រាជធានីភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ២នាក់បានសម្រេច រួចជិះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមចាប់បាន និងដកហូតម៉ូតូមកវិញ កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី២៧ តុលា នៅតាមផ្លូវលេខ២៧១ ទល់មុខខ្លោងទ្វារផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ម្ចាស់ម៉ូតូឈ្មោះ កាន់ ចន្នី អាយុ២៤ឆ្នាំ ជាកម្មករលាបថ្នាំ ស្នាក់នៅភូមិនិមិត្ត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ រង រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករលាបថ្នាំដូចគ្នា ស្នាក់នៅផ្ទះជួលម្តុំពោធិ៍ចិនតុង សង្កាត់កាកាប១ ខណ្ឌពោធ៍សែនជ័យ ជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគីឡែត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ កំពង់ស្ពឺ១L-៣១១៩ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ពួកគេជិះម៉ូតូតាមផ្លូវលេខ២៧១ ពីខាងកើតទៅខាងលិច ដោយឈ្មោះ កាន់ ចន្នី ជាអ្នកបើក ។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែមានជនមានជន៣នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ១FU-៦៧៥៨ តាមពីក្រោយមកកៀក
រួចយកខ្សែក្រវាត់វាយពួកគេបណ្ដាលឲ្យដួលម៉ូតូ។ ប្រភពព័ត៌មានឲ្យដឹងទៀតថា ភ្លាមៗនោះជនសង្ស័យទាំង៣នាក់នោះក៏ចុះមកវាយពួកគេដោយនឹងដៃបន្ថែមទៀត បណ្តាលឲ្យឈ្មោះ រងរស្មី ភ័យរត់ចោលម៉ូតូបាត់ស្រមោល នៅសល់តែម្ចាស់ម៉ូតូក៏ធ្វើការប្រវាយប្រតប់ជាមួយជនសង្ស័យ។
ខណ:កំពុងមានភាពរញ៉េរញ៉ៃនោះ ក៏មានជនសង្ស័យម្នាក់ក្នុងចំណោមទាំង៣នាក់ បានលើកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួន ។ ក្នុងពេលនោះដែរ នគរបាលប៉ុស្តិ៍ទំនប់ទឹកមកដល់ក៏ឃាត់ខ្លួនទាំងជនសង្ស័យនិងម្ចាស់ម៉ូតូ សរុប៣នាក់នៅកន្លែងកើតហេតុយកទៅសាកសួរនៅប៉ុស្តិ៍ ។
ជាមួយនេះ នគរបាលប៉ុស្តិ៍ទំនប់ទឹកដោយកំណត់បានភិនភាគជនសង្ស័យដែលយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួន ក៏ដេញតាមតាំងពីចំណុចកើតហេតុមុខខ្លោងទ្វារផ្សារទំនើបសុវណ្ណា រហូតទៅដល់វិថីព្រះស៊ីសុវត្ថិជិតព្រះអង្គដងកើ ជនសង្ស័យក៏ផ្តួលម៉ូតូចោលរួចរត់គេចខ្លួនបាត់ស្រមោលយកបានតែម៉ូតូមកវិញ ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីវាយប្លន់យកម៉ូតូដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមាន២នាក់ ដែលម្នាក់ឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ ទុន ភារក្ស ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លាដែរ ។ ចំណែកម្នាក់ទៀតដែលរត់គេចខ្លួនរួចនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណទេ ៕
ចែករំលែកព័តមាននេះ