ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ហ៊ុន​ ម៉ានី​ ចូលរួម​បើក​ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់​មិត្ត​ភាព​យុវជន​អន្តរ​ក្រសួង​-ស្ថាប័ន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៣​ បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​មិត្ត​ភាព​យុវជន​អន្តរ​ក្រសួង​-ស្ថាប័ន​លើក​ទី​១ ឆ្នាំ​២០១៣​ នៅ​ទីលាន​បាល់​ទាត់​រ៉ាម៉ា​ហ្វូត​បល​ក្លិប ។​

រាជ​ធានី​ភ្នំពេញ ៖ លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៣​ បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​មិត្ត​ភាព​យុវជន​អន្តរ​ក្រសួង​-ស្ថាប័ន​លើក​ទី​១ ឆ្នាំ​២០១៣​ នៅ​ទីលាន​បាល់​ទាត់​រ៉ាម៉ា​ហ្វូត​បល​ក្លិប ។​

ពាន​រង្វាន់​បាល់​ទាត់​មិត្ត​ភាព​យុវជន​អន្តរ​ក្រសួង​-ស្ថាប័ន​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ស្មារតី​សាមគ្គី​ភាព​ មិត្ត​ភាព​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​យុវ​ជន​លេង​កីឡា​ ដើម្បី​សុខ​ភាព​ល្អ​មាំ​មួន​ទាំង​ផ្លូវ​កាយ​ ទាំង​ផ្លូវចិត្ត​ ទន្ទឹម​គ្នា​នឹង​ការ​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុង​ការ​បញ្ចេញ​នូវសមត្ថ​ភាព​ និង​ទេព​កោសល្យ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​កីឡា ។​

លោក​ ហ៊ុន ម៉ានី​ មានប្រសាសន៍​ថា​ ការ​ប្រកួត​កីឡា​នេះ​ជា​ការ​ផ្តល់​ឱកាស​ថ្មី​មួយ​ទៀត​ឱ្យ​យុវជន​មក​ពី​បណ្តា​ក្រសួង​-ស្ថាប័ន​នានា​ដែល​មាន​មុខ​ងារ​ និង​វិជ្ជា​ជីវៈ​ផ្សេង​គ្នា​ក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ជួប​ជុំ​គ្នា​ បង្កើត​ បង្កើន និង​ពង្រីក​ចំណង​មិត្ត​ភាព​ក្នុង​ចំណោម​យុវជន​ ព្រម​ទាំង​ស្វែង​យល់​ពី​គ្នាទៅ​វិញ​ទៅ​មក​ដើម្បី​ក្លាយ​ទៅ​ជា​បណ្តាញ​ទំនាក់​ទំនង​មួយ​​រួប​រួម​គ្នា​ក្នុង​​ការ​បង្កើត​បរិយាកាស​ស្និទ្ធ​ស្នាល​ ចេះ​អត់​ឱន​អធ្យាស្រ័យ​ និង​គោរព​គ្នាទៅ​វិញ​ទៅ​មក​ ទោះ​ក្នុង​លក្ខណៈ​ជា​បុគ្គល​ក្តី​ ជា​លក្ខណៈ​ក្រុម​ ឬ​ស្ថាប័ន​ក្តី​ ពោល​គឺ​សុទ្ធ​សឹង​ជាវត្ថុ​បំណង​ដ៏​ល្អ​ និង​សុច្ចរិត​នៃការរៀប​ចំ​ការប្រកួត​កីឡា​នេះ​ឡើង​ ។​

លោក​បញ្ជាក់​ថា​ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជឿ​ជាក់​ថា​ ការ​​លេង​កីឡា​របស់​យុវជន​ ក៏​នឹង​រួម​ចំណែក​ប្រើ​ប្រាស់​ពេល​វេលា​ទំនេរ​ពី​ការងាររបស់​ខ្លួន​មក​លេង​កីឡា​ ជាជាង​យក​ពេល​វេលា​ទៅ​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ណាមួយ។​ ក្នុងស្មារតី​នេះ​ហើយ​ដែល​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ពី​មុន​ជា​សមាគម​យុវជន​កម្ពុជា​ បានរៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​សុក​ឃ័រ​លីក​ឆ្នាំ​២០១២ ដែល​នាពេល​នោះ​ជាការប្រកួត​រវាង​ក្រុម​កីឡាករ​ដែល​មិន​មែន​ជាអាជីព​ ឬ​ជំនាញ​បាល់​ទាត់​ឡើយ​ ប៉ុន្តែ​គ្រាន់​តែ​បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​មួយ​ចំនួន​តាម​ភាព​អំណោយ​ផល​ជាក់​ស្តែង​នៃ​ពេល​វេលា​ ដែល​មាន​គោល​បំណង​តែ​មួយ​ដូចគ្នា​ទៅ​នឹង​ស្មារតី​នៃ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​មិត្ត​ភាព​ យុវជន​អន្តរ​ក្រសួង-​ស្ថាប័ន​នា​ពេល​នេះ​ផង​ដែរ។​

លោក​សង្ឃឹម​ថា​ តំណាង​កីឡាករ​ទាំង​៨​ស្ថាប័ន​ ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​មិត្ត​ភាព​យុវជន​អន្តរ​ក្រសួង-​ស្ថាប័ន​ នឹង​ចូលរួម​ប្រកួត​ដោយ​ក្តី​រីក​រាយ​ ប្រកួត​ប្រជែង​ឱ្យ​អស់​ពី​សមត្ថ​ភាពដោយ​សុច្ច​រិត​ភាព និង​​ភាព​អធ្យាស្រ័យ​ខ្ពស់ ៕​