ខេត្តកំពត ៖ រោងចក្រស៊ីម៉ងត៍ចក្រីទីងកំពត ដែលកសាងតាំងពីសម័យសង្គមរាស្ត្រនិយមនៅឆ្នាំ១៩៦២ ហើយត្រូវបានខូចខាតដោសារសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ។ លុះពេលប្រទេសជាតិធ្លាក់ក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហមប៉ុលពត រោងចក្រស៊ីម៉ងត៍នេះត្រូវបានខូចខាត និងលែងដំណើរការទាំងស្រុង ។ ប៉ុន្តែក្រោយថ្ងៃ៧មករា ១៩៧៩ រោងចក្រនេះក៏ត្រូវបានក្រុមហ៊ុនមួយចំនួនមកបណ្តាក់ទុនវិនិយោគ រុះរើអគារចាស់ឌ្រុឌទ្រោម និងគ្រឿងបន្លាស់ចាស់ៗចេញទាំងអស់ ហើយនៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុកបានចាប់ដៃគ្នា ចាប់ផ្តើមកសាងជាថ្មីឡើងវិញ ។
នៅរសៀលថ្ងៃទី២ មិថុនា លោក ខូយ ឃុនហ៊ួរ អភិបាលខេត្ត បានដឹកនាំប្រតិភូ មានប្រធានមន្ទីរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំមន្ទីរសា្ថាប័ននានា ជុំវិញខេត្តមួយចំនួនបានចុះទៅសួរសុខទុក្ខដល់កម្មករ-កម្មការិនី និងអ្នកបច្ចេកទេសរបស់ក្រុមហុ៊នសំណង់ចិនសរុបជាង៤០០នាក់ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីខ្មែរ លោក ខូយ ឃុនហ៊ួរ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកៀរគរអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅក្នុងស្រុកយើង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរយើងមានការងារធ្វើគ្រប់ៗគ្នាដើម្បីផ្គត់ផ្តង់ជីវភាពរស់នៅកាន់តែប្រសើរឡើង និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ។
ជាមួយគ្នានោះ លោកក៏បានរំលឹកដល់កម្មករ-កម្មការិនីខ្មែរថា នៅពេលនេះបងប្អូនកំពុងតែមានការងារធ្វើយើងមានប្រាក់តម្លៃពលកម្មសមស្របតាមជំនាញរបស់បងប្អូនសមល្មមនឹងផ្គត់ផ្គង់ជីវភាពឱ្យបានសមរម្យមួយកម្រិតហើយ ដូច្នេះបងប្អូនត្រូវតែចេះសាមគ្គីគ្នា សហការគ្នាទៅវិញទៅមករវាងកម្មករនិងថៅកែ ពីព្រោះការងារទាំងនេះគឺជាឆ្នាំងបាយរបស់យើង រីឯថៅកែក៏គេគោរពច្បាប់ការងារដែរ កត្តាទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ។
លោកបន្តទៀតថា សូមបងប្អូនកុំជឿតាមការញុះញង់របស់ជនខិលខូចមួយចំនួនដែលធ្វើឱ្យរាំងស្ទះដល់ការងាររបស់ក្រុមហ៊ុនក៏ដូចជាខាតពេលវេលាការងាររបស់បងប្អូនន និងធ្វើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធពិបាកក្នុងការដោះស្រាយ ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ លោក ខូយ ឃុនហ៊ួរ បានឧបត្ថម្ភថវិកាដល់កម្មករ-កម្មការិនីជាង៤រយនាក់ ក្នុងម្នាក់ៗទទួលបានថវិកាមួយមុឺនរៀល ។ ក្រោយមកប្រតិភូទាំងអស់បានចុះពិនិត្យជើងគ្រឹះសំណង់ដែលកំពុងកសាងតាមបច្ចេកទេសរបស់អ្នកជំនាញចិនយ៉ាងទំនើបនៅក្នុងបរិវេណរោងចក្រស៊ីម៉ងត៍ចក្រីទីងកំពតទាំងមូល ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូរ ៕
ចែករំលែកព័តមាននេះ