ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ត្រូវរន្ទះបាញ់ឆេះខ្លោចជើងទាំងពីរត្រឹមភ្លៅចុះក្រោម តែជីវិតថ្លៃមិនស្លាប់គ្រាន់តែរងរបួស ចំណែកក្មេងប្រុសស្រី២នាក់ផ្សេងទៀតនៅក្បែរគ្រាន់តែភ័យតក់ស្លុត ។ករណីរន្ទះបាញ់នេះកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៣ មិថុនា នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ កុមារីរងគ្រោះឈ្មោះ ស្រី រ័ត្ន អាយុ១០ឆ្នាំ រងរបួសជើងទាំងពីរត្រឹមភ្លៅ និងមុតរបួសសុះជើងដួលដេកនៅជិតអាងទឹកខាងក្រោយផ្ទះ ដោយសាររន្ទះបាញ់ ។
បើតាមស្រ្តីជាម្តាយបាននិយាយថា នៅមុនពេលកើតហតុ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ប្រហែល២០នាទីក្រោយមកក៏រាំងទៅវិញ ប៉ុន្តែនៅមិនទាន់ដាច់គ្រាប់នៅឡើយទេ ខណៈនោះកូននិងក្មួយរបស់គាត់បានចេញរត់លេងនៅមុខផ្ទះដោយ២នាក់រត់ទៅលេងក្បែរអាងទឹក ស្រាប់តែរន្ទះភ្លើងបានបាញ់លាន់កក្រើកដី ពេលគាត់ក្រឡេកទៅឃើញកូនស្រីដួលដេកស្តូកនៅជិតអាងទឹកខាងក្រោយផ្ទះ ។ ដោយឡែកក្មួយស្រីម្នាក់ឈ្មោះ មុំ ស្រីស អាយុ១១ឆ្នាំ ឈរក្បែរគ្នា ភ័យញ័រខ្លួន និងកូនប្រុសរត់ចូលក្នុងផ្ទះ ។ ភ្លាមៗគាត់ក៏រត់ទៅលើកកូនស្រីឡើងឱបរត់ចូលក្នុងផ្ទះ បន្ទាប់មកក៏ស្រែកហៅអ្នកជិតខាងឱ្យមកឌុបតាមម៉ូតូទៅកាន់គ្លីនិកឯកជនដើម្បីសង្គ្រោះ ។ ស្ត្រីដដែលបន្តថា ស្របពេលជាមួយគ្នានេះកូនប្រុសតូចអាយុ៣ឆ្នាំដែលដេកក្នុងអង្រឹងក្រោមផ្ទះក៏ត្រូវរន្ទះបាញ់បែកជើងតាងជាពីរដែរតែពុំមានត្រូវរបួសអ្វីទេ គ្រាន់តែគេបានភ័យយំគាំង ហើយនៅពេលអ្នកស្រុកជូយពរ និងលួងយូរៗទៅទើបបាត់យំ ។
ក្នុងហេតុការណ៍នេះរន្ទះបានបាញ់ត្រូវក្មេងស្រីម្នាក់ និងលំនៅឋានត្រូវជើងតាងបែកជាពីរ និងត្រូវជញ្ជាំងផ្ទះខាងក្រៅ១កន្លែង ជញ្ជាំងក្នុងបន្ទប់ផ្ទះបាយ២កន្លែងឆេះខ្លោចព្រីភ្លើង និងខ្សែភ្លើង ។ ដោយឡែកផ្ទះមួយទៀតនៅខាងជើងគ្នាក៏ឆេះបារ៉ែតភ្លើងអស់ គ្រាន់តែពុំមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទេ ។ប្រភពព័ត៌មានដាច់ដោយឡែកមួយទៀត នៅឃុំក្រោលគោ ស្រុកស្វាយជ្រំឯណោះវិញភ្លៀងខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យរលំផ្ទះអស់ចំនួន៦ខ្នង កាលពីថ្ងៃទី២ មិថុនា ២០១៣ ម៉ោង៤រសៀលនេះ ពិតជាគ្រោះធម្មជាតិដ៏អាក្រក់មិនធ្លាប់កើតមានពីមុនមក ៕
ចែករំលែកព័តមាននេះ