ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អឺរ៉ុប​នឹង​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រុម​វិនិយោគិន​មក​ពី​អឺរ៉ុប នឹង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​ច្រើន​ថែម​ទៀត ដោយសារ​តែ​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រុម​វិនិយោគិន​មក​ពី​អឺរ៉ុប នឹង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​ច្រើន​ថែម​ទៀត ដោយសារ​តែ​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ។

ថ្លែង​នៅ​ក្នុង​វេទិកា​ស្តី​ពី​ពន្ធដារ ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប (EUROCHAM) កាលពី​ថ្ងៃ​ទី​២៥ ខែតុលា កន្លង​មក​លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា តាម​រយៈ​ការ​កែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ​របស់​អគ្គនាយក​ដ្ឋ​នា​ពន្ធដារ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អឺរ៉ុប ។ លោក​បន្ដ​ថា ៖« ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ពង្រីក​នូវ​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ប្រកបដោយ​តម្លាភាព ស័​ក្ត​សិទ្ធ​ភាព និង​សមធម៌ ក្នុង​ចំណោម​សហគ្រាស​ទាំងឡាយ ទាំង​សហគ្រាស​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ​ជាដើម គឺជា​កត្តា​ជំរុញ​ឲ្យ​វិនិយោគិន​មក​ពី​អឺរ៉ុប​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា »​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ប្រមាណ​៥០០ បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ផ្សេង​ៗ ហើយ​ពួក​គេ​ភាគច្រើន​មក​ពី​បារាំង អុ​ី​តា​លី និង​អា​ល្លឺ​ម៉​ង់​ជាដើម ។

គួរ​រំឭក​ផង​ដែរ កាលពី​ពេល​ថ្មី​នេះ ក្រុម​អ្នក​វិនិយោគ​មក​ពី​អឺរ៉ុប​មួយ​ក្រុម​បាន​មក​ស្វែងរក​ចាប់​ដៃគូ​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ។ ថ្លែង​នា​ឱកាស​នោះ លោក Christian Puchher នាយក​ប្រចាំ​ទ្វីបអាស៊ី​នៃ​សណ្ឋាគារ​Hilton បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​វិនិយោគ​លើ​សណ្ឋាគារ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នៅ​ប្រទេស​កម្ពុជា ។ លោក​បន្ដ​ថា ៖« ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ភ្ញៀវ​ទេសចរ​និង​អ្នកជំនួញ បរទេស​ជា​ច្រើន ត្រូវ​បាន​ទាក់ទាញ​មក​កាន់​ប្រទេស​កម្ពុជា »​។

លោក Kevin Beauvais ស្ថាបនិក និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Invision Hospitality បាន​ឲ្យ​ដឹងផង​ដែរ​ថា លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ប្រទេស​កម្ពុជា ហើយ​រីករាយ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ក្នុង​តំបន់ ។ លោក​បន្ត​ថា ៖« ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា យើង​នឹង​វិនិយោគ​នៅ​ទី​នេះ​នា​ពេល​អនាគត »​។

ចំណែក​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Savills Hotels លោក Mauro Gasparotti បាន​ថ្លែង​ផង​ដែរ​ថា ភាព​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា នឹង​ជំរុញ​នូវ​ការ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​នា​ថ្ងៃ​អនាគត ដែល​នាំ​មក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន »​។ លោក​បន្ត​ថា ៖« ការ​ប្រើប្រាស់​សក្តានុពល​របស់​ប្រទេស ដែល​មាន​ប្រវត្តិសាស្ត្រ​វប្ប​ធ៌​ម​ដ៏​រឹង​មាំ និង​ផ្តល់​នូវ​តំបន់​បេ​តិក​ភ័​ណ្ឌ​ដ៏​សម្បូរ​បែប យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រទេស​កម្ពុជា​អាច​ដើរ​តាម​គន្លង​ប្រទេស​ថៃ និង​វៀតណាម ដើម្បី​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ