក​រំលែក​មេរៀន​ដ៏​សែន​ជូរ​ចត់​ក្នុង​របប​ខ្មែរ​ក្រហម​ជូន​ជន​រួម​ជាតិ​ និង​អន្ដរជាតិ​ទាំង​បច្ចុប្បន្ន​ និង​អនាគត​ មន្ដ្រី​ការទូត​មួយ​រូប​បាន​សហការ​ជា​មួយ​អ្នក​សារព័ត៌​មាន​កម្ពុជា​ចង​ក្រង​សៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ «របប​មច្ចុរាជ​»​ ដែល​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​មាន​កម្រាស់​ជាង​១០០​ទំព័រ​ ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ កាល​ពីថ្ងៃ​ទី​៣​ មិថុនា​ ឆ្នាំ​២០១៣​ ។​ លោក​ឡុង​ កែម​ ឯក​អគ្គរាជទូត​កម្ពុជា​ ប្រចាំ​រដ្ឋ​គុយវែត​បាន​ចង​ក្រង​សៀវភៅ​មួយ​ក្បាល​នោះ​ ហើយ​បាន​ស្នើ​ឱ្យ​លោក​ឆាយ​ សុផល​​ ជា​អ្នក​សារព័ត៌​មាន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​សរសេរ​ព័ត៌​មាន​ និង​ការ​សរសេរ​សៀវភៅ​ជួយ​កែ​សម្រួល​ និង​បន្ថែម​ខ្លឹម​សារ​ និង​រូប​ថត​ដើម្បី​ឱ្យ​សៀវភៅ​ជា​ប្រវត្ដិ​សាស្រ្ដ​នេះ​មាន​លក្ខណៈ​ជា​វិជ្ជាជីវៈ និង​សម​ស្រប​តាម​ស្ដង់​ដា​សៀវភៅ​ ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៣​ មិថុនា​ ឆ្នាំ​២០១៣​ លោក​ឆាយ​ សុផល​ ឱ្យ​ដឹង​ថា​ សៀវភៅ​ «របប​មច្ចុរាជ​»​ ជា​សៀវភៅ​ថ្មី​មួយ​ទៀត​ដែល​ជា​ស្នា​ដៃ​របស់​អ្នក​និពន្ធ​ និង​កែ​សម្រួល​ដោយ​ផ្ទាល់​របស់​ជន​រង​គ្រោះ​ជា​ជន​ជាតិ​កម្ពុជា​ ដោយ​មិន​មាន​ការ​កែ​សម្រួល​ពី​ជន​បរទេស​ឡើយ​ ។​ មាន​អ្នក​និពន្ធ​ជា​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​បរទេស​​ និង​ជន​ជាតិ​បរទេស​បាន​សរសេរ​សៀវភៅ​ស្ដី​ពី​អំពើ​ដ៏​សែន​យង់​ឃ្នង​ព្រៃ​ផ្សៃ​របស់​ពួក​ខ្មែរ​ក្រហម​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត​២​លាន​នាក់​ ដោយ​សារ​ការ​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម​ ការ​បង្អត់​អាហារ​ និង​ការ​ធ្វើ​ការ​បាក់​កម្លាំង​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​ ។​

នា​ថ្ងៃ​១៧​ មេសា​ ឆ្នាំ​១៩៧៥​ ការ​ចាកចេញ​ពីភ្នំពេញ​ដោយ​តក់​ក្រហល់​ ហើយ​មាន​ជីវភាព​ថ្មី​ដោយ​មាន​ការងារ​ចម្លែក​ៗ​របស់​អង្គការ​លើ​ដែន​ដី​បដិវត្ដន៍​ ការ​កប់​មនុស្ស​ក្នុង​រណ្ដៅ​រួម​​ ការ​ត្រៀម​ខ្លួន​របស់លោក​ក្នុង​ការ​ធ្វើ​អត្ដឃាត​ជា​មួយ​កូន​ប្រុស​ និង​ការ​បាត់​បង់​ជីវិត​ប្អូន​ថ្លៃ​ ន​ិង​ក្មួយ​លើ​ទឹក​ដី​បដិវត្ដន៍​ ។​ លោក​ឡុង​ កែម​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ថ្លែង​អំណរគុណ​ថា​ «​ដោយ​មាន​បំណង​រួម​ចំណែក​ក្នុង​ការ​រក្សា​ទុក​ព្រឹត្ដិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​មាន​ក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់​ និង​ជា​មរតក​បន្សល់​ទុក​សម្រាប់​អនុជន​ជំនាន់​ក្រោយ​ ខ្ញុំ​សូម​ឧទ្ទិស​នូវ​សមិទ្ធផល​នេះ​ឱ្យ​ទៅ​ជា​កម្លាំង​ជំរុញ​ស្មារតី​ស្នេហាជាតិ​ ការពារ​នូវ​បូរណភាព​ទឹក​ដី​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ ឱ្យ​បាន​គង់​វង្ស​ រីក​ចម្រើន​ជា​អមតៈ​ និង​ជា​ការ​ការ​ពារ​កុំ​ឱ្យ​ស្រមោល​អតីត​កាល​ ដូច​របប​មច្ចុរាជ​នេះ​កើត​មាន​ឡើង​វិញ​ជា​ដាច់​ខាត​»​ ។​

លោក​ឡុង​ កែម​ បន្ដ​ថា​ «​ដើម្បី​ចៀសវាង​គ្រោះ​មហន្ដ​រាយ​បែប​នេះ​ដល់​សង្គម​ជាតិ​ជា​លើក​ទី​២​ យើង​ជា​កុល​បុត្រ​ កុល​ធីតា​ខ្មែរ​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ ស្រាវជ្រាវ​ផ្ដល់​ចំណេះ​ដឹង​ឱ្យ​ខ្លួន​ គ្រួសារ​ ​និង​សង្គម​ជាតិ​ ។​ បើ​សង្គម​យើង​សម្បូរ​ដោយ​បញ្ញវន្ដ​ នោះ​ពួក​គេ​នឹង​ជួយ​ប្រទេស​ជាតិ​អភិវឌ្ឍ​ ជួ​យ​ដល់​អ្នក​ដឹក​នាំ​ឱ្យមាន​បញ្ញាញាណ​ក្នុង​ការ​ស្វែង​រក​មាគា​៌​ល្អ​ សម្រាប់​ដឹក​នាំ​ឱ្យ​បាន​សមស្រប​ ន​ិង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ប្រជា​ជន​ ។​ លោក​ឆាយ​ សុផល​ បាន​កោត​សរសើរ​ដល់​លោក​ឡុង​ កែម​ បើ​ទោះ​បី​ជា​លោក​មមា​ញឹក​ក្នុង​ការងារ​ការ​ទូត​ក៏​ដោយ​ តែ​លោក​បាន​ឆ្លៀត​ពេល​ចង​ក្រង​សៀវ​ភៅ​ដែល​ជា​ឯក​សារ​ប្រវត្ដិ​សាស្រ្ដ​ដ៏​មាន​តម្លៃ​នេះ​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​ ៕​