រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្ពុជាបានកំពុងបោះជំហានទីមុខដោយភាពជឿជាក់បំផុត នៅលើជោគវាសនាដោយខ្លួនឯង តែកម្ពុជាក៏មិនបោះបង់ចោលដៃគូអភិវឌ្ឍន៍ ដៃគូដែលមានភាពស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកដែរ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា (ADB)កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨កន្លងមក ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ដថា សមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជានាពេលកន្លងមក ក្រៅពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ កម្ពុជាក៏ទទួលបាននូវភាពជោគជ័យ ក្នុងចំណោមប្រទេសល្អដាច់គេទាំង១០ទូទាំងសកលោក ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងត្រូវបានចាត់ចូលជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោកបន្តថា ៖« លទ្ធផលជាផ្លែផ្កានេះ បានកើតឡើងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត ប្រាកដនិយម ពោពេញទៅដោយភាពក្លាហាន និងគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានធ្វើឲ្យកម្ពុជាចាប់ប្រកាន់យកនូវការកែទម្រង់ជាបន្តបន្ទាប់ឥតងាកថយ »។
ការជឿជាក់នេះ ស្របពេលនឹងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងផលទុនជាតិសរុប ដោយបច្ចុប្បន្នកម្ពុជាមានលទ្ឋភាពចំណាយចរន្តដោយខ្លួនឯង និងមានលទ្ឋភាពចំណាយវិនិយោគសាធារណៈ២ភាគ៣ដោយខ្លួនឯង ។
លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺបានលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នសាធារណៈគ្រប់ថ្នាក់។ ការយកចិត្តទុកដាក់ពង្រឹង និងកែលម្អជាប់ជាប្រចាំ តាមរយៈការបន្តជំរុញអនុវត្តយ៉ាងសកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធ្វើឲ្យឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោកបណ្ឌិតបញ្ជាក់ថា ៖« ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបជិត២៥០លានដុល្លារអាមេរិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ កម្ពុជានឹងយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធ ភាព ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់បន្ថែមទៀត ដើម្បីរក្សាឲ្យបានពីការជឿទុកចិត្តរបស់ប្រជាជនកម្ពុជា និងដៃគូអភិវឌ្ឍន៍ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង »៕
ចែករំលែកព័តមាននេះ