រាជធានីភ្នំពេញ ៖ តារាសម្ដែងដែលចាប់បានភាពល្បីល្បាញតាំងពីកុមារភាពនាងលី ច័ន្ទ សីហាបានធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាពនៃពិធីរៀបការរបស់នាង ជាមួយបុរសម្នាក់ដែលជាអ្នកសិល្បៈដូចគ្នានៅក្នុងគណនេយ្យហ្វេសប៊ុករបស់ខ្លួន ។
រូបភាពទាំងនោះត្រូវលី ច័ន្ទសីហាបង្ហោះនៅថ្ងៃទី៣ មិថុនា ដោយនាងបានគ្រងសម្លៀកបំពាក់កូនក្រមុំពណ៌សជាមួយនឹងកូនកម្លោះដែលមានសម្លៀកបំពាក់ពណ៌ខ្មៅអមជាមួយនឹងភ្ញៀវកិត្ដិយសក្នុងពិធីកាត់ផ្លែឈើ និងរាំបទស៊្លូវ ។ រូបភាពទាំងនោះធ្វើឱ្យគេមានមន្ទិលសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីមុននេះបន្ដិចលី ច័ន្ទសីហាអះអាងថា នាងមានគម្រោងចេញទៅសម្ដែងនៅអាមេរិកក្នុងពេលឆាប់ៗ ចំណែកបញ្ហាស្នេហាគឺនាងមិនទាន់គិតគូរនៅឡើយទេ បន្ទាប់ពីជួបនឹងស្នេហាមិនសមបំណងរួចម្ដងមកហើយនោះ។
ក្រោយពីនាងបានបង្ហោះរូបភាពនោះ មានទស្សនិកជនមួយចំនួនជូនពរដល់រូបនាងក្នុងពេលដែលនាងព្រមទទួលយកផ្កាស្លា និងទទួលពរជ័យពីលោកមេបានោះ ។ ទន្ទឹមនឹងការជូនពរទាំងនោះ ក៏មានប្រិយមិត្ដមួយចំនួនសម្ដែងការសង្ស័យចំពោះរូបភាពទាំងនោះថាវាការពិត ឬយ៉ាងណា? តើតារាសម្ដែងរូបនេះចូលរោងការដោយស្ងាត់ៗឬ?
អ្វីដែលធ្វើឱ្យគេកាន់តែជឿជាក់ទៀតនោះ គឺរូបថតដែលនាងបង្ហោះនោះ ក៏មានរូបថតមួយសន្លឹកដែលបង្ហាញឈ្មោះកូនកម្លោះ និងកូនក្រមុំនៅក្នុងផ្ទាំងក្រោយឆាកដោយសរសេរថា «សួស្ដីអាពាហ៍ពិពាហ៍កូនប្រុសឃូល សូល និងកូនស្រីលី ច័ន្ទសីហា» និងបញ្ជាក់កាលបរិច្ឆេទថ្ងៃទី១ មិថុនា ឆ្នាំ២០១៣ ។
ពាក់ព័ន្ធបញ្ហានេះលោកលី សុជន ឪពុករបស់លី ច័ន្ទសីហាអះអាងជំនួសកូនស្រីរបស់ខ្លួន ដោយទទួលស្គាល់ថារូបថតដែលបានបង្ហោះនោះគឺជាកូនស្រីរបស់លោកពិតប្រាកដមែន ប៉ុន្ដែលោកបដិសេធថា នាងមិនទាន់រៀបការទេ គឺរូបនោះជាឈុតឆាកសម្ដែងចម្រៀងខារ៉ាអូខេ ដែលកូនស្រីលោកថតឱ្យផលិតកម្មថោន ។ លោកបញ្ជាក់ថា ឈុតមួយនោះគឺកូនស្រីលោកថតក្នុងបទ «ស្រា៥កែវ» ច្រៀងដោយតារាចម្រៀងករុណា ពេជ្រ ដែលគ្រោងចេញលក់នៅលើទីផ្សារនាពេលឆាប់ៗនេះ ។
លោកលី សុជន អំពាវនាវដល់ទស្សនិកជនកុំឱ្យភាន់ច្រឡំលើរូបភាពទាំងនោះថាកូនស្រីលោកបានរៀបការ ដ្បិតបច្ចុប្បន្ននាងនៅមិនទាន់គិតដល់រឿងនេះនៅឡើយទេ ។ ម៉្យាងទៀតនាងមិនទាន់ជំពាក់វាក់វិនជាមួយបុរសណានៅឡើយ ។ តារាសម្ដែងលី ច័ន្ទសីហា បានចាប់ឈោងភាពល្បីល្បាញក្នុងវិថីសិល្បៈតាំងពីកុមារភាព មក បន្ទាប់ពីនាងបានបង្ហាញវត្ដមានសម្ដែងក្នុងរឿង «មរណមាតា» ឱ្យផលិតកម្មរបស់លោកហ្វៃ សំអាង ។ ក្រោយពីសម្ដែងក្នុងខ្សែភាពយន្ដនោះមក នាងមានឱកាសសម្ដែងជាបន្ដបន្ទាប់ស្ទើរមិនដាច់ មុនពេលដែលនាងបានជួបរឿងរ៉ាវស្នេហាដែលមិនសមប្រកប ដោយសារមានការរារាំងពីចាស់ទុំទាំងសងខាង ដែលហាក់មានការខ្វែងគំនិតគ្នា ។
ចាប់ពីពេលនោះមក កេរ្ដិ៍ឈ្មោះរបស់តារាសម្ដែងលី ច័ន្ទសីហាធ្លាក់ចុះជាងមុន ដោយនាងមិនសូវមានឱកាសបង្ហាញវត្ដមានសម្ដែងញឹកញាប់ដូចពេលមុនឡើយ ដោយយូរៗម្ដង ទើបគេឃើញនាងបង្ហាញវត្ដមានក្នុងឈុតខារ៉ាអូខេ ។ ទោះជាយ៉ាងណាក្ដី ពេលដែលប្រជាប្រិយភាពកាន់តែធ្លាក់ចុះនោះលី ច័ន្ទសីហា ងាកមកចាប់មុខរបរសំអាងការជាមួយឪពុកនាងជំនួសវិញ ដោយនាងមិនសូវរវល់ក្នុងអាជីពសិល្បៈដូចពេលមុនឡើយ ធ្វើឱ្យប្រិយមិត្ដមួយចំនួនស្ទើរតែភ្លេចមុខនាងទៅហើយ ៕
ចែករំលែកព័តមាននេះ