ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទចំនួន៣នាក់ក្នុងចំណោម៤នាក់ដែលប្រើប្រាស់ឧបករណ៍ឆក់ បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំលៀប សហការជាមួយកម្លាំងកងរាជអាវុធហត្ថប៉ុស្តិ៍៦៦៦ ចុះបង្ក្រាបនិងឃាត់ខ្លួន ហើយប្រគល់ឱ្យកម្លាំងជំនាញជលផលស្រុកព្រះនេត្រព្រះ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣ មិថុនា ដើម្បីចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនមាន ១-ឈ្មោះ ភ្លឿន វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្នោត ២-ឈ្មោះ យ៉ាវ យ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រលោកត្បូង និង៣-ឈ្មោះ ជួន គិន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនរួច ។ ជនសង្ស័យទាំង៣នាក់នេះត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំលៀប និងកម្លាំងកងរាជអាវុធហត្ថប៉ុស្តិ៍៦៦៦ ចុះបង្ក្រាបកាលពីថ្ងៃទី១ មិថុនា នៅចម្ងាយជាង២គីឡូម៉ែត្រខាងលិចភូមិទ្រលោកលិច ឃុំភ្នំលៀប ។ ជាមួយនឹងការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានឧបករណ៍ឆក់ត្រីចំនួន៤គ្រឿង អាគុយ៤០អំពែរចំនួន៦ និងម៉ូតូចំនួន៤គ្រឿង ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ឱ្យកម្លាំងជំនាញរដ្ឋបាលជលផលប្រចាំស្រុកព្រះនេត្រព្រះរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ