ខេត្តកំពង់ធំ ៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោក្រុមទី 78C ដែលចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅឃុំគោល ស្រុកប្រាសាទសំបូរ បាននាំយកអំណោយរបស់សម្តេចតេជោទៅចែកជូនពលរដ្ឋក្រីក្រចំនួន១០០នាក់មកពី១១ភូមិ និងសិស្សានុសិស្សចំនួន២៥០នាក់នៅក្នុងសាលាបឋមសិក្សាអូរតាសៀវ ឃុំគោល កាលពីថ្ងៃទី១ មិថុនា ដែលជាថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ។ ពិធីចែកអំណោយនេះបានប្រារព្ធធ្វើក្រោមអធិបតីលោកសុខ លូ អភិបាលរងខេត្ត ។
លោកជា ថា មេឃុំគោលបានថ្លែងស្វាគមន៍ចំពោះវត្តមានលោកសុខ លូ អភិបាលរងខេត្តដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងពិធីនេះ ។ ចំណែកតំណាងក្រុមយុវជនស្ម័គ្រចិត្តបានថ្លែងថា ទាំងអស់នេះគឺក្រុមយុវជនទី 78C ធ្វើទៅតាមអនុសាសន៍ និងការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន បើប្រជាពលរដ្ឋជួបការលំបាក សូមឱ្យកូនៗចែករំលែក និងចេះជួយទុក្ខធុរៈរួមសុខរួមទុក្ខជាមួយពួកគាត់ ទើបស័ក្តិសមជាកូនដ៏ល្អ ជាវីរយុវជនរបស់សម្តេចតេជោពិតៗ ។ អំណោយទាំងនោះរួមមាន ពលរដ្ឋវ័យចំណាស់ចំនួន១០០នាក់ ម្នាក់ៗទទួលបានសារុង១ មី៣កញ្ចប់ ត្រីខ១កំប៉ុង អង្ករ៣គីឡូក្រាម និងថវិកា៥.០០០រៀល ។ សិស្សានុសិស្ស២៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិក១ ខ្មៅដៃ១ និងថវិកា២.០០០រៀល។
លោកសុខ លូ បានមានមតិសំណេះសំណាលថា យើងទាំងអស់គ្នានេះមានសំណាងណាស់ដែលបានរស់នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃ តែងតែឈ្វេងយល់ដឹងនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង យើងបានឃើញច្បាស់នឹងភ្នែកទាំងអស់គ្នាហើយ បើសម្តេចដឹងថាប្រជាពលរដ្ឋអត់ដី ចែកដីឱ្យ អត់ផ្ទះ សង់ផ្ទះឱ្យ អ៊ីចឹងហើយនៅថ្ងៃទី២៨ កក្កដាខាងមុខនេះ កុំភ្លេចទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ជាចុងក្រោយ លោកបានចំណាយថវិកាផ្ទាល់ខ្លួនជូនចាស់ៗក្នុងម្នាក់ៗទទួលបាន១០.០០០រៀលបន្ថែមពីលើអំណោយរបស់ក្រុមយុវជនស្ម័គ្រចិត្ត ៕
ចែករំលែកព័តមាននេះ