រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះ សមាគម ICT Business Association បានចែកលិខិតពន្យល់ដល់រោងចក្រកាត់ដេរជាង៣០០នៅប្រទេសកម្ពុជាឱ្យមានការយល់ដឹងអំពីហានិភ័យលើទំនិញនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅអាមេរិក ពីព្រោះមានតែការរឹបអូស ឬឃាត់ទុកដោយមន្ត្រីពន្ធគយរបស់សហរដ្ឋអាមេរិក ប្រសិនបើទំនិញទាំងនោះត្រូវបានផលិតដោយក្រុមហ៊ុនដែលប្រើប្រាស់កម្មវិធីថតចម្លងមិនស្របច្បាប់ (Pirate Sofware) ។
នៅក្នុងលិខិតនោះបានឱ្យដឹងថា យោងតាមច្បាប់ UCA តម្រូវឱ្យរោងចក្រសហគ្រាស និងអ្នកនាំចេញទំនិញទាំងអស់ប្រើប្រាស់តែប្រព័ន្ធព័ត៌មានវិទ្យាដែលស្របច្បាប់ (legitimate IT) (រួមទាំង hardware និង Software) នៅក្នុងដំណើរការអាជីវកម្មរបស់ពួកគេ ។ ច្បាប់ថ្មីនេះមិនត្រឹមតែពិន័យអ្នកបំពានច្បាប់កម្មសិទ្ធិបញ្ញា (Intellectual Property Right) នោះទេ ប៉ុន្តែក៏សម្រាប់ការពារអ្នកនាំចេញទំនិញទៅកាន់សហរដ្ឋអាមរិកដោយស្របច្បាប់ផងដែរ ។
អ្នកស្រី Leap Kang មន្ត្រីថ្នាក់ខ្ពស់នៃក្រុមហ៊ុនច្បាប់ HML Law Firm បានបញ្ជាក់ថា UCA គឺជាឧបករណ៍ជំរុញការប្រកួតប្រជែងរបស់ក្រុមហ៊ុនដែលគោរពច្បាប់ ប៉ុន្តែក៏គំរាមកំហែងដល់ក្រុមហ៊ុនដែលមិនអាចសម្របបាននោះដែរ។ថ្វីបើច្បាប់នេះនៅថ្មី តែមានក្រុមហ៊ុនពីរ គឺក្រុមហ៊ុន PratibhaSyntex Ltd របស់ឥណ្ឌា និង Ningbo Beyond Home Textile Co., Ltd របស់ចិនត្រូវបានចោទប្រកាន់ និងរឹបអូសទំនិញដោយអាជ្ញាធរសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនទាំងពីរនេះ មិនត្រឹមតែខាតបង់ទំនិញ និងរងការពិន័យនោះទេ ប៉ុន្តែក៏បាត់បង់នូវកិត្តិស័ព្ទ និងអតិថិជនរបស់ពួកគេថែមទៀតផង ។
សភាពាណិជ្ជកម្មថៃ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ UCA រួចរាល់ហើយនៅក្នុងប្រទេសរបស់ពួកគេ ។ ដោយឡែក នៅប្រទេសកម្ពុជា មិនទាន់មានការយល់ដឹងអំពីច្បាប់នេះនៅឡើយទេ ។ ហេតុដូច្នេះហើយ សមាគម ICT Business Association ផ្តើមគំនិតក្នុងការផ្សព្វផ្សាយព័ត៌មានជួយដល់រោងចក្រកាត់ដេរនៅប្រទេសកម្ពុជា ។
វិស័យកាត់ដេរជាឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយអត្រានៃការប្រើប្រាស់កម្មវិធីលួចចម្លង គឺមានកម្រិតខ្ពស់ ។ ហេតុដូច្នេះហើយ នេះគឺជាហានិភ័យដែលអ្នកបញ្ជាទិញរបស់សហរដ្ឋអាមេរិកអាចបញ្ឈប់ការទិញទំនិញពីប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាប្រហែលជាមិនទាន់បានអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅឡើយទេ ប៉ុន្តែអាជ្ញាធរសហរដ្ឋអាមេរិក គឺបានអនុវត្តច្បាប់នេះយ៉ាងច្បាស់លាស់ អ៊ីចឹងហើយថ្ងៃណាមួួយ រោងចក្រនៅប្រទេសកម្ពុជា ដែលនាំចេញទំនិញទៅសហរដ្ឋអាមេរិកនឹងអាចជួបបញ្ហា នេះ ។ ប្រទេសកម្ពុជា បាននិងកំពុងនាំចេញផលិតផលដែលមានតម្លៃរាប់រយពាន់លានដុល្លារ ទៅសហរដ្ឋអាមរិកក្នុងមួយឆ្នាំៗ ហើយបានផ្តល់ការងាររាប់ម៉ឺននាក់ដល់ប្រជាជនខ្មែរ ដូច្នេះហើយសមាគម ICT Business Association ចង់ឱ្យរោងចក្រនៅក្នុងប្រទេសកម្ពុជា អាចបំពេញតម្រូវការស្របច្បាប់ ដើម្បីការពារអាជីវកម្មរបស់ពួកគេ ក៏ដូចជាវាសនាកម្មកររោងចក្រទាំងមូលផងដែរ ។
លោក Pily Wong នាយកនៃសមាគម ICT Business Association សង្ឃឹមថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងបន្តធ្វើ និងចូលរួមសកម្មភាពក្នុងការផ្សព្វផ្សាយព័ត៌មានទៅដល់រោងចក្រកាត់ដេរដែលជាសមាជិកឱ្យយល់ដឹងអំពីច្បាប់ UCA ដែលអាចនឹងប៉ះពាល់ដល់វិស័យកាត់ដេរនៅប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ